The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោត​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង ជួយ​សុខភាព និង​បង្កើន​មិត្ត​នៅ​ក្លិប Go Fit

លោត​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង ជួយ​សុខភាព និង​បង្កើន​មិត្ត​នៅ​ក្លិប Go Fit

Content image - Phnom Penh Post
អ្នកចូលរួម​ហាត់​តាម​ចង្វាក់​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​បន្ថយ​ការតានតឹង និង​ជួយ​សម្រក​ទម្ងន់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោត​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង ជួយ​សុខភាព និង​បង្កើន​មិត្ត​នៅ​ក្លិប Go Fit

ភ្នំពេញៈ ជា​កន្លែង​ហាត់ប្រាណ សម្រក​ទម្ងន់​បាន​ច្រើន​គីឡូ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ក្លិប​ហាត់ប្រាណ Go Fit កំពុង​ទាក់ទាញ​អ្នក​មាន​សាច់​ទ្រលុកទ្រលន់​មក​រាំ លោត​លេង​តាម​ចង្វាក់ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​ល្អ​សម្រាប់​សុខភាព ថែម​ទាំង​បាន​រាប់អាន​មិត្តភក្តិ​ថ្មី​ដែល​បាន​មក​ហាត់ប្រាណ​កម្សាន្ត​ជាមួយ​គ្នា​ផង​ដែរ​។

អ្នកនាង ហេង ទៀង អ្នក​គ្រប់គ្រង​ទូទៅ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «Go Fit គឺជា​ក្លិប​ហាត់ប្រាណ​ដោយ​ផ្តោត​លើ​ការសម្រក​គីឡូ​គឺ​យើង​ហាត់​ដោយ​លោត​តាម​ចង្វាក់​ភ្លេង ហើយ​ការហាត់​បែប​ហ្នឹង​គឺ​សប្បាយ​សម្រក​គីឡូ​លឿន ដុត​ជាតិ​ខ្លាញ់​បាន​ល្អ​។ ​ការលេង​កីឡា​បែប​នេះ​គឺ​ថ្មី ប្លែក និង​អាច​ជួយ​សិស្ស​ឲ្យ​គាត់​កាត់បន្ថយ ការតានតឹង​របស់​គាត់​បាន​ផង​ដែរ​»​។

អ្នកគ្រប់គ្រង​ទូទៅ​វ័យ​ ២៦ ​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​នៃ​ការបង្កើត​កន្លែង​ហាត់ប្រាណ​នេះ​ថា ដោយសារ​តែ​អ្នកនាង​បាន​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​កំពុង​តែ​ប្រឈមមុខ​នឹង​បញ្ហា​លើស​គីឡូ​ខ្លាំង ហើយ​ពួកគាត់​ចង់​សម្រក​ទម្ងន់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​។ រីឯ​មនុស្ស​មួយ​ចំនួន​បាន​ធ្វើការ​ហាត់ប្រាណ តែ​ការសម្រក​ទម្ងន់​បាន​តិច​គីឡូ ដូចនេះ​អ្នកនាង​បាន​សម្រេច​ចិត្ត​បង្កើត Go Fit កាលពី​ឆ្នាំ​ ២០១៧​។

Content image - Phnom Penh Post
គ្រូ​មាន​បទពិសោធ​គួបផ្សំ​ឧបករណ៍​កុម្ម៉ង់​ពី​បរទេស​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកនាង ទៀង បន្ថែម​ថា​៖ «​ដំបូង​ខ្ញុំ​ចូលចិត្ត​លេង​កីឡា​ណាស់ ហើយ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ទៅ​លេង​តៃវ៉ាន់ ខ្ញុំ​បាន​ឃើញ​ការហាត់​ចង្វាក់​ហ្នឹង​ផ្ទាល់ ខ្ញុំ​គិត​ថា​កីឡា​ហ្នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​មែនទែន ហើយ​អ្នក​ហាត់​ស្វាហាប់​ណាស់ អ៊ីចឹង​ខ្ញុំ​ចាប់ផ្តើម​គិត​ថា​ចង់​យក​កីឡា​ហ្នឹង មក​ខ្មែរ ព្រោះ​ឃើញ​ថា​នៅ​កម្ពុជា​អត់​ទាន់​មាន​អ្នក​ណា​មាន​ទេ ហើយ​ខ្ញុំ​ចាប់ផ្តើម​ហាត់រៀន​វា ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​បាន​យក​ជំនាញ​នេះ​បូក​ជាមួយ​ការច្នៃប្រឌិត​ទៀត ដើម្បី​ធ្វើឲ្យ​វា​ថ្មី ប្លែក ឲ្យ​អ្នក​ហាត់​អារម្មណ៍​ថា សប្បាយ​ខ្លាំង​»​។

