ក្រុងញូវយ៉ក: ការសិក្សា​មួយ​បាន​បង្ហាញ​ថា​សារធាតុគីមី​ក្នុង​ឡេ​ការពារ​កម្ដៅថ្ងៃ​ជ្រាប​ចូល​ក្នុង​ឈាម​រហូត​ដល់​លើស​កម្រិត​សុវត្ថិភាព​បញ្ចៀស​បញ្ហា​មហារីក ៤១៩ ​ដង​ឯណោះ​។

រដ្ឋបាល​ឱសថ និង​ស្បៀងអាហារ​អាមេរិក (FDA) ដែល​ធ្វើ​កិច្ចការ​លើ​សុវត្ថិភាព ឧបករណ៍ និង​ផលិតផល​វេជ្ជសាស្ដ្រ​នៅ​សហរដ្ឋអាមេរិក​ណែនាំ​ការប្រើប្រាស់​សារធាតុ​គីមី​មិន​លើស​ពី ០,៥ ណាណូ​ក្រាម​ក្នុង​ ១ មិល្លីក្រាម ដើម្បី​ទប់ស្កាត់​ជំងឺ​មហារីក​។

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្នុង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​អាច​ផ្ទុក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​ដូចជា សារធាតុ​អុកស៊ីបេនហ្ស៊ូន រំខាន​ដល់​អ័រម៉ូន​ដែល​នាំ​ឲ្យ​ផ្ដុំ​ជា​សារធាតុពុល​ច្រើន​។

សារធាតុ​អុកស៊ីបេនហ្ស៊ូន អាច​ប៉ះពាល់​នឹង​សកម្មភាព​អ័រម៉ូន​ដែល​គ្រប់គ្រង​លើ​ដំណើរ​មានគភ៌​។ កម្រិត​សារធាតុ អាវូបេនហ្ស៊ូន ដែល​ត្រូវ​បាន​ភ្ជាប់​នឹង​ជំងឺមហារីក និង​អុកតូគ្រីលេន ដែល​បង្ក​ការរលាក​ស្បែក ភ្នែក ឬ​សួត​។ អេខេមសូល ដែល​អាច​បង្ក​ឲ្យ​ស្បែក​ស្ងួត កន្ទួល​ក្រហម និង​មុន​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កត់ធ្ងន់​ថា​ការសិក្សា​នេះ​មិនមែន​មាន​ន័យ​ថា អ្នកប្រើប្រាស់​គួរ​បោះចោល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ​ទេ​។ កត្ដា​ទាក់ទង​ផ្សេងៗ​នៃ​ការសិក្សា​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​ក៏​នៅ​តែ​ជឿជាក់​លើ​ប្រសិទ្ធភាព​ការពារ​ស្បែក​ខូច​ពី​កម្ដៅថ្ងៃ និង​កាំរស្មីយូវី​។

កត្ដា​ហានិភ័យ​ផ្នែក​ទ្រឹស្ដី​សារធាតុពុល​ជ្រាប​ចូល​សរសៃឈាម​ស្ទើរតែ​តិចតួច​ជាង​ហានិភ័យ​ចំពោះ​សមត្ថភាព​កាត់បន្ថយ​គ្រោះថ្នាក់​មហារីក​ស្បែក​ដែល​អាច​ទប់ស្កាត់​តាមរយៈ​ការលាប​ឡេ​ការពារ​កម្ដៅថ្ងៃ​៕ HR