ក្រុងស៊ីដនី: យោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​ចាប់​ផ្ទៃ​អ្នក​ម្ដាយ​កើតរោគ​ស្ដ្រេស​អំឡុងពេល​មានគភ៌ អាច​ធំ​ដឹង​ក្ដី​ដោយ​មាន​កម្រិត​មេជីវិត​ទាប​។ ចំនួន និង​គុណភាព​នៃ​មេជីវិត​ត្រូវ​បាន​រកឃើញ​ថា​មាន​កម្រិត​ទាប​ចំពោះ​បុរស​ពេញវ័យ​ដែល​ទទួលរង​នូវ​ឥទ្ធិពល​ស្ដ្រេស​ពី​ម្ដាយ​កាលពី​នៅក្នុង​ផ្ទៃ​។

ក្រុម​អ្នកជំនាញ​បារម្ភ​ថា ជំងឺស្ដ្រេស​របស់​ម្ដាយ​ដែល​អាច​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​របស់​ខ្លួន​អាច​បន្ថែម​ទម្ងន់​បន្ទុក​បញ្ហា​សុខភាព​ដែល​អាច​ធ្វើឲ្យ​បុរស​ខ្សោយ​មេជីវិត​។

ការស្រាវជ្រាវ​របស់​ពួកគេ​បាន​រកឃើញ​ថា ការរាប់​ចំនួន​មេជីវិត​នៅ​ទូទាំង​តំបន់​បស្ចិមប្រទេស​មាន​ការធ្លាក់ចុះ​ដោយ​ចុះ​ជិត ៦០ ​ភាគរយ​នៃ​ចំនួន​មេជីវិត​មធ្យម​លើ​រយៈពេល​ជាង ៤០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​អូស្ដ្រាលី​ខាង​លិច​បាន​សិក្សា​លើ​គុណភាព​មេជីវិត​បុរស ៦៤៣ រយៈពេល ២០ ​ឆ្នាំ​។

ស្របពេល​ចំនួន​មេជីវិត និង​អ័រម៉ូន​តេស្ដូ​ស្ទើរ៉ុន ធ្លាក់​ចុះ​កូនប្រុស​របស់​អ្នក​ម្ដាយ​កើត​រោគ​ស្ដ្រេស​ក៏​ធ្វើឲ្យ​មេជីវិត​លំបាក​បំផ្លាស់ទី​រហូត​ដល់ ១២ ភាគរយ​ផងដែរ​។ នោះ​មាន​ន័យ​ថា​កោសិការ​សិច​ពិបាក​នឹង​ហែល​ទៅ​ចាប់​ស៊ុត​ញី​។

អ្នកនិពន្ធ​ការសិក្សា សាស្ដ្រាចារ្យ រ៉ូជ័រ ហាត បាន​បង្ហាញ​ថា​៖ «​ការទទួល​រង​នូវ​ឥទ្ធិពល​ពី​ម្ដាយ​ចំពោះ​រោគ​ស្ដ្រេស​តាំងពី​ក្នុង​ផ្ទៃ​ដែល​ជា​រយៈពេល​ដ៏ងាយ​រងគ្រោះ​សម្រាប់​ការអភិវឌ្ឍ​សរីរៈ​បន្ដ​ពូជ​របស់​បុរស​អាច​ជា​ការរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពេញ​មួយជីវិត​ចំពោះ​បញ្ហា​មេជីវិត​»​។

ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​វិទ្យាសាស្ត្រ​ស្ដីពី​ការបន្ដ​ពូជ​របស់​មនុស្ស​៕ HR