អ្នកជំនាញជឿថា ប្រភេទខោក្នុងអាចប៉ះពាល់ដល់សុខភាពអ្នកស្លៀក និងជាដើមចមនៃបញ្ហាជាច្រើនចាប់ពីអាលែរស៊ីរហូតដល់ការបន្ដពូជ និងការឈឺផ្សា។ ខាងក្រោមនេះគឺជាការលាតត្រដាងរបស់អ្នកជំនាញស្ដីពីការជ្រើសរើសខោក្នុងរបស់បុរសប្រភេទណាដែលសមចំពោះសុខភាព។
ចៀសវាងខោក្នុងធ្វើពីសូត្រ
ដើម្បីការពារ ឬកាត់បន្ថយបញ្ហា យើងតែងតែណែនាំបុរសឲ្យស្លៀកខោលីអូផលិតពីក្រណាត់ងាយស្រូបទឹក ដូចជា កម្បាសដែលនឹងសម្ងួតញើស និងជូតសម្អាតពីស្បែក។
ក្រណាត់ស្រូបទឹកតិច ដូចជា សូត្រ នីឡុង អាចបង្កើនបញ្ហាទ្វេដង ជាពិសេសខោនោះចង្អៀត និងរឹបផ្អឹបពងស្វាស វារឹតតែនាំឲ្យមានការបែកញើស កកើតជាបាក់តេរី និងផ្សិត។
ខោក្នុងរឹបបំបាត់ការឈឺផ្សា
បុរសអាចមានអារម្មណ៍រមាស់ និងឈឺផ្សាក្នុងម្ដុំស្បែកស្រោបគ្រាប់ឃ្លីដោយមិនដឹងមូលហេតុ។ អ្នកខ្លះតែងតែជួបបញ្ហានេះក្រោយពីបញ្ចេញទឹកកាម ឬក្រោយពីអង្គុយបើកឡានយូរពេកជាដើម។ ការស្លៀកខោលីអូរឹបក្បឺតអាចជួយកែកុនបញ្ហា បើទោះបីវិធីនេះវាមិនមានប្រសិទ្ធភាពចំពោះបុរសគ្រប់រូបក៏ដោយ។
អាលែរស៊ីជាមួយនឹងខោ
កៅស៊ូនៅក្នុងចង្កេះខោធ្វើឲ្យមនុស្សជាច្រើនកើតជំងឺអាលែរស៊ី។ ពណ៌ខោទ្រនាប់ក៏បង្កបញ្ហាជាច្រើនផងដែរ។ សមាសធាតុ PPD ដែលប្រើជ្រលក់ពណ៌ខ្មៅគុណភាពអន់ តម្លៃថោក អាចបង្កឲ្យកើតអាលែរស៊ី។ ដូច្នេះ ត្រូវជ្រើសរើសខោយីហោល្អៗ។
ប្រភេទខោស្លីបជួយបន្តពូជ
មេជីវិតត្រូវបានផលិតក្នុងពងស្វាសមានសីតុណ្ហភាពក្រោម ៣៥ អង្សាសេ ឬយ៉ាងតិចជាងកម្ដៅរាងកាយ២ ឬ ៣ អង្សាសេ។ បុរសមិនគួរស្លៀកខោតឹងចង្អៀតដោយប្ដូរមកប្រើខោធូររលុង ឬម៉ូដខោអ្នកប្រដាល់ដើម្បីរក្សាពងស្វាសឲ្យត្រជាក់ល្មម។
ត្រូវប្ដូរខោទ្រនាប់រាល់ថ្ងៃ
ការស្លៀកខោទ្រនាប់ផ្អាប់ច្រើនថ្ងៃ ផ្ដល់ឲ្យឱកាសពពួកផ្សិតរស់នៅបង្កបញ្ហាមួយចំនួន ដូចជា ជ្រាំង និងក្លិនស្អុយ។ ការពិតគឺថា បុរសមានញើស និងរមែងអេះជារឿយៗ។ ដូច្នេះវាគឺជាការផ្ដល់ឱកាសឲ្យបាក់តេរីវាយប្រហារ។ ការងូតទឹកសម្អាតកាយរាល់ថ្ងៃមិនគ្រប់គ្រាន់ទេ ពោលគឺចាំបាច់ត្រូវតែប្ដូរខោទ្រនាប់រាល់ថ្ងៃដូចគ្នា។
បុរសមិនត្រូវការខោជំនួយ
បុរសមិនចាំបាច់ត្រូវការខោជំនួយដើម្បីទ្រពងស្វាសកុំឲ្យយារធ្លាក់នោះទេ។ វ័យកាន់តែជ្រេ ស្បែកស្រោបឃ្លីកាន់តែមានសភាពជ្រីវជ្រួញ ដែលធ្វើឲ្យពងស្វាសយារធ្លាក់ផងដែរ។ ខោលីអូតឹងណែនមិនអាចបញ្ឈប់ភាពយារធ្លាក់ទៅតាមអាយុកាលនោះឡើយ។
អត់ខោស្លីបក៏ល្អម៉្យាងដែរ
អ្នកជំនាញនៅតែទទូចឲ្យបុរសកុំស្លៀកខោទ្រនាប់ ដើម្បីកាត់បន្ថយញើស ការពារជំងឺឆ្លង និងបង្កើនសមត្ថភាពបន្ដពូជ។ តួយ៉ាងបុរសឥណ្ឌូនេស៊ី ស្លៀកសារុង ហើយបុរសស្កុតឡេនដ៍ស្លៀកសំពត់គីល ដើម្បីសុខភាពពងស្វាស។
បើអ្នកមិនទម្លាប់អត់ខោក្នុងនោះ អ្នកជំនាញបានណែនាំឲ្យស្រាតខោគេងនៅពេលយប់។ ការគេងអាក្រាតអនុញ្ញាតឲ្យបរិវេណដ៏ស្មុគស្មាញទាំងនោះមានខ្យល់ចេញចូល ការពារបាក់តេរី និងរក្សាសីតុណ្ហភាពពងស្វាសឲ្យត្រជាក់ល្មមជួយដល់ការបន្ដពូជ៕ HR