ក្រុងឡុងដ៍: ពេល​ផ្ដោតលើ​កត្ដា​សុខភាព យើង​មិនគួរ​ពឹង​អាស្រ័យ​លើ​ម៉ោង​រោទ៍​នោះ​ទេ។ ការ​ពឹង​ផ្អែក​លើ​ម៉ោង​រោទ៍​មិន​ត្រឹម​តែ​ជះ​ផល​អាក្រក់​ដល់​អ្នក​ឡើយ​ពីព្រោះ​វា​រំខាន​ដល់​ដំណេក ហើយ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ខុស​ពេល​វេលា​ចំពោះ​ដំណើរ​នៃ​ដំណេក ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ថែម​ទៀត។

សាស្ដ្រាចារ្យ រូស​សែ​ល ហ្វូ​ស្ទើរ នាយក​វិទ្យាស្ថាន​ដំណេក និង​រោគ​ប្រសាទ​សាស្ដ្រ​នៃ​ដំណើរ​ជីវសាស្ដ្រ​នៅ​សាកល​វិទ្យាល័យ​អុកហ្វដ បាន​ថ្លែង​ថា៖ «ការ​ដាក់​ម៉ោង​រោទ៍ មានន័យ​ថា អ្នក​ទំនង​ត្រូវ​ក្រោក​អំឡុង​ពេល​ត្រូវ​ដេក ដែល​មិន​មែន​ជា​វេលា​ត្រូវ​ក្រោក»។

ខណៈ​បុគ្គល​ម្នាក់​គេង សកម្មភាព​អគ្គិសនី​ក្នុង​ខួរក្បាល​បន្ថយ​សកម្មភាព​យឺត​និង​លឿន​ជា​ច្រើន​លើក​ច្រើនសា​នាពេល​រាត្រី។ ដំណើរ​វិវត្ដន៍​នេះ ត្រូវ​បាន​ហៅថា​រយៈពេល​នៃ​ដំណេក។

ក្នុង​រយៈពេល​នៃ​ដំណេក​នេះ សកម្មភាព​ខួរក្បាល​ដើរ​យឺត​រហូតដល់​យើង​លង់​លក់​ស្កប់ស្កល់ ឬ​ដំណេក «រលក​យឺត» ជា​ដំណាក់​បន្ថែម​ថាមពល​ច្រើន​បំផុត មុន​ពេល​ដល់​វេលា​ដំណេក​មិន​ស្កប់ នោះ​គឺ​ដំណេក REM (ចលនា​ភ្នែក​ក្រឡាប់​ចាក់) ជា​ដំណាក់កាល​ហៀប​នឹង​ភ្ញាក់។ ការ​ដាក់​ម៉ោង​រោទ៍ មិន​ដឹង​ថា តើ​អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ភ្ញាក់​ក្នុង​ដំណាក់​កាល​ណា​ឡើយ។

ដោយ​លើកឡើងថា មនុស្ស​ត្រូវការ​គេង​ពី ៦,៥ ទៅ ៩ ម៉ោង សាស្ដ្រាចារ្យ ហ្វូស្ទើរ បាន​ពន្យល់​ថា៖ «ពេល​អ្នក​ដាក់​ម៉ោង​រោទ៍ អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​នៃ​ដំណេក ហើយ​រាងកាយ​នឹង​កើត​ជា​ស្ដ្រេស​ដែល​កើត​ឡើង​ពី​ការ​ភ្ញាក់​ខុស​វេលា ព្រម​ទាំង​បង្កើន​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម»៕HR