
ការឱបថើបសត្វចិញ្ចឹមស្និទ្ធស្នាលអាចប្រឈមការឆ្លងបាក់តេរីដ៏គ្រោះថ្នាក់។
ក្រុងញូវយ៉ក: ម្ចាស់សត្វចិញ្ចឹមត្រូវបានព្រមានថា ការឱបថើបឆ្កែ និងឆ្មាអាចជួបហានិភ័យចំពោះអាយុជីវិត។ ការស្រឡាញ់សត្វចិញ្ចឹមដោយឱបថើប និងអង្អែលវាយ៉ាងស្និទ្ធស្នាលអាចធ្វើឲ្យរីកសាយភាយនៃបាក់តេរីស៊ាំឱសថតាមរយៈទឹកមាត់។
បាក់តេរីអាចក្លាយជាអតិសុខុមប្រាណស៊ាំនឹងឱសថពេលមនុស្ស ឬសត្វប្រើថ្នាំផ្សះខុសកម្រិត ឬវាអាចសាបប្រសិទ្ធភាពភ្លាមៗ។ នេះមានន័យថាបាក់តេរីដែលវាយប្រហារលើសត្វចិញ្ចឹមអាចអភិវឌ្ឍទៅជាអតិសុខុមប្រាណប្រឆាំងឱសថ និងឆ្លងទៅកាន់មនុស្សដែលប៉ះពាល់វាផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានណែនាំថា ដើម្បីជួយកាត់បន្ថយហានិភ័យដោយមិនប្រើមាត់ឱបថើបសត្វចិញ្ចឹម កុំឲ្យពួកវាលិទ្ធមាត់ ច្រមុះ និងលាងដៃឲ្យស្អាតក្រោយពេលកាន់ប៉ះពាល់សត្វ។
ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Glasgow Caledonian University ដឹកនាំដោយចិត្ដវិទូសុខភាព Adele Dickson បានសម្ភាសម្ចាស់សត្វចិញ្ចឹម ៣៥ នាក់ចំពោះការសិក្សានេះ។
វេជ្ជបណ្ឌិត Dickson ម្ចាស់សត្វឆ្កែធំអាយុ ២ ឆ្នាំ ១ ក្បាលបាននិយាយថា៖ «ទំនាក់ទំនងយ៉ាងស្អិតល្មួតនេះអាចមានសក្ដានុពលបង្កគ្រោះចំពោះមនុស្សពេញវ័យ កុមារ និងសត្វចិញ្ចឹមលើកត្ដាហានិភ័យចម្លងបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះតាមរយៈទឹកមាត់។
ជំហានបន្ទាប់រួមមាន ការបញ្ចៀសការថើបដោយប្រើមាត់ដោយអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ពិភពលោកកំពុងដើរឆ្ពោះទៅរកសម័យកាលក្រោយអស់ប្រសិទ្ធភាពថ្នាំផ្សះ៕ HR