ក្រុងញូវយ៉ក: ចំណងស្នេហាអាចធ្វើឲ្យពិភពលោកកាន់តែស្រស់ថ្លា តែវាក៏ជួយលើកស្ទួយសុខភាពរាងកាយចាប់ពីសម្ពាធឈាម កម្រិតអាចទ្រាំទ្រនឹងការឈឺចាប់ ព្រមទាំងប្រតិកម្មអាល្លែកហ្ស៊ីផងដែរ។
ក្ដីស្រឡាញ់ជាលទ្ធផលនៃសកម្មភាពក្នុងបណ្ដុំតំបន់ទាំង ១២ នៃខួរក្បាល។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវើជីនៀខាងលិច រដ្ឋកាលីហ្វ័រនីញ៉ា។
សាស្ដ្រាចារ្យ សឺ ការី ខូពើរ ជាអ្នកឯកទេសខាងចិត្ដវិទ្យាមកពីសាកលវិទ្យាល័យមេនឆេស្ទ័រ បាននិយាយថា៖ «ព្រឹត្ដិការណ៍ដ៏មានតម្លៃចំពោះឆាកជីវិត ដូចជា ក្ដីស្រឡាញ់នរណាអស់ពីចិត្ដថ្លើម ជះឥទ្ធិពលខ្លាំងលើសរីរសាស្ដ្រ ព្រមទាំងផ្លូវចិត្ដ។ ប្រព័ន្ធស៊ាំជំងឺ អ័រម៉ូន និងកត្ដាជាច្រើនទៀតក៏សុទ្ធតែពាក់ព័ន្ធ»។
ស្នេហាអាចបង្កើនលទ្ធភាពបំបាត់ការឈឺចាប់ថែមទៀត។ គ្រាន់តែគន់មនុស្សជាទីស្រឡាញ់អាចជួយបន្ថយការផលិតអ័រម៉ូន ដូផាមីន ដែលជំរុញការបញ្ចេញអានុភាពឱសថបំបាត់ការឈឺចាប់តាមធម្មជាតិ។
បើឈានដល់ដំណាក់កាលឱបថើបទៀត វាកាន់តែទទួលប្រយោជន៍ជាច្រើន។ ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្ដិបត្រស្រាវជ្រាវចិត្ដ និងកាយ បានរកឃើញថា ការឱបថើបកាត់បន្ថយការផលិតអ័រម៉ូន ហ៊ីស្ដាមីន ជាសមាសធាតុបង្កអាល្លែកហ្ស៊ី។ គូស្នេហ៍ដែលឱបថើបគ្នាញឹកញយក៏មានកម្រិតកូលេស្ដេរ៉ូលទាបផងដែរ។
ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក៏បានបង្ហាញផងដែរថា អ្នកដែលឱបថើបគ្នាជាប្រចាំក៏មិនងាយជួបនឹងជំងឺធ្លាក់ទឹកចិត្ដ ឬអារម្មណ៍ក្រេវក្រោធដែរ៕HR