ភ្នំពេញៈ នៅ​ក្រោម​ពន្លឺភ្លើង​ជះ​បំភ្លឺ​ផ្ទៃមុខ​នារី​ដែល​កំពុង​គេង​បិទ​ភ្នែក យុវជន អៀម វិបុល កំពុង​ឈ្ងោក តម្រង់​កែវភ្នែក​ទាំង​ដៃ​កាន់​តង្កៀប​ចាប់​រោមភ្នែក​សិប្បនិម្មិត​ម្ដង​មួយ​សរសៃៗ​ភ្ជាប់​នឹង​រឹម​ភ្នែក​អតិថិជន​យ៉ាង​ផ្ចិតផ្ចង់​។

ដំណើរការ​ត​រោមភ្នែក​ស្ដង់ដា​ជប៉ុន​នេះ​មិនមាន​ការសន្ទនា​ពាក្យពេចន៍​ឡើយ ដោយសារ​តែ​បុគ្គលិក​ដ៏សង្ហា​រូប​នេះ​កើតមក​អភ័ព្វ​ជាមួយ​ពិការភាព​ផ្នែក​សំឡេង​។ យ៉ាងណា​មិញ​លទ្ធផល​នៃ​ការបំពេញ​សេវាកម្ម​តរោមភ្នែក​ដ៏យក​ចិត្ត​ទុកដាក់​នេះ​ធ្វើឲ្យ​អតិថិជន​ញញឹម​ពេញចិត្ត​ពេញ​ថ្លើម​តែម្ដង​។

ខុសប្លែក​ពី​ហាង​សាឡន​ទូទៅ​ដែល​ជ្រើសរើស​បុគ្គលិក​មាន​ញាណ​ពេញលេញ ដើម្បី​ងាយស្រួល​ក្នុង​ការបង្ហាត់បង្ហាញ និង​ទំនាក់ទំនង​ភ្ញៀវ​ហាង ប៊ិ សាឡន (Bi Salon) បាន​ផ្ដល់​ឱកាស​ដល់​ជនពិការ​គថ្លង់ ក្រេបជញ្ជក់​ចំណេះដឹង​ផ្នែក​សម្ផស្ស និង​ក្លាយ​ជា​បុគ្គលិក​ផ្ដល់​សេវាកម្ម​ឆ្នើម​ដល់​ភ្ញៀវ​ថែម​ទៀតផង​។

ការប្រើ​ភាសា​កាយវិការ​ទំនាក់ទំនង​នឹង​អ្នក​បកប្រែ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្ញៀវ​ដែល​មក​កាន់​សាឡន​នេះ​មាន​ទាំង​អ្នក​លំដាប់​ខ្ពស់ អ្នកធ្វើការ សិស្ស និង​តារា​ល្បីៗ​ដូចជា កញ្ញា ឌុច លីដា និង​ពិធីការិនី ជីមមី ហើយ ៩០ ភាគរយ​នៃ​អតិថិជន​មិន​ទាក់​ទើរ​នឹង​ជ្រើសរើស​សេវាកម្ម​ពី​បុគ្គលិក​គថ្លង់ ដោយសារ​តែ​សមត្ថភាព និង​ទឹកដៃ​ដ៏យកចិត្ត​ទុកដាក់​របស់​ពួកគេ​គួបផ្សំ​នឹង​ទឹកចិត្ត​អាណិតអាសូរ​ផង​ដែរ​។

នេះ​រឹតតែ​ជា​កម្លាំង​ចិត្ត​ដែល​នាំ​ឲ្យ​ម្ចាស់​ហាង ប៊ិ សាឡន ខ្នះខ្នែង​ជំរុញ​ជនពិការ​មាន​ការតស៊ូ​ក្នុង​ជីវិត​ឲ្យ​ទទួល​បាន​នូវ​ជំនាញ​មួយ​ពិតប្រាកដ ហើយ​អាច​ប្រកបរបរ​ចិញ្ចឹមជីវិត​ខ្លួនឯង​ដូចជា​មនុស្ស​ទូទៅ​ក្នុង​សង្គម​ដែរ​។

