ក្រុងម៉ាឌ្រីដ : ការសិក្សាថ្មីមួយបានព្រមានថា ដំណេកតិចជាង ៦ ម៉ោងក្នុង ១ រាត្រីអាចបង្កើនហានិភ័យជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ដោយពន្លឿនគ្រោះថ្នាក់លើជំងឺបេះដូងរហូតដល់ ៣៥ ភាគរយបើធៀបនឹងអ្នកដែលគេងចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុង ១ រាត្រី។
កង្វះដំណេកក៏បានបង្កើនអត្រាគ្រោះថ្នាក់ជំងឺខ្លាញ់រុំសរសៃឈាមដែលធ្វើឲ្យលំហូរឈាមតូច និងស្ទះរឹង។ ក្រុមស្រាវជ្រាវដឹកនាំដោយមជ្ឈមណ្ឌលជាតិអេស្ប៉ាញដើម្បីស្រាវជ្រាវជំងឺបេះដូង (CNIC) ក្នុងទីក្រុងម៉ាឌ្រីដបានឲ្យដឹងថា លទ្ធផលនេះបង្ហាញថាការផ្លាស់ប្ដូរម៉ោងដំណេកអាចជាការព្យាបាលជំងឺបេះដូងមានប្រសិទ្ធភាពជាង និងថោកជាងឱសថវេជ្ជសាស្ដ្រ។
ចំពោះការសិក្សាដែលចុះផ្សាយក្នុងព្រឹត្ដិបត្រមហាវិទ្យាល័យបេះដូងអាមេរិក ក្រុមការងារបានតាមដានបុគ្គលិកធនាគារជិត ៤ ពាន់នាក់ក្នុងប្រទេសអេស្ប៉ាញដែលមានអាយុជាមធ្យម ៤៦ ឆ្នាំ។ ក្រុមអ្នកចូលរួមដែលទទួលទានដំណេកមិនគ្រប់គ្រាន់ទំនងជាកើតជំងឺបេះដូងរហូតដល់ ៣៤ ភាគរយបើធៀបនឹងអ្នកទទួលទានដំណេកលើសពី ៦ ម៉ោង។
វេជ្ជបណ្ឌិត Valentin Fuster ជានិពន្ធនាយកព្រឹត្ដិបត្រ មហាវិទ្យាល័យបេះដូងអាមេរិកបាននិយាយថា៖ «ពិតជាសំខាន់ដែលត្រូវដឹងថា ដំណេកតិច តែស្កប់ស្កល់អាចកាត់កងពីផលប៉ះពាល់នៃដំណេករយៈពេលខ្លី»៕ HR