ក្រុងញូវយ៉ក: លទ្ធភាព​ពិបាក​ពពោះ​កាន់តែ​កើនឡើង​ខ្លាំង ជាពិសេស​ប្ដី​ប្រពន្ធ​ជាច្រើន​កំពុង​ព្យាយាម​យក​កូន​នៅ​វ័យជ្រេ​នៃ​ឆាកជីវិត​ខ្លួនឯង​។ ការស្រាវជ្រាវ​បាន​លើក​ឡើង​ថា នៅ​សហរដ្ឋអាមេរិក​ករណី​អត់​កូន​ប្រមាណ ១ ​ភាគ​ ៣ បង្កឡើង​ដោយ​បញ្ហា​ខាង​បុរស ហើយ​នៅ​ចក្រភព​អង់គ្លេស ១ ​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ ៧ ​គូ​អាច​ជួប​ការលំបាក​ពពោះ​ដែល​ស្មើនឹង​ប្រមាណ ៣,៥ លាន​នាក់​។

តើ​របប​អាហារ​ជួយ​ដល់​មេជីវិត​បុរស​ដែរ​ឬ​ទេ​?

ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​បច្ចុប្បន្នភាព​លទ្ធភាព​បន្ដ​ពូជ​របស់​មនុស្ស​បាន​រកឃើញ​ថា របប​អាហារ​សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ សារធាតុ​ប្រឆាំង​ជំងឺ​មួយ​ចំនួន (​វីតាមីន E, C បេតាការ៉ូទីន សេឡេស្យូម ស័ង្កសី និង​លីកូប៉ែន «​សម្បូរ​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​») ហ្វូឡេត វីតាមីន D និង​ខ្លាញ់​កែច្នៃ​តិច អាច​ជួយ​បង្កើន​គុណភាព​មេជីវិត​បុរស​ឡើង​វិញ​។

អាហារ​មួយ​ចំនួន ដូចជា ត្រី សន្ដានងាវ គ្រំ បសុបក្សី ធញ្ញជាតិ បន្លែ ផ្លែឈើ និង​ទឹកដោះគោ​ខ្លាញ់​តិច​ប្រចាំថ្ងៃ​ក៏​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​គុណភាព​មេជីវិត​ផង​ដែរ​។

ផ្ទុយ​ទៅវិញ​របប​អាហារ​សម្បូរ​សាច់​កំប៉ុង ទឹកដោះគោ​ខ្លាញ់ កាហ្វេ គ្រឿង​ស្រវឹង និង​សាច់​ក្រហម​មាន​ឥទ្ធិពល​បង្ក​ផលប៉ះពាល់​គុណភាព​មេជីវិត​ក្នុង​ករណី​ខ្លះ​។

ការទទួលទាន​គ្រឿង​ស្រវឹង កាហ្វេអ៊ីន សាច់​ក្រហម និង​គ្រឿង​កំប៉ុង​ច្រើន​របស់​មនុស្ស​ប្រុស​ត្រូវ​បាន​បង្ហាញ​ថា រង​នូវ​ប៉ះពាល់​អវិជ្ជមាន​លើ​បម្រែបម្រួល​អត្រា​មានគភ៌ ឬ​លទ្ធភាព​បង្ក​កំណើត​ជាមួយ​ដៃគូ​។

ស្ដ្រេសអូស៊ីដេទីវ

ខណៈ​ការស្រាវជ្រាវ​បង្ហាញ​មិន​ទាន់​ច្បាស់​អំពី​លទ្ធផល​នៃ​ជីវជាតិ​អាមេរិក​លើ​គុណភាព​មេជីវិត វា​ទំនង​ណាស់​ថា ការថមថយ​សមត្ថភាព​មាន​កូន​ប្រមាណ​ពី ៣០ ទៅ ៨០ ភាគរយ​ករណី​ក្នុង​ចំណោម​បុរសៗ​បង្ក​ឡើង​ដោយសារ​ស្ដ្រេសអូស៊ីដេទីវ​។

ស្ដ្រេសអូស៊ីដេទីវ (Oxidative stress) កើតឡើង​ពេល​សមាសធាតុ​ក្រុម​អុកស៊ីហ្ស៊ែន​ប្រតិកម្ម (ROS) មាន​ចំនួន​លើស​ពី​សារធាតុ​ប្រឆាំង​ជំងឺ​ដែល​ផលិត​ឡើង​ដើម្បី​គ្រប់គ្រង​លើ​ការខូចខាត​ដែល​ខ្លួន​បង្ក​។ ការប្រមូល​ផ្ដល់ ROS ច្រើន​ក្នុង​កោសិកា​មេជីវិត​អាច​ធ្វើឲ្យ​ប្រែប្រួល DNA និង​ប៉ះពាល់​ដល់​ចលនា​បំផ្លាស់ទី ថាមពល និង​ចំនួន​មេជីវិត បុរស​ដែល​អាច​ប៉ះពាល់​លើ​សមត្ថភាព​បង្ក​កំណើត​របស់​ពួកគេ​ផង​ដែរ​។

បញ្ហា​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​អាការ​ស្ដ្រេស​អូស៊ីដេទីវ គឺជា​របៀប​រស់នៅ​ប្រចាំ​ភ្ជាប់​នូវ​ទម្លាប់​ជក់បារី គ្រឿង​ស្រវឹង ធាត់​ជ្រុល និង​ស្ដ្រេស​ឥតល្ហែ​ក្នុង​ឆាកជីវិត​៕ HR