អ្នកនាង កឹម ខេមរា ម្ចាស់​ហាង ប៊ិ សាឡន បាន​រៀបរាប់​ពី​មូលហេតុ​នៃ​ការផ្ដល់​ឱកាស​ដល់​បុគ្គលិក​គថ្លង់​ចូល​បម្រើការ​ថា​៖ «​ដំបូង​ឡើយ​ហាង​ខ្ញុំ​តែងតែ​ព្យាយាម​រក​អ្នក​ដែល​គាត់​មាន​បញ្ហា​ក្នុង​គ្រួសារ​ដូចជា​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ ទទួលរង​ការរំលោភបំពាន​ជាដើម ដោយ​មាន​ការសហការ​ជាមួយ​អង្គការ PSE និង​អង្គការ​ផ្សេងៗ​ទៀត ហើយ​ក៏​មិន​ដែល​នឹកគិត​យក​គាត់​ជា​ជនពិការ​ឲ្យ​មក​ធ្វើការ​ដូចគ្នា​។ ប៉ុន្តែ​នៅពេល​ដែល​អង្គការ​គាត់​បាន​ផ្តល់យោបល់​ទាក់ទង​នឹង​រឿង​នេះ ខ្ញុំ​ក៏​បាន​គិត​មើល​ទៅ​ឃើញ​ថា​ល្អ​។ អង្គការ​គាត់​ក៏​បាន​សន្យាថា​នឹង​រក​អ្នកជំនាញ​បកប្រែ​ភាសាគ​ថ្លង់​នោះ​។ ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​ទទួល​​ពួកគាត់​ពី​អង្គការ​មក​បង្ហាត់បង្រៀន និង​ឲ្យ​គាត់​ចូលធ្វើការ​នៅក្នុង​ហាង ប៊ិ សាឡន ខ្ញុំ​តែ​ម្តង​ទៅ​»​។

ទោះ​មាន​ភាព​គថ្លង់ តែ​បុគ្គលិក​ពិការ​តស៊ូ​នឹង​ការងារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជា​អ្នកជំនាញ​ផ្នែក​អាយធី និង​ធ្លាប់​ទៅ​បន្ត​ការសិក្សា​ផ្នែក​ភាសា​នៅ​ប្រទេស​ ជប៉ុន​ រយៈពេល​មួយឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា ដោយសារ​ឱកាស​សម្រាប់​ជនពិការ​ក្នុង​វិស័យ​សម្ផស្ស​មាន​ស្ដួចស្ដើង ដូច្នេះ​បុគ្គលិក​ពិការ​គថ្លង់​មាន​ការតស៊ូ និង​ព្យាយាម​ធ្វើ​មិន​ឲ្យ​ខុស​ច្រើនដង​ឡើយ​។

ម្ចាស់​ហាង​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​កត់សម្គាល់​ទៀត​ថា​៖ «​ពួកគាត់​រៀន​ឆាប់​ចេះ ហើយ​ស្មោះត្រង់​ជាង​មនុស្ស​ទូទៅ​ទៅទៀត​។ ខ្ញុំ​ក៏​បាន​គិតថា​ពួកគាត់​អាច​ទៅមុខ​បន្ត​បាន ហើយ​ក៏​ជា​គំរូ​​ល្អ​ដល់​អ្នក​ដែល​គាត់​ជនពិការ​ដូចគ្នា​ឲ្យ​មាន​ការតស៊ូ​នៅពេល​ដែល​បុគ្គលិក​ក្នុង​ហាង​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ម្ចាស់​ហាង​សាឡន​មួយ​ដែល​មាន​មនុស្ស​ទទួល​ស្គាល់​ពី​ស្នាដៃ និង​គុណភាព​»​។

អង្គុយ​យ៉ាង​សុភាពរាបសា​នៅ​ក្បែរ​អ្នកនាង កឹម ខេមរា យុវជន អៀម វិបុល អាយុ ២០ ​ឆ្នាំ និង​យុវតី ឈុន ហ៊ាង អាយុ ២៥ ​ឆ្នាំ​ក៏​បាន​បង្ហាញ​ពី​បទពិសោធន​នៅ​ហាង ប៊ិ សាឡន តាមរយៈ​ភាសា​កាយវិការ​ដោយ​មាន​​អ្នកជំនាញ​ចាំ​បកប្រែ​គឺ​កញ្ញា ស្រី មុំ បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូង​ខ្ញុំ​គឺជា​សិស្ស​ដែល​បាន​រៀន​នៅ​អង្គការ​។ បន្ទាប់មក​ខាង​អង្គការ​របស់​ខ្ញុំ​ក៏​បាន​សួរថា ចង់​រៀន​កាត់ដេរ បោកគក់ ឬ​សាឡន ខ្ញុំ​ក៏​បាន​ជ្រើសរើស​យក​ផ្នែក​សាឡន ព្រោះ​តែ​ស្រឡាញ់​។ នៅពេល​នេះ​ខ្ញុំ​មាន​ជំនាញ​ហើយ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ធ្វើការ​នៅ​ទីនេះ និង​មាន​ភាពកក់ក្តៅ​ផងដែរ​»​។ សម្រាប់​ពេល​នេះ​ខ្ញុំ​ចង់​បន្ត​ធ្វើការ​នៅទីនេះ​សិន​។ ប្រហែល​ជា ៣ ទៅ ៤ ឆ្នាំ​ទៀត​ខ្ញុំ​សម្រេចចិត្ត​ថា​នឹង​ទៅ​ហាង​មួយ​ផ្ទាល់​ខ្លួន​នៅឯ​ស្រុកកំណើត​»​។

