ក្រុងញូវយ៉ក: រោមភ្នែកវែងគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសនារីតែម្ដង។ អ្នកខ្លះបានប្រើវិធីតរោមភ្នែកដើម្បីឲ្យសម្ផស្សកាន់តែស្អាត។ ប៉ុន្តែការសិក្សាថ្មីមួយបានអះអាងថា ប្រវែងរោមភ្នែកវែងបែរជាហុចផលអវិជ្ជមានដល់សុខភាពចក្ខុរបស់អ្នកទៅវិញ។
អ្នកវិទ្យាសាស្ត្របាននិយាយថា រោមភ្នែករបស់មនុស្សគួរតែមានប្រវែងមួយភាគបីនៃរង្វង់ភ្នែកទើបវាមានប្រសិទ្ធភាពការពារធូលី និងផ្ដល់អនាម័យដល់គ្រាប់ភ្នែកបាន។
ការស្រាវជ្រាវចុះផ្សាយក្នុងព្រឹត្តិបត្រ Royal Society Interface នេះត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកទេសចចជៀ។
ក្នុងករណីដែលរោមភ្នែកមានប្រវែងសមរម្យស្មើនឹង១ភាគ៣នៃប្រវែងរង្វង់ភ្នែក វាអាចដើរតួនាទីជារបាំងបក់ការពារភាពស្ងួត និងធូលីបាន ៥០ ភាគរយឯណោះ។
សមត្ថភាពការពារនេះនឹងបាត់បង់ ប្រសិនបើវាមានប្រវែងវែងពេក។ សម្រាប់អ្នកដែលមានរោមភ្នែកវែងខ្លាំង វាមិនអាចដើរតួនាទីជារបាំងខ្យល់ ហើយវារឹតតែនាំខ្យល់មកប៉ះភ្នែក បង្កជាអាការស្ងួត និងជាប់ធូលីដីថែមទៀតផង។
និយាយឲ្យខ្លីទៅគឺរោមភ្នែកវែងខ្លាំងអាចធ្វើឲ្យភ្នែកកាន់តែស្ងួត និងកខ្វក់។
ដោយសារតែការសម្គាល់ឃើញដូច្នេះហើយ ទើបអ្នកវិទ្យាសាស្ត្របានអំពាវនាវដល់អ្នកថែរក្សាសម្ផស្សទាំងឡាយកុំឲ្យធ្វើការតរោមភ្នែក ឬប្រើវិធីកែកុននានាឲ្យរោមទាំងនោះវែងហួសហេតុ។ ចូររក្សាប្រវែងរោមភ្នែកកុំឲ្យលើស ១ ភាគ ៣ នៃប្រវែងរង្វង់ភ្នែកឲ្យសោះ ប្រសិនបើអ្នកចង់ឲ្យសុខភាពចក្ខុល្អប្រសើរ៕