ភ្នំពេញៈ ប្រជាជន​ខ្មែរ​ភាគច្រើន​គិត​ថា​វា​ជា​ជំងឺ​ថ្មី តែ​តាម​ការពិត​ជំងឺ​ពងបែក ធ្លាប់​កើត​មាន​ពី​មុនៗ​រួច​ហើយ​មិន​ត្រឹម​តែ​លើ​កុមារ​ទេ សូម្បីតែ​មនុស្ស​ចាស់​ក៏​អាច​មាន​ជំងឺ​នេះ​ដែរ​។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ធ្វើការ​បង្ហាញ​ពី​ជំងឺ​នេះ​ថា​៖ «​ជំងឺ​ពងបែក វា​បង្ក​ឡើង​ដោយ​វីរុស​ ២ ​ប្រភេទ​ដែល​គេ​ហៅថា Coxsackie A16 និង EV71 ដែល​ឆ្លង​តាមរយៈ​អាហារ ទឹករងៃ​របស់​អ្នកជំងឺ ផឹកទឹក​មិន​ស្អាត និង​ការ​បណ្តោយ​កុមារ​ទៅ​លេង​កន្លែង​ដែល​កខ្វក់​។ ចំពោះ​កុមារ​ដែល​មាន Coxsackie A16 គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ច្រើន​នោះ​ទេ ហើយ​វា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួនឯង​បាន​»​។

យោង​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ និង​ទារក​រូប​នេះ​ដំណាក់កាល Coxsackie A16 មិន​ធ្ងន់ធ្ងរ​នោះ​ទេ​ដោយ​ដំបូង​ក្មេង​ក្តៅខ្លួន​ខ្លាំង ស្រៀវស្រាញ ឈឺ​គ្រាប់ភ្នែក ឈឺសន្លាក់​ដៃជើង មិន​ញ៉ាំ​អាហារ ព្រោះ​តែ​ឈឺ និង​មាន​ពងបែក​ក្នុង​មាត់​។ អាការ​នេះ​ក៏​អាច​នឹង​បាត់​ទៅវិញ​ដោយសារ​យើង​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​ព្យាយាម​ងូតទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កុមារ​។

រីឯ​រោគសញ្ញា​ជំងឺ​ពងបែក​ប្រភេទ EV71 វេជ្ជបណ្ឌិត​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​ដំណាក់កាល​ទី​ ១ គ្រាន់​តែ​មាន​ពងបែក​នៅលើ​មាត់​។ ទី ២ ចាប់ផ្តើម​មាន​នៅលើ​បាតដៃ​បាតជើង និង​មាន​នៅ​គូទ​។ ទី ៣ កុមារ​ចាប់ផ្តើម​ដង្ហក់ វា​ឈាន​ដល់​ជំងឺ​រលាក​ទងសួត និង​ទី ៤ កុមារ​បាត់បង់​ជីវិត ប៉ុន្តែ​បើ​សិន​ជា​កុមារ​នៅ​មាន​ជីវិត​ក៏​មិន​ប្រក្រតី​ដែរ អាច​នឹង​ឡិកឡក់ ឬ​សរសៃ​ប្រសាទ​ជាដើម​។ ប៉ុន្តែ​កុំ​បារម្ភ​អី វា​មាន​តែ​ ២ ​នាក់​ក្នុង​ចំណោម ១០០ ​នាក់​»​។

លោក​ក៏​បាន​ផ្តាំ​ផង​ដែរ​ថា​កុំ​ដាំទឹក​ជាមួយ​ស្លឹកឈើ ឬ​រុក្ខជាតិ​ផ្សេងៗ​ដែល​ប្រជាជន​គិត​ថា​ជា​ថ្នាំ​ឲ្យ​កុមារ​ងូត​ឲ្យ​សោះ​ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​កុមារ​អ្នកជំងឺ​ពងបែក​។ កម្ទេចកម្ទី​ឫស​ឈើ​អាច​បណ្តាល​ឲ្យ​មាន​បាក់តេរី​ផ្សេងៗ​ធ្វើ​ឲ្យ​សុខភាព​កុមារ​រឹតតែ​យ៉ាប់​។

ចំពោះ​វិធី​ព្យាបាល Coxsackie A16 លោក​បន្ត​ថា​៖ «​គ្រាន់តែ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​ធម្មតា កុំ​ប្រើ​ថ្នាំ​ផ្សះ ប្រើ​ថ្នាំ​ស្វាយ ឬ​បេតាឌីន​ទៅ​លើ​ដំបៅ​ពងបែក ងូតទឹក​ឲ្យ​កុមារ​ឲ្យ​បាន​ញឹកញាប់ និង​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន បន្ថែម​អាហារ​ដែល​ទន់​ងាយ​ញ៉ាំ​ឲ្យ​កុមារ​ទទួលទាន ដើម្បី​ជួយ​សម្រួល​ដល់​បំពង់ក​កុមារ​កំពុង​តែ​ឈឺ​»​។

រីឯ​ប្រភេទ EV71 ជា​ប្រភេទ​ធ្ងន់​ដោយ​កុមារ​ចាប់ផ្តើម​មាន​អាការ​ដង្ហក់​ខ្លាំង​ត្រូវ​ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​ដាក់​អុកស៊ីហ្ស៊ែន​ជំនួយ និង​ធ្វើការ​ព្យាបាល​តាម​អាការ​ជំងឺ​កុមារ​។

ទោះ​មិន​មាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ពងបែក ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា​ការការពារ​អាច​ធ្វើ​បាន​តាមរយៈ​ការរស់នៅ​ស្អាត បរិភោគ​ស្អាត និង​ជាពិសេស​ពិសា​ទឹកស្អាត ហើយ​ព្យាយាម​នាំ​កុមារ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ​៕

វេជ្ជបណ្ឌិត ប៉ែន កក្កដា បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ រូបថត ហ្វេសប៊ុក