ភ្នំពេញ៖ ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​វិបត្ដិ​កូវីដ​សកល​នេះ ការ​យក​ចិត្ត​ទុក​ដាក់ ទឹក​ចិត្ត​សប្បុរស និង​ការ​ចែក​រំលែក​មនុស្ស​ត្រូវ​ការ​ជាង​ពេល​ណាៗ​ទាំងអស់។ វិចិត្រករ ជា សិរី និង​កញ្ញា អាដាណា ម៉មឡ្រឺហ្គាស ជ្រួតជ្រាប​ចង់​ចែក​រំលែក​ក្តី​សង្ឃឹម និង​សាមគ្គីភាព​ដល់​អ្នក​ដទៃ។

អ្នក​ទាំង ២ បាន​សម្រេច​ចិត្ត​បញ្ចូល​សិល្បៈ​របស់​ខ្លួន​ទៅជា​​ទង្វើ​នៃ​ការ​ចែក​រំលែក​តាមរយៈ​ពិព័រណ៍​រួមគ្នា​មួយ​ក្នុង​គោល​បំណង​រៃអង្គាស​ថវិកា​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ធ្វើ​ការ​លើ​បញ្ហា​សង្គម និង​ផ្លូវចិត្ត។

អ្នកស្រី ជា សិរី ​ឱ្យ​ដឹង​ថា៖ «យើង​ផ្តួច​ផ្តើមការ​តាំង​ពិព័រណ៍​នេះ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​បំផុស​ស្មារតី​សាមគ្គីភាព ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា យើង​សម្រេច​គ្រប់​គោលដៅ​ទាំង​អស់ ទាំង​ការ​រៃអង្គាស​ថវិកា និង​ការ​ចែករំលែក​សារ​របស់​កម្មវិធី​នេះ»។

ពិព័រណ៍ «សិល្បៈ​នៃ​ការ​ចែករំលែក» ត្រូវ​បាន​ផ្ដួច​ផ្ដើម​តាំង​ពី​ពេល​ដែល​កូវីដ​កក្រើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ ២០២០។ ប៉ុន្តែ​ដោយ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​លើ​ការ​គូរ​គំនូរ​នីមួយៗ និង​ការ​រៀបចំ​ជា​ច្រើន​ទៀត ពិព័រណ៍​នេះ​ទើប​បើក​ដំណើរការ​ជា​សាធារណៈ​នៅ​ដើម​ឆ្នាំ ២០២១ នេះ ដោយ​មាន​គំនូរ ២២ ផ្ទាំង ​ដាក់​តាំង​នៅ​សារមន្ទីរ​ស.ស.រ និង​បណ្តាញ​សង្គម។

«អារម្មណ៍​ច្របូកច្របល់» ឬ (Bewilderment) ជា​គំនូរ​ស្នាដៃ​រួមគ្នា​របស់​វិចិត្រករ​ស្រី​ទាំង ២ រំលេច​នូវ​រូបភាព​ផ្ទៃ​មេឃ​បាំង​បិទ​ដោយ​ផ្ទាំង​ពពក​អាប់អួ ដែល​ផ្ទុយ​ស្រឡះ​រូបភាព​ប៉េងប៉ោង​តំណាង​ឱ្យ​ពិធី​អបអរ។

អ្នកស្រី ជា សិរី ឱ្យ​ដឹង​ថា៖ «ការ​ឈឺ​ចាប់ និង​ភាព​រីករាយ​កើត​ឡើង​ដំណាល​គ្នា តែ​ជា​អ្វី​ដែល​យើង​អាច​ជ្រើសរើស​ថា តើ​ចង់​រស់​ក្នុង​ជីវិត​បែប​ណា។ ពន្លឺ​តែង​តែ​លេច​ឡើង​នៅ​ចុង​បំផុត​នៃ​ផ្លូវ​ក្រោម​ដី ដូច​នេះ​អ្នក​ត្រូវ​តែ​មាន​ក្ដី​សង្ឃឹម និង​នៅ​តែ​ឈរ​លើ​ភាព​វិជ្ជមាន»។

កញ្ញា អាដាណា (រូបខាង​ឆ្វេង​ទី ២​) និង​អ្នកស្រី ជា​ សិរី (រូបកណ្ដាល) ជាមួយ​តំណាង​អង្គការ​ទាំង ៣។ រូបថត សហ​ការី

កញ្ញា អាដាណា បន្ដ​ថា៖ «យើង​មាន​ការ​បកស្រាយ ២ ផ្សេង​គ្នា។ ប៉ុន្តែ​ជាទូទៅ យើង​ចង់​និយាយ​ពី​សារៈសំខាន់​នៃ​សុខភាព​ផ្លូវចិត្ត។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្លាប់​វាយ​ប្រហារ​ខ្ញុំ​ជា​ច្រើន​ឆ្នាំ។ ជំងឺ​មហារីក​ដែល​ខ្ញុំ​ជួប​ប្រទះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ប្រឈម​ជាមួយ​វា​ខ្ញុំ​ទទួល​បាន​សេរីភាព។ ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​អំពី​ភាព​ស្រស់​ស្អាត​ដែល​ជីវិត​ផ្ដល់​ឱ្យ​ខ្ញុំ»។

ត្រឹម​រយៈពេល​ជិត ២ ខែ ស្នាដៃ​គំនូរ ២១ ផ្ទាំង ត្រូវ​បាន​លក់​ដាច់ ឬ​ដាក់​លក់​ដេញ​ថ្លៃ ដែល​គំនូរ​ទទួល​បាន​ការ​ដេញ​ថ្លៃ​ខ្ពស់​បំផុត​មាន​តម្លៃ​ដល់ ២២ ៥០០ ដុល្លារ គឺ «អារម្មណ៍​ច្របូកច្របល់» (Bewilderment)។

