ក្រុង​ញូវយ៉ក: គ្មានអ្វី​អាថ៌កំបាំង​ទេ ផ្សែង​ម៉ាស៊ីនរថយន្ដ និង​រោងចក្រ​នានា​ដែល​យើង​ស្រូប​ចូល​ផ្លូវ​ដង្ហើម​រៀង​រាល់​ថ្ងៃ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ដល់​ខួរក្បាល និង​រាង​កាយ​មនុស្ស។

ការសិក្សា​បែប​វិទ្យាសាស្ដ្រ​បានបង្ហាញ​ថា អ្នករស់នៅ​ក្នុង​ទីក្រុង ដែល​ប្រឈម​នឹង​ការ​បំពុល​បរិយាកាស​ខ្ពស់​ពេញ​មួយ​ឆាក​ជីវិត បាន​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក និង​ថែម​ទាំង​បញ្ហា​ផ្លូវ​ចិត្ដ។

ប៉ុន្ដែ​ពេលនេះ ការស្រាវជ្រាវ​ថ្មី បាន​បង្ហាញថា ក្រៅពី​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ ជាតិ​ពុល​ក្នុង​បរិយាកាស​ក៏​ជា​ដើម​ចម​ធ្វើ​ឲ្យ​ធាត់​លើស​ទម្ងន់​ផង​ដែរ។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា បាន​តាមដាន​កុមារ​អាមេរិក​ជាង ២៣០០ នាក់។ ហេតុអ្វី​បរិស្ថាន​កខ្វក់​បង្កើន​ឱកាស​ធាត់​លើស​ទម្ងន់? ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ជឿ​ថា ការ​ដក​ដង្ហើម​មិន​បរិសុទ្ធ ពី​ផ្សែង​រថយន្ត​រហូត​ដល់​ផ្សែង​បារី បង្ក​ឲ្យ​រលាក​លើ​រាង​កាយ។

ដំបូង ភាពកខ្វក់​ធ្វើ​ឲ្យ​រលាក​ថង់​ខ្យល់​ក្នុង​សួត បង្កើតជា​សញ្ញាណ​ស្ដ្រេ​ស ដែល​ទាក់ទង​នឹង​ការ​បញ្ចេញ​អ័រម៉ូន។ វា​បាន​កាត់​បន្ថយ​សមត្ថភាព​ស្រូប​ថាមពល (ឬ​ជាតិ​ស្ករ​គ្លុយ​កូស) នៃ​រាង​កាយ​ពី​ចំណី​អាហារ ដោយ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន។

ពេល​កម្រិត​ជាតិ​ស្ករ​បាត់បង់​ស្ថិរភាព ចំណង់​អាហារ​ចាប់ផ្ដើម​ប្រែប្រួល​មិន​ទៀងទាត់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​ញាត់​អាហារ​មិន​ឆ្អែត​ឆ្អន់។

សូម្បីតែ​នៅក្នុង​រថយន្ដ​ក៏​មិនបាន​ការពារ​រូបអ្នក​ឡើយ។ បើ​សំងំ​នៅ​ទី​ស្ងាត់​ឆ្ងាយ​ពី​ដង​វិថី សារធាតុ​ពុល​អាច​មាន​ការ​ធ្លាក់​ចុះ​ខ្លះ៕