The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាជន និង​ឱសថស្ថាន​គួររួមគ្នា​បំបាត់​ជំងឺស៊ាំ​នឹង​ថ្នាំផ្សះ




ប្រជាជន និង​ឱសថស្ថាន​គួររួមគ្នា​បំបាត់​ជំងឺស៊ាំ​នឹង​ថ្នាំផ្សះ

Content image - Phnom Penh Post
ឱសថ​បណ្ឌិត និង​វេជ្ជបណ្ឌិត​ថ្នាំផ្សះ​ធ្វើការ​ពន្យល់​ពីការ​ប្រើប្រាស់ថ្នាំ​ផ្សះនៅ​កម្ពុជា។ ឈឹម ស្រីនាង

ប្រជាជន និង​ឱសថស្ថាន​គួររួមគ្នា​បំបាត់​ជំងឺស៊ាំ​នឹង​ថ្នាំផ្សះ

ភ្នំពេញ: កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ប្រឈម​នឹងបញ្ហា​សុខភាព​ជុំវិញការ​ប្រើប្រាស់​ថ្នាំផ្សះ ឬឱសថ​ពពួក​អង់ទីប្យូទិច។

ប្រជាជន​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​យល់ដឹងពី​ផលប្រយោជន៍ និង​គុណវិបត្តិ​របស់​ថ្នាំផ្សះ និងចូលចិត្ត​ប្រើ​ថ្នាំផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ ដោយ​សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ​ក៏ទៅ​ទិញ​ថ្នាំផ្សះ​ពីឱសថស្ថាន​មកលេប​ដែរ។

ទាំងនេះ​គឺជា​ការលើកឡើង​របស់​ក្រុម​ឱសថ​បណ្ឌិត ក្នុងកម្មវិធី «ទិវា​ថ្នាំ​ផ្សះ​ពិភពលោក» កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ មុននោះ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

កត្តា​ទាំងអស់​នេះហើយ​បានធ្វើ​ឲ្យមានការ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ប្រជាជន ដែលរស់​នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដោយ​ពួកគាត់​ប្រើប្រាស់​ថ្នាំគ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេស​ថ្នាំផ្សះ (Antibiotic) និង​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានឲ្យ​ដឹងថា៖ «នៅ​ស្រុក​ខ្មែរ ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ អាច​ទៅរក​ទិញ​ថ្នាំផ្សះ តាម​ឱសថស្ថាន​គ្រប់​ទីកន្លែង ដោយ​មិនចាំបាច់​មាន វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ជំនាញ ដែល​នេះ​គឺជា​ការពិត ហើយក៏​មិនអាច​ប្រកែក​បាន​នោះទេ»។

Content image - Phnom Penh Post
ការ​ប្រើប្រាស់​ថ្នាំផ្សះ​មិន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​មានផល​វិបាក​វីរុស​ស៊ាំ​នឹង​ថ្នាំ។

វេជ្ជបណ្ឌិត​ឯកទេស​ថ្នាំផ្សះ បូរី សុថ្ថារិទ្ធ បាន​រៀបរាប់​លម្អិតថា៖ «ទី១ គឺ​កត្តា​មហាជន ព្រោះតែ​ការយល់ដឹង​របស់​មហាជន​យើង​សព្វថ្ងៃ នៅមាន​កម្រិត មិនបាន​ទូលំទូលាយ ពោល​នៅពេល​គាត់ឈឺ​ម្ដងៗ តែងតែ​ទាមទារ​ឲ្យ គ្រូពេទ្យ ឬ​ឱសថការី ផ្សំថ្នាំ​ផ្សះ​ឲ្យគាត់​លេប ដើម្បី​ឆាប់​ជាសះស្បើយ ហើយ​ពេលដែល​គាត់លេប មាន​អាការ​ធូរស្បើយ អ្នកជំងឺ​តែង​គិតថា ជំងឺក្នុង​ខ្លួនបាន​ជាសះ ដោយ​មិនបាន​ដឹងថា វីរុស ឬ​បាក់តេរី កំពុងតែ​បំ​លែងខ្លួន​ស៊ាំនឹង​ថ្នាំផ្សះ ហើយក៏​មិនបាន​អនុវត្តតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ លេបថ្នាំ​ឲ្យគ្រប់​ចំនួន​នោះឡើយ។ បញ្ហានេះ​ធ្វើឲ្យ​មេរោគ​មាន​ភាពស៊ាំ​ជាមួយ​ថ្នាំផ្សះ​ហើយ​បង្កើត​ឲ្យមាន​វីរុសផ្សេងៗ​ទៀតក្នុង​ខ្លួន ពិបាក​ព្យាបាល​លើកក្រោយៗទៀត និង​ចម្លងដល់​អ្នកដទៃ»។

លោកបន្ត​ទៀតថា៖ «កត្តាទី ២ គឺគ្រូពេទ្យ ឬ​ឱសថការី ដែល​បើក​ពិនិត្យ ឬ​ព្យាបាល​ជំងឺតាម​អាការរោគ ហើយ​មាន​មួយចំនួន តែងតែ​ឲ្យថ្នាំ​ផ្សះដល់​អ្នកជំងឺ​លេប​តែម្ដង ដើម្បី​ឆាប់ជា ដោយ​មិនបាន​ពិនិត្យ ឬ​តាមដាន​ស្ថានភាព​អ្វីឡើយ។ ម្យ៉ាងវិញទៀត​គ្រូពេទ្យ​ឲ្យ​ថ្នាំផ្សះ តាមការ​ទាមទារ​របស់​អ្នកជំងឺ ព្រោះ​ដើម្បី​ឲ្យ​អ្នកជំងឺ​សប្បាយចិត្ត និង​ឆាប់ជា​សះស្បើយ តែមិនបាន​ដឹងថា នឹងមាន​ផលវិបាក​នៅ​ថ្ងៃក្រោយ​នោះទេ»។

ទន្ទឹម​នឹងនោះ​លោក​វេជ្ជបណ្ឌិត អាឆារីយា ស៊ីឌីប ប្រធាន​ទីផ្សារ​នៃ ក្រុមហ៊ុន GSK បាន​យល់ស្រប​ផងដែរ​ថា ការលើក​កម្ពស់​ការយ​ល់​ដឹងពី​ថ្នាំផ្សះ នៅក្នុង​ប្រទេស​កម្ពុជា គឺត្រូវ​ចូលរួម​ចំណែក​ទាំងអស់​គ្នា។

ក្រៅពី​ទទូចឲ្យ​ប្រជាជន​កុំ​ប្រើប្រាស់​ថ្នាំផ្សះ​ខុស​ក្បួន​វេជ្ជសាស្ត្រ​នោះ លោក​បានស្នើ​ឡើងថា៖ «ហើយ​គ្រូពេទ្យ ត្រូវមាន​កាតព្វកិច្ច ទប់ស្កាត់​ភាពស៊ាំ​ទៅនឹង​ថ្នាំ និង​កាត់បន្ថយ ការប្រើ​វេជ្ជបញ្ជា​ទៅលើ​ជំងឺ​ដែល​តម្រូវឲ្យ​មានការ​ប្រើប្រាស់​ថ្នាំផ្សះ និង​កាត់បន្ថយ​ឥទ្ធិពល​ក្រុមហ៊ុន​ថ្នាំ ដែល​ជះទៅ​លើ​គ្រូពេទ្យ​លម្អៀង​ក្នុង​ការចេញ​វេជ្ជបញ្ជា​តម្រូវ​តាម ក្រុមហ៊ុន​របស់ខ្លួន​នោះ»៕

អត្ថបទគួរចាប់អារម្មណ៍