ភ្នំពេញ: ខណៈជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ លើសជាតិស្ករ និង ជំងឺទឹកនោមផ្អែម ដែលត្រូវសាស្ត្រាចារ្យរងវេជ្ជបណ្ឌិត ស៊ូវ៉ាត់ឆៃ ផនរតនារ៉ាងស៊ី អ្នកឯកទេសខាងជំងឺបេះដូងនៅមជ្ឈមណ្ឌល បេះដូងនៃមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ ណែនាំថា អាចកាត់បន្ថយបានដោយការធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំបេះដូងដើម្បីសុខភាពល្អប្រសើរឡើង នោះ ដោយឡែកជំងឺប្រព័ន្ធរំលាយអាហារក្នុងរាងកាយក៏ជាបញ្ហាធំ និងស្មុគស្មាញមួយផងដែរសម្រាប់នុស្សដែលវិវឌ្ឍទៅរកភាពជរា។
ប្រព័ន្ធរំលាយអាហាររួមបញ្ចូលទាំងសរីរាង្គសំខាន់ៗជាច្រើន និងមានវិសាលភាពធំចាប់ពី មាត់ និងបំពង់អាហារ ឆ្លងកាត់ ក្រពះ ពោះវៀនតូច ពោះវៀនធំ និងរន្ធគូថ។ សម្រាប់អ្នកមានមន្ទិលពីសុខភាពប្រព័ន្ធរំលាយអាហាររបស់ខ្លួន ពិសេសសម្រាប់មនុស្សវ័យជ្រេ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានទទួលការពិនិត្យតាមម៉ាស៊ីន GI Scope បើទោះជាពួកគេពុំមានអាការធ្វើទុក្ខ ឬរោគសញ្ញាអ្វីក៏ដោយ។
លោកវេជ្ជបណ្ឌិត ចាក់កាផាន់ អូសាងថាមណន់ ប្រធានផ្នែកជំងឺក្រពះពោះវៀន និងជំងឺថ្លើមប្រចាំ នៅមជ្ឈមណ្ឌលផ្នែកប្រព័ន្ធរំលាយអាហារ (G-I) នៃមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់ បានណែនាំពីវិធីជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដូចជា ការឆ្លុះមើលក្រពះ ពោះវៀនធំ និងពង់ឆ្លុះ ERCP ដែលកំពុងប្រើប្រាស់សម្រាប់អ្នកជំងឺឯមជ្ឈមណ្ឌល វេជ្ជសាស្ត្រ និងមន្ទីរពេទ្យទូទាំងពិភពលោក ព្រមទាំងនៅមន្ទីរពេទ្យបំរុងរ៉ាត់ផងដែរ។
លោកណែនាំថា៖ «មនុស្សទាំងអស់ដែលមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅគួរតែទៅមន្ទីរពេទ្យដើម្បីសុងពិនិត្យមើលជំងឺ ក្រពះ និងពោះវៀននេះឲ្យបានគ្រប់គ្នា ទោះជាមិនមានអាការឈឺក៏ដោយ»។
លោកបានបន្តថា៖ «សម្រាប់ការសុងតាមរយៈម៉ាស៊ីន GI Scope នេះគឺតម្រូវឲ្យអ្នកជំងឺមិនហូបរយៈពេលពី ៨ ទៅ ១០ ម៉ោង មិនឲ្យជក់បារី ទំពាស្ករកៅស៊ូ ហើយត្រូវប្រាប់ដល់វិជ្ជបណ្ឌិត ប្រសិនជាយើងមានជំងឺ សួត បេះដូង ឬក៏ប្រតិកម្មនិងថ្នាំណាមួយជាដើម»។
លោកបានអះអាងទៀតថា៖ «ចំពោះការបញ្ចូលកាមេរ៉ាឆ្លុះចូលតាមមាត់នេះគឺមិនមានការឈើចុកចាប់អីទេ ដោយពេទ្យចាក់ថ្នាំសណ្តំតិចតួច ជួយកុំឲ្យអ្នកជំងឺក្អក ឬអួលនៅពេលដែលសុងកាមេរ៉ាចូល មុន និងដាក់កាមេរ៉ាចូលគឺតម្រូវឲ្យអ្នកជំងឺគេងទៅខាងឆ្វេង រួចហើយបានដាក់ចូលក្នុងពោះតាមមាត់ដើម្បីពិនិត្យមើលបំពង់អាហារ ក្រពះនិងផ្នែកខាងលើនៃពោះវៀនតូច ដែលចំណាយពេលពិនិត្យរយៈពេលពី ៥ ទៅ ២០ នាទី»៕