ក្រុងហាណូយ៖ ហួង បានរម្លូតកូន ២ ដងក្នុងរយៈពេល ២ ឆ្នាំ។ គ្មាននរណាបាននិយាយជាមួយនាងអំពីបញ្ហាផ្លូវភេទ ទាំងឪពុកម្ដាយ ទាំងគ្រូបង្រៀន និងសូម្បីតែមិត្ដភក្ដិដែលបានដឹងតិចតួចបំផុតពីនាង។
យុវតីវ័យ ២០ ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «គួរឲ្យខ្លាចបំផុតពេលបានដឹងថា ខ្ញុំមានផ្ទៃពោះ។ ខ្ញុំគិតថា បើមានការអប់រំអំពីបញ្ហាផ្លូវភេទ យើងនឹងធ្លាក់ចូលក្នុងអន្ទាក់ជីវិតនេះដែរ»។
មិនមែនតែ ហួង ទេដែលកើតបញ្ហានេះ។ កង្វះការអប់រំផ្លូវភេទទាំងនៅផ្ទះ ឬសាលារៀនក្នុងប្រទេសវៀតណាម ជាលទ្ធផលនៃការពឹងអាស្រ័យលើការរម្លូតកូនជាវិធានការគ្រប់គ្រងកំណើត។
កញ្ញា លិញ ហួង អាយុ ២៣ ឆ្នាំ កំពុងបំពេញបេសកកម្មផ្លាស់ប្ដូរអត្ដចរិតហួសសម័យក្នុងប្រទេសមិនធ្លាប់បើកទូលាយក្នុងការជជែកអំពីបញ្ហាសិច ឬភេទសម្ព័ន្ធ បាននិយាយថា៖ «ការជជែកអំពីសិចមិនមែនជាប្រធានបទត្រូវហាមឃាត់ឡើយ»។
លិញ បានរំឭកថា គ្រូជីវវិទ្យាបង្រៀនមុខវិជ្ជាបន្ដពូជដោយមិនពន្យល់អ្វីទៅជាសិចទៅកាន់សិស្សសាលាអាយុខ្ទង់ ១៣ ឆ្នាំ ដែលមិនមានបំណងចង់ដឹងដែរនោះទេ។
យុវតីរូបនេះ បានឲ្យដឹងថា ឪពុកម្ដាយមិនដែលលើកយកបញ្ហាផ្លូវភេទមកនិយាយ ហើយសង្គមក៏មិនខ្វាយខ្វល់អ្វីទៅជាការអប់រំផ្លូវភេទ និងធ្វើតាមរបៀបណាឡើយ។
ជាមួយមិត្ដភក្ដិអាយុខ្ទង់ ២០ ឆ្នាំស្ដើង លិញ បានបង្កើតក្រុមហ៊ុនថ្មីដែលអប់រំពីបញ្ហាសុខភាពផ្លូវភេទ WeGrow Edu ក្នុងទីតាំងការងាររួមនៅក្រុងហាណូយ ជាទីដែលពួកគេរៀបចំកញ្ចប់កាដូញាត់សំឡីអនាម័យ ឧបករណ៍តេស្ដគភ៌ និងស្រោមអនាម័យ ព្រមទាំងការណែនាំអំពីវិធី និងពេលវេលាដែលយុវវ័យគួរប្រើវា។
នៅឆ្នាំ ២០១៩ តួលេខរម្លូតកូនផ្លូវការបានធ្លាក់ចុះមកត្រឹម ១២ ករណី សម្រាប់រាល់កំណើតទារក ១០០ នាក់ ទោះបីជា UNFPA បានឲ្យដឹងថា តួលេខពិតត្រូវបានជឿថាមានខ្ពស់ជាងនេះក្ដី។
WeGrow Edu ដែលបានទទួលមូលនិធិ ១ ផ្នែកពីស្ថានទូតអាមេរិកប្រចាំវៀតណាម ពេលនេះកំពុងធ្វើការជាមួយសាលារៀនចំនួន ២០ នៅក្រុងហាណូយ។ ខណៈប្រអប់កាដូមានតម្លៃ ៥០ ដុល្លារ ដែលលើសពីសមត្ថភាពរបស់ឪពុកម្ដាយវៀតណាមទូទៅ កញ្ញា លីញ បាននិយាយថា តម្រូវការមានខ្ពស់។
នាងនិយាយថា៖ «ពេលមិត្តភក្ដិខ្ញុំទទួលប្រអប់កាដូ គេបានសារភាពថា ជាលើកដំបូងហើយដែលបានស្ទាបស្រោមអនាម័យ»៕ AFP/HR