អ្នកនាង ខេមរា បង្ហាញ​ស្លាក​ប្រើ​ទំនាក់ទំនង​បុគ្គលិក​គថ្លង់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ដៃគូ​សហការ​បញ្ជូន​ជនពិការ​គថ្លង់​ឲ្យ​មក​រៀន​ផ្នែក​សម្ផស្ស​នៅ​ហាង ប៊ិ សាឡាន មាន​អង្គការ​ជប៉ុន Nippon Foundation អង្គការ PSE និង​អង្គការ DDP ហើយ​បុគ្គលិក​ជា​ជនពិការ​នៅ​ហាង​មាន​ចំនួន ៧ ​នាក់​សុទ្ធសឹង​តែ​មកពី​តាម​បណ្តា​ខេត្ត​។

ប៊ិ សាឡន មាន​សេវាកម្ម​កាត់សក់ ធ្វើ​សក់ លាប​ពណ៌​សក់ ផ្លុំ​ចេញ​ជា​ម៉ូដ កក់សក់ និង​អ៊ុតសក់​មាន​តម្លៃ​ចាប់ពី ៥ ដុល្លារ​ឡើង​ទៅ​។ ចំពោះ​ផ្នែក​ក្រចក លាប​ពណ៌​ក្រចក ២ ​ដុល្លារ និង​កាត់​សាច់​ក្រចក ៣ ​ដុល្លារ​មាន​លាង​ទឹកអំបិល និង​ថ្នាំ​ផ្សេង​ទៀត​ធ្វើតាម​ស្តង់ដារ​របស់​ជប៉ុន​។ សេវាកម្ម​អ៊ុតរោមភ្នែក និង​ត​រោមភ្នែក​ចាប់ពី ២៥ ​ដុល្លារ និង​ម៉ាស្សា​មុខ​ចាប់ពី ១៥ ​ដុល្លារ​ជាមួយ​ផលិតផល​ពី​កូរ៉េ ជប៉ុន និង​​សហរដ្ឋអាមេរិក​។ ហាង​សាឡន​ក៏​នឹង​បន្ថែម​សេវាកម្ម​ស្ប៉ា​ដែល​ប្រើ​របស់​ធម្មជាតិ​នៅក្នុង​ប្រទេស​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។

អ្នកនាង កឹម ខេមរា ដែល​ធ្លាប់​មាន​បទពិសោធ​ក្នុង​ការធ្វើការ​នៅ​ហាង​សាឡន​ធំ​មួយ​របស់​ជប៉ុន​ក៏​បាន​ប្រាប់​ពី​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​ដូចគ្នា​ថា​៖ «​ខ្ញុំ​ចង់​ធ្វើ​ជា​មូលនិធិ​ដើម្បី​ប្រមូល​ជំនួយ​ចំនួន​ ១៥ ០០០ ដុល្លារ​ ពី​វេបសាយ​របស់​ជប៉ុន​មក​ជួយ​ដល់​ជនពិការ​ទាំងអស់ ហើយ​ចំនួន​លុយ​ទាំង​នេះ​មិន​គ្រប់​ក្នុង​ការជួយ​ដល់​ពួកគាត់​នោះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ស្ពាន​មួយ​ដែល​អាច​នាំ​ខ្ញុំ​ទៅ​ដល់​គោលដៅ​តែ​ប៉ុណ្ណោះ​។ ចំណែកឯ​ហាង ប៊ិសាឡន ទើប​តែ​មាន​​ ២ ​សាខា ខ្ញុំ​នឹង​ពង្រីក​បន្ថែម ដើម្បី​ឲ្យ​គ្រប់​ចំនួន​បុគ្គលិក​គថ្លង់​របស់​ខ្ញុំ​មាន​ទីផ្សារ​ការងារ​កាន់តែ​ច្រើន ហើយ​បើ​អាច​ធ្វើ​បាន​ខ្ញុំ​នឹង​ជួយ​ឲ្យ​ពួកគាត់​បើក​ហាង​សាឡន​ដោយ​ខ្លួនឯង​ ១ ​យ៉ាង​ជោគជ័យ​នៅពេល​ដែល​ពួកគាត់​ចង់​ឈប់​ធ្វើការ​នៅ​ហាង​របស់​ខ្ញុំ​»​។

ហាង ប៊ិ សាឡន ស្ថិត​នៅ​ផ្ទះ​លេខ 4A1 ផ្លូវ ៣៩៨ សង្កាត់​បឹងកេងកង​ ១ ទាក់ទង​ទូរស័ព្ទ ០១០ ៣២ ៤៥ ២៤ និង ០៧០ ៣២ ៤៥ ៥២៤៕

វីដេអូ៖