ក្រុង​វែលីងតោន៖ ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​នូវែសេឡង់​ដែល​បង្ហាញ​ពី​តារា​សិច​ ២ នាក់ ​នៅ​ផ្ទះ​ក្មេង​ប្រុស​ម្នាក់​បាន​ជួយ​ឲ្យ​យុទ្ធនាការ​សុវត្ថិភាព​តាម​អនឡាញ​ថ្មី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

វីដេអូ​ «​Keep It Real Online» បាន​បង្ហាញ​ពី​តួកុន​សិច​អាក្រាត​ ២ នាក់ ​ត្រូវ​បាន​ទទួល​​ដោយ​អ្នក​ម្ដាយ​ក្មេង​ប្រុស​នោះ​មុន​ពេល​កុមារ​រូប​នេះ​ដើរ​ចេញ​មក​ជួប​អ្នក​ទាំង ​២ ក្នុង​សភាព​ភាំង​ស្មារតី ខណៈ​ដៃ​ម្ខាង​កាន់​កុំព្យូទ័រ​យួរ​ដៃ​ជាប់​។

ស្ដ្រី​អ្នក​នាំពាក្យ​ឲ្យ​រដ្ឋាភិបាល​នូវែលសេឡង់​បាន​និយាយ​ថា វីដេអូ​ផ្សព្វផ្សាយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ជួយ​ឪពុក​ម្ដាយ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​អនឡាញ​ រួម​ទាំង​ការ​លួង​លោម​ក្មេង ​ដើម្បី​សិច​តាម​អនឡាញ​ ការ​ប្រមាថ​មាក់​ងាយ និង​រូបភាព​អាស​អាភាស​។

វីដេអូ​នោះ​មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​តាំង​ពី​បើក​យុទ្ធនាការ​ប្រមាណ ១០ ថ្ងៃ​មុន​។

ស្ដ្រី​អ្នក​នាំពាក្យ​រូប​នេះ បាន​និយាយ​ថា​៖ «​ការ​ប្រតិកម្ម​ចំពោះ​យុទ្ធនាការ​មាន​ចំនួន​ច្រើន​លើស​លប់។ ១ ​សប្ដាហ៍​កន្លះ​​ដំបូង​នៃ​យុទ្ធនាការ វីដេអូ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​គេ​ចូល​ទស្សនា​​សរុប​ ១១ លាន​ដង​»។

យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​រូបភាព​អាក្រាត​មាន​អ្នក​ចូល​ទស្សនា​ជាង ២,៥ លាន​ដង​លើ​យូធូប​ គិត​ត្រឹម​ថ្ងៃ​ទី ២៥​ ខែ​មិថុនា​។

ស្ដ្រី​អ្នក​នាំពាក្យ​បាន​បន្ដ​ថា​៖ «​ក្នុង​ករណី​ការ​ផ្សព្វផ្សាយ​អាស​អាភាស​ វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​រ៉ាវ​សង្គម​ពិត​ថា ក្មេង​ៗ​ជា​ច្រើន​​រៀន​ប្រព្រឹត្ដិ​ផ្លូវ​ភេទ​តាម​ភាពយន្ដ​សិច​។ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ​ និង​បញ្ជូន​សារ​មិន​ល្អ​អំពី​អត្ថន័យ ​រូបភាព​អាក្រាត​ និង​សិច​ចំពោះ​ក្មេងៗ​»។

យុទ្ធនាការ​នេះ​គ្រោង​នឹង​បន្ដ​រហូត​ដល់​ដំណាច់​ខែ​កក្កដា​៕ AFP/HR