
ភ្នំពេញ:ក្នុងចំណោមកន្លែងលក់ថ្នាំពេទ្យព្រោងព្រាតនៅរាជធានីភ្នំពេញ ឱសថស្ថាន វេស្ទើន ហ្វាម៉ាស៊ី (Western Pharmacy) មួយទើបនឹងបើកថ្មីនៅម្ដុំវិទ្យាល័យបាក់ទូក មានបណ្ឌិតផ្នែកឱសថសាស្ត្រដែលជាកូនខ្មែរអាមេរិកាំងជាជំហរនៅ ទីនោះ។
ធំធាត់នៅទឹកដីអាមេរិកតាំងពីអាយុ១៣ឆ្នាំលោក ជា វិរៈ ដែលជានិស្សិតបរិញ្ញាបត្រជីវវិទ្យា នៅសាកលវិទ្យាល័យ សាន់ឌីហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកឱសថសាស្ត្រ ឯរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក។
អំឡុងពេលជានិស្សិត លោក វីរៈ គឺជាអ្នកស្ម័គ្រចិត្តឈរលក់ថ្នាំពេទ្យម្នាក់ មុននឹងក្លាយជាអ្នកបច្ចេកទេសថ្នាំពេទ្យនិងអ្នកគ្រប់គ្រងផ្នែក ថ្នាំពេទ្យនៅក្នុង ឱសថស្ថាននៅទឹកដីអាមេរិក។
ប្រមាណជា១៣ឆ្នាំ ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានសម្រេចចិត្តមកទឹកដីកំណើត ដើម្បីបើកឱសថស្ថានមួយតាមស្ដង់ដារអាមេរិក ដែលគិតមកទល់ពេលនេះអាជីវកម្មរបស់លោកដំណើរការបាន៦ខែហើយ។
លោក ជា វីរៈ ដែលជានាយកគ្រប់គ្រងប្រចាំតំបន់ បានរៀបរាប់ទៀតថា៖ «កាលនោះខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំ នឹងមកបើកឱសថស្ថាននៅស្រុកខ្មែរឲ្យមានស្តង់ដារល្អ ហើយមិត្តភកិ្តរបស់ខ្ញុំគ្រប់គ្នាបាននិយាយថា ហេតុអីបានជាខ្ញុំមកបើក ឱសថស្ថាននៅស្រុកខ្មែរអ៊ីចឹង ព្រោះទីផ្សារស្រុកខ្មែរខាងផ្នែកហ្នឹងគឺវាលំបាកមែនទែន។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា ឱសថស្ថានស្រុកយើងគឺនៅមានកម្រិត ហើយភាគច្រើនស្តង់ដាររបស់គាត់ជាលក្ខណៈគ្រួសារតពីឪពុកម្តាយ គាត់តាំងពីយូរហើយ»។
លោកបានពន្យល់ពីលក្ខណៈស្ដង់ដាររបស់ ឱសថស្ថានរបស់លោកយ៉ាងដូច្នេះថា៖ «បានជាខ្ញុំថា ឱសថស្ថានដែលខ្ញុំបើកត្រូវតាមស្តង់ដារគឺទីមួយសេវាកម្មរបស់ យើងគុណភាព និងអ្នកពិភាក្សាផ្តល់ព័ត៌មានដល់ភ្ញៀវ ហើយសម្រាប់សេវាកម្មវិញគឺយើងមានការសួរនំា កត់ឈ្មោះថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទរបស់ភ្ញៀវ សួរនំាថារាងកាយរបស់អ្នកជំងឺធ្លាប់មានប្រតិកម្មនឹងសារធាតុ អ្វីខ្លះ។ យើងនឹងបញ្ចូលព័ត៌មាននោះក្នុងប្រព័ន្ធកម្មវិធីរបស់យើង និងរក្សាការសម្ងាត់ជូនភ្ញៀវ លើកលែងតែសាមីខ្លួនអនុញ្ញាត»។
សម្រាប់ ភ្ញៀវដែលយកវេជ្ជបញ្ជាមកទិញថ្នាំពីឱសថស្ថានរបស់លោក នឹងទទួលបានកញ្ចប់ថ្នាំមានបិទក្រដាសពីប្រភេទថ្នាំ កាលបរិច្ឆេទពីកំណត់ប្រើប្រាស់ ចំនួនដង ពេលវេលានៃការលេបថ្នាំក្នុងមួយថ្ងៃ ឈ្មោះអ្នកជំងឺ និងលេខទូរស័ព្ទរបស់ឱសថស្ថានជាដើម។
លោកបានឲ្យដឹងទៀតថា ការបិទក្រដាសព័ត៌មានបែបនេះមិនមែនជារឿងអ្វីថ្មីទេ ខណៈដែលនៅប្រទេសថៃសិង្ហបុរី អាមេរិកបានអនុវត្តជាយូរមកហើយ លើកលែងតែនៅប្រទេសកម្ពុជាដែលកម្រនឹងឃើញ។
លោកបាននិយាយថា៖ «សម្រាប់ខ្ញុំគឺរាល់ថ្នាំដែលចេញទៅឲ្យភ្ញៀវគឺត្រូវតែមានស្ទិកឃើបិទនៅលើថ្នាំឲ្យភ្ញៀវហើយយើងនឹងពន្យល់ណែនំាបន្ថែមពីរបៀប ប្រើប្រាស់ថ្នាំនៅពេលណា ប៉ុន្មានដងក្នុងមួយថ្ងៃ ហើយថ្នាំហ្នឹងពេលលេបទៅអាចធ្វើឲ្យយើងរាក ឬមួយក៏ធីងធោង ប៉ុន្តែវាមិនប៉ះពាល់អីទេ។ យើងក៏ណែនំាពីកន្លែងទុកថ្នាំជាដើម»។
ឱសថស្ថានរបស់លោកក៏មាន ផ្ដល់ការវាស់សម្ពាធឈាម មើលកម្រិតជាតិស្ករក្នុងឈាម និងការពិនិត្យណែនាំពីសុខភាពទូទៅឥតគិតថ្លៃផងដែរ។
យោងតាម លោក ជា វីរៈ ថ្នាំដែលលក់នៅក្នុងឱសថស្ថានរបស់លោកនាំចូលពីប្រទេសអង់គ្លេស អាមេរិកបារាំងអូស្ត្រាលី និងថ្នាំដែលចែកចាយនៅក្នុងប្រទេសកម្ពុជាពីក្រុមហ៊ុន DKSH ជាដើម ដែលត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ។
ឱសថស្ថានក៏មានលក់វិតាមីន និងគ្រឿងសម្អាងពីអាមេរិក និងអង់គ្លេសផងដែរ ដោយមានអាសយដ្ឋានលេខ D3 ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ទំនាក់ទំនងទូរស័ព្ទលេខ០២៣៨៨ ៣៦៦៤៕