ការហាត់​ប្រាណ​បែប​លោត​រាំ​នេះ (Jumping) មាន​ភាពងាយស្រួល មិន​លំបាក​នោះ​ឡើយ ទោះបី​ជា​អ្នក​ដែល​មិន​មាន​បទពិសោធ ក៏​អាច​រៀន​ឆាប់​ចេះ ដោយសារ​តែ​ទីនេះ​មាន​អ្នកគ្រូ​បង្ហាញ​ពី​កាយវិការ​លោត​រាំ​នៅ​ខាង​លើ​ឆាក និង​មាន​អ្នក​បង្ហាត់​ផ្សេង​ទៀត​នៅ​ចាំ​ជួយ​បង្ហាត់ បង្រៀន ក្បែរ​សិស្ស​នៅ​ខាង​ក្រោម​ឆាក​ដោយ​ចំណាយពេល ២ ឬ ៣ ថ្ងៃ​សិស្ស​ម្នាក់​នឹង​ស៊ាំ និង​តាម​ទាន់​ចង្វាក់ភ្លេង​ដូច​សិស្ស​ដទៃ​ទៀត​។ កីឡា​នេះ​បាន​ធ្វើឲ្យ​គ្រូ និង​សិស្ស​កាន់តែ​សប្បាយ​ជុំ​គ្នា និង​បង្កើន​មិត្តភក្តិ ស្រឡាញ់ រាប់អាន និង​សាមគ្គី និង​មិនមាន​សម្ពាធ​។

បើក​ដំណើរកាល​ជិត ២ ​ឆ្នាំ Go Fit មាន​គ្រូជំនាញ​ចំនួន ៦ ​នាក់​ដែល​បាន​សិក្សា​នៅ​បរទេស​។ គ្រូបង្ហាត់​មាន​គន្លឹះ​ក្នុង​ការបង្ហាត់​ឲ្យ​ឈរ​លើ​តាប​លោត ការ​លោត​នឹង​បង្ហាត់​ពី​ការទប់​លំនឹង​។ ឧបករណ៍​ដែល​ត្រូវ​បាន​កុម្ម៉ង់​ពី​បរទេស​មាន​សភាព​រឹងមាំ ស៊ូ​នឹង​ទម្ងន់​រហូត​ដល់​ ១៥០ ​គីឡូ​។

អ្នកនាង​បាន​និយាយ​ថា​៖ «​សិស្ស​មក​ភាគច្រើន​មាន​គីឡូ​ដល់​ ១០០ ​គីឡូ​ជាង ដំបូង​ពួកគាត់​មាន​អារម្មណ៍​ថា គាត់​អត់​អាច​ធ្វើ​វា​បាន​ទេ តែ​ពួកយើង​បាន​លើក​ទឹកចិត្ត​គាត់ ហើយ​បង្ហាត់​គាត់ អ្នកខ្លះ ២ ខែ​អាច​ស្រក​បាន ១០ គីឡូ ពួកគាត់​អរគុណ​យើង​គាត់​ថា​គាត់​សប្បាយ​ណាស់​»​។
អ្នកគ្រប់គ្រង​ទូទៅ រាង​ស្រលូន​រូប​នេះ​បញ្ជាក់​ថា​៖ «១ ថ្ងៃ​យើង​ហាត់​តែមួយ​ម៉ោង​ទេ ព្រោះ​រាងកាយ​មនុស្ស​យើង បើ​ហាត់​លើស​ពី​ហ្នឹង​ក៏​វា​ទ្រាំទ្រ​អត់​បាន​ដែរ​។ ហាត់​តែ ១ ម៉ោង​គ្រប់គ្រាន់​ល្មម​នឹង​ជួយ​ដុត​កាល​ឡូរី​ច្រើន ព្រោះ​ការលោត​នេះ ១៥ នាទី​ស្មើ​នឹង​យើង​ដើរ​ម៉ាស៊ីន​ ១ ​ម៉ោង​ឯណោះ​» ។

ការហាត់​ប្រាណ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង ១ ​ម៉ោង​តម្លៃ​ ៤ ​ដុល្លារ និង​ក្នុង ១ ​ខែ តម្លៃ ៨៩ ​ដុល្លារ​។ តែ​បើ​មាន​មិត្តភក្តិ ឬ​បងប្អូន​ហាត់​ជាមួយ​តម្លៃ ៧៩ ដុល្លារ​ក្នុង ១ ​ខែ​។

បើក​ពី​ម៉ោង ៤ ​រសៀល​ដល់​ម៉ោង ៨ យប់​ដោយ​ចែក​ជា ៤ វេន ក្លិប Go Fit មាន​ទីតាំង​ធំ​ទូលាយ​អាច​ផ្ទុក​បាន​ចំនួន​ជាង ១០០ ​នាក់​ជាមួយ​ទំហំ​ជាង ៣០០ ​ម៉ែត្រការ៉េ និង​ស្ថិត​នៅ​កែង​ត្រង់​ផ្លូវ​ ៤៣០ ​និង​ផ្លូវ ៤៩៦​។ ទូរស័ព្ទ​លេខ ០១៧ ៨៧៤ ៨៤៨ និង ០៦៩ ៨៧៤ ៨៤៨៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។