ក្រុងញូវយ៉ក: ការថែទាំ​ទារក​ទើប​ប្រសូត​ស្មើ​នឹង​បញ្ហា​កង្វះ​ដំណេក​ចំពោះ​ខ្លួនឯង​។ ប៉ុន្ដែ​អ្នកវិទ្យាសាស្ដ្រ​បាន​ព្រមាន​ថា ឪពុក​ដែល​គេង​ច្រើន​អាច​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ដ និង​មាន​អារម្មណ៍​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​។

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នកម្ដាយ​ដែល​ឆ្លៀត​ធ្មេចភ្នែក​គេង ទំនង​ជា​អាច​ផ្ដល់​ភាពស្រស់​បំព្រង​ឲ្យ​ខ្លួនឯង តែ​ឪពុក​ហ៊ាន​តែ​ធ្វើ​បែប​នេះ​ដែរ នឹង​ក្លាយ​ជា​ការកាត់បន្ថយ​ទំនាក់ទំនង​ល្អ​រវាង​ឪពុក និង​កូន​ទៅ​វិញ​។

អ្នក​ទើប​ក្លាយ​ជា​ឪពុកម្ដាយ​គេ​ថ្មោងថ្មី​ត្រូវ​បាន​រកឃើញ​ថា បាន​បង្កើន​កម្រិត​ស្ដ្រេស​ស្មុគស្មាញ​ខ្ពស់​។

ប៉ុន្តែ​លទ្ធផល​បាន​បង្ហាញ​ថា រវាង​អ្នក​ម្ដាយ និង​ឪពុក​ថ្មី​មាន​ភាព​ខុសគ្នា​លើ​បញ្ហា​ដំណេក​។

បុរស​ជា​ឪពុក​ថ្មោងថ្មី​ត្រូវ​បាន​គេ​រកឃើញ​ថា​ទទួល​នូវ​បទពិសោធ​សុខុមាលភាព​កាន់តែ​ប្រសើរ​ព្រម​ទាំង​មាន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ជាមួយ​តំណក់ឈាម​ខ្លួនឯង ពេល​ពួកគេ​ចំណាយ​ពេល​លង់លក់​តិច​។

ក្រុម​អ្នកស្រាវជ្រាវ​ជឿ​ថា អ្នក​ម្ដាយ​ថ្មោងថ្មី​ទំនង​ជា​ងាយ​រង​ផលប៉ះពាល់​ចំពោះ​បញ្ហា​ដំណេក​ដោយសារ​កម្រិត​ស្ដ្រេស​ដ៏ខ្ពស់ និង​ធម្មជាតិ​សុខុមាលភាព​មិន​ទៀងទាត់​របស់​ពួកគេ​។

ពួកគេ​បាន​បន្ថែម​ថា ឪពុក​ដែល​គេង​ច្រើន​ពេក​អាច​លំបាក​ក្រោក​ពី​គ្រែ​ដោយសារ​ជំងឺ​ធ្លាក់ទឹក​ចិត្ដ ខណៈ​អ្នកម្ដាយ​មាន​ភាពបត់បែន​តិចតួច​ជាង​ចំពោះ​ម៉ោង​ដំណេក​របស់​ពួកគេ​។

ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​ភេនស៊ីលវេនៀ និង​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត ម៉ាក ហ្វែនប៊ឺក សាស្ដ្រាចារ្យ​ស្រាវជ្រាវ​ផ្នែក​ការអភិវឌ្ឍ​សុខុមាលភាព​មនុស្ស​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើការ​វិភាគ​លើ​បុរស ១៤០ ​នាក់​រយៈពេល ១០ ខែ​ក្រោយពី​សម្រាល​កូន​៕ HR