ពិព័រណ៍ «សិល្បៈ​នៃ​ការ​ចែករំលែក» បាន​បញ្ចប់​ដោយ​បាន​បន្សល់​នូវ​ទឹក​ប្រាក់​សរុប ៦ ម៉ឺន​ដុល្លារ ពី​ការ​លក់​គំនូរ ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ក៏​ដូចជា​ការ​បរិច្ចាគ​របស់​សប្បុរសជន ដែល​បាន​បង្ហាញ​ការ​គាំទ្រ​កម្មវិធី​នេះ។

ទឹក​ប្រាក់​រៃអង្គាស​ទាំង​នេះ ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​ចំនួន ៣ កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា រួមមាន​អង្គការ​មនុស្ស​ចាស់​កម្ពុជា (HelpAge) អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​កម្ពុជា (TPO Cambodia) និង​អង្គការ​បុត្តាភិបាល ​ដើម្បី​វឌ្ឍន​សង្គម​កម្ពុជា (ICS-SP) ដែល​ប្រឈម​បញ្ហា​អំឡុង​ពេល​ពិភព​លោក​កំពុង​ជួប​វិបត្ដិ​នេះ។

កញ្ញា អាដាណា កូន​ខ្មែរ​កាត់​បារាំង​រូប​នេះ ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា៖ «អង្គការ​កម្ពុជា​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ ហេតុ​នេះ​ពេល​កូវីដ​ចូល​មក​ធ្វើ​ឱ្យ​មាន​ការ​រាំងស្ទះ។ ប៉ុន្ដែ​វា​ក៏​ជា​ពេល​វេលា​ល្អ​ដែល​បង្ហាញ​អំពី​ស្មារតី​កូន​ខ្មែរ​ឱ្យមាន​ភាព​ភ្ញាក់រឭក​ក្រោក​ឈរ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

អាដាណា បាន​និយាយ​ពី​មូល​ហេតុ​ថា៖ «ពួក​គាត់​ជា​អង្គការ​ក្នុង​ស្រុក ហើយ​អ្វី​ដែល​ពួក​គាត់​ធ្វើ​វា​ទាក់ទង​ជាមួយ​អ្វី​ដែល​យើង​ចង់​ចែករំលែក​ដល់​អ្នក​ដទៃ»។

កញ្ញា​បន្ដថា អង្គការ TPO ធ្វើ​ការ​ទាក់ទង​បញ្ហា​ផ្លូវ​ចិត្ត ហើយ​អង្គការ HelpAge ជួយ​ចាស់​ជរា ខណៈ​អង្គការ ICS-SP ផ្ដោត​លើ​ការ​អភិវឌ្ឍ​ភាព​ជា​ឪពុកម្ដាយ និង​ជួយ​ឱ្យ​ក្មេង​ធំធាត់​ក្នុង​បរិយាកាស​មួយ​ល្អ។

គំនូរ​ «​អារម្មណ៍ច្របូក​ច្របល់​» រំលេច​ទស្សនៈលើផ្ទាំង​គំនូរ​តែមួយ​។ រូបថត សហ​ការី

ក្រៅពី​គម្រោង​ពិព័រណ៍​រៃអង្គាស​ប្រាក់​ជួយ​អង្គការ​ទាំង​នេះ ​សម្រាប់​ឆ្នាំ ២០២១ វិចិត្រករ​នារី​បាន​សន្យា​ថា ​ពួក​គេ​ព្យាយាម​បង្កើត​កម្មវិធី​ផ្សេងៗ​ទៀត ​ដើម្បី​បន្ត​ជួយ​ក្នុង​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ផង​ដែរ។

វិចិត្រករ​នារី វ័យ ២៤ ឆ្នាំ​រូប​នេះ ប្រាប់​ថា ខ្លួន​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ តែ​គិត​ចង់​ធ្វើ​ទាក់ទង​ពី​ការ​រក​មធ្យោបាយ​ទប់ស្កាត់​នៃ​ការ​ រីក​រាលដាល​ជំងឺ​កូវីដ។

កញ្ញា​លើក​ឡើង​ថា៖ «ក្នុង​នាម​ជា​ប្រធាន និង​ជា​សហស្ថាបនិក​នៃ Generation C កម្ពុជា ជំងឺ​រាតត្បាត​បាន​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នៃ​អរិយធម៌​ទំនើប​របស់​យើង និង​ជះឥទ្ធិពល​ដល់​សង្គម​យើង​នៅ​គ្រប់​កម្រិត»។

កញ្ញា​បញ្ជាក់​ថា៖ «ដូច​នេះ​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ហើយ​គ្រប់​យ៉ាង ត្រូវ​តែ​ចាប់​ផ្តើម​ពី​បុគ្គលម្នាក់ៗ និង​តស៊ូ​សម្រាប់​ការ​ផ្លាស់ប្តូរ​ថ្មី»។

វិចិត្រករ​ស្ដ្រី ដែល​ពុះពារ​ជម្នះ​ជំងឺ​មហារីក​រូប​នេះ នៅ​មាន​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ ដូចជា​កិច្ចសហការ​ថ្មី​ជាមួយ​វិចិត្រករ Desmond Doyle លើ​គម្រោង​ហៅ​ថា «See the Big Picture» ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូទ្រីស ​នា​ពេល​ខាង​មុខ៕