ក្រុងញូវយ៉ក: ការសិក្សាថ្មីមួយបានរកឃើញថា សមាធិតែមួយម៉ោងគ្រប់គ្រាន់ក្នុងការកាត់បន្ថយអារម្មណ៍ក្រេវក្រោធ និងស្ដ្រេសឲ្យរសាយពីទ្រូង។
កម្មវិធីធ្វើឲ្យអារម្មណ៍ស្ងប់បានក្លាយជាជម្រើសដ៏ពេញនិយមក្នុងចំណោមអ្នកកើតជំងឺធ្លាក់ទឹកចិត្ដខ្ពស់ និងទាមទារឲ្យបុគ្គលិកទាំងអស់ត្រូវតែអនុវត្ដ។
ការសិក្សាថ្មីមួយដែលណែនាំដោយសង្គមសរីរសាស្ដ្រអាមេរិក បានបង្ហាញថា ការអនុវត្ដសមាធិចិត្ដពិតជាមានឥទ្ធិពលខ្លាំង ហើយគ្រាន់តែសមាធិមួយម៉ោង វាអាចជួយលាងសម្អាតចិត្ដឲ្យជ្រះថ្លាពេលស្មុគស្មាញការងារ។
លទ្ធផលនេះ បានលើកឡើងថា សមាធិអាចត្រូវបានចាត់ទុកជាវេជ្ជបញ្ជា សម្រាប់ព្យាបាលអ្នកជំងឺមានអារម្មណ៍ឆេវឆាវដំណាក់កាលដំបូងដើម្បីការពារបញ្ហាសុខភាពផ្លូវកាយ។
ជាអ្នកនិពន្ធដឹកនាំការសិក្សា វេជ្ជបណ្ឌិត ចន ជេឌូរ៉ូឈ័រ ជំនួយការសាស្ដ្រាចារ្យសរីរសាស្ដ្រមកពីនាយកដ្ឋានវិទ្យាសាស្ដ្រជីវសាស្ដ្រ សាកលវិទ្យាល័យបច្ចេកវិទ្យាមីឈីហ្គេន បាននិយាយថា៖ «អ្នកចូលរួមក៏បានកាត់បន្ថយបញ្ហាលើសរសៃឈាមរយៈពេលមួយម៉ោងក្រោយធ្វើសមាធិផងដែរ។ វាអាចជួយកាត់បន្ថយស្ដ្រេសលើសរីរាង្គ ដូចជា ខួរក្បាល និងក្រលៀន ព្រមទាំងជួយទប់ទល់នឹងបញ្ហាមួយចំនួនទៀត រួមទាំងសម្ពាធឈាមឡើងខ្ពស់»។
ស្ដ្រេស និងអារម្មណ៍ក្រេវក្រោធបង្កបញ្ហាដល់សុខភាពរាងកាយ បង្កើនកម្រិតរលាក ដែលអាចឈានដល់ជំងឺបេះដូង និងបញ្ហាលើមុខងាររាងកាយផ្សេងៗទៀត។ តែមុននឹងប្រើឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ដ ក្រុមស្រាវជ្រាវក្នុងក្រុងមីឈីហ្គេន ជំរុញឲ្យសាកល្បងធ្វើសមាធិមួយម៉ោងសិន៕
HR