The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សំណួរ​​​លើក​ឡើង​​ញឹកញាប់​​​នៅ​កម្ពុជា​ទាក់ទិន​ការ​ពិបាក​មាន​កូន

សំណួរ​​​លើក​ឡើង​​ញឹកញាប់​​​នៅ​កម្ពុជា​ទាក់ទិន​ការ​ពិបាក​មាន​កូន

សំណួរ​​​លើក​ឡើង​​ញឹកញាប់​​​នៅ​កម្ពុជា​ទាក់ទិន​ការ​ពិបាក​មាន​កូន

130327_21a
អ្នកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង ផ្ដល់ការពិគ្រោះជំងឺដល់អតិថិជនមកគ្លីនិកព្យាបាលជំងឺ សុខទៀង សហការី

ភ្នំពេញ : ក្រោយ​ពី​កត់​សម្គាល់​ថា ប្រជាជន​កម្ពុជា​មួយ​ចំនួន​សុខចិត្ត​ចំណាយ​ថវិកា​ច្រើន​ទៅ​​ព្យាបាល​បញ្ហា​ គ្មាន​កូន​នៅ​បរទេស​​នោះ អ្នក​ស្រី​វេជ្ជបណ្ឌិត ស៊ាន​ សុខ​ទៀង ជា​អ្នក​មាន​ឯកទេស​ផ្នែក​នេះ​ស្រាប់ បាន​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​មួយ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្ដិ៍ អ្នក​ស្រី​បាន​ពន្យល់​ទាក់ទិន​នឹង​បញ្ហា​នេះ​ដូច​តទៅ៖

តើ​អត្រា​ប្រឈម​នឹង​ការ​គ្មាន​កូន​របស់​គូស្វាមី​ភរិយា​មាន​ប៉ុន្មាន​ដែរ?

ការ ពិបាក​មាន​កូន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​នៅ​គ្រប់​វប្បធម៌​​ និង​សង្គម​ទាំងអស់​ ហើយ​ប៉ះពាល់​ដល់​គូស្វាមី​ភរិយា​ក្នុង​វ័យ​បន្ត​ពូជ​ប្រមាណ​ពី​១០​ទៅ​១៥​ភាគរយ​ ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចំនួន​គូស្វាមី​ភរិយា​ដែល​ស្វែងរក​ការ​ព្យាបាល​ការ​ពិបាក​មាន​កូន​បាន​កើន​ឡើង យ៉ាង​ច្រើន។

តើ​អ្វីជា​ការ​ពិបាក​មាន​កូន?

ការ​ពិបាក​មាន​កូន​មាន​ន័យ​ថា ការ​មិន​អាច​មាន​គភ៌​បន្ទាប់​ពី​ព្យាយាម​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ ឬ​ប្រាំ​មួយ​ខែ ក្នុង​ករណី​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ​៣៥​ឆ្នាំ​ឬ ចាស់​ជាង​នេះ។ ស្ត្រី​ដែល​អាច​មាន​គភ៌​ ប៉ុន្តែ​មិន​អាច​រក្សា​គភ៌​បាន​ ក៏​អាច​ចាត់​ទុក​ថា​ពិបាក​មាន​កូន​បាន​ដែរ។

សុំ​អ្នក​ស្រី​ពន្យល់​ត្រួសៗ​ពី​ដំណាក់​កាល​នៃ​ការ​កកើត​របស់​គភ៌?

ការ​មាន​គភ៌ គឺជា​លទ្ធផល​នៃ​ដំណាក់​កាល​ជាច្រើន។ ដើម្បី​មាន​គភ៌ សព៌ាង្គកាយ​របស់​ស្ត្រី​ត្រូវ​បញ្ចេញ​មេ​ជីវិត​ញី​ពី​អូវែរ​មួយ​របស់​ខ្លួន (​ដំណើរ​អូវុល)។ មេ​ជីវិត​ញី​ត្រូវ​ឆ្លង​កាត់​ដៃ​ស្បូន​ទៅ​កាន់​ស្បូន។ មេ​ជីវិត​ឈ្មោល​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​នៅ​ក្នុង​ដៃ​ស្បូន។ មេ​ជីវិត​ញី​បង្ក​កំណើត​ត្រូវ​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​ស្បូន។ ​ការ​ពិបាក​មាន​កូន​អាច​កើត​ឡើង​ប្រសិន​បើ​មាន​បញ្ហា​នៅ​ក្នុង​ដំណាក់កាល​ណា​មួយ នៃ​ដំណើរ​នេះ។

តើ​ការ​ពិបាក​មាន​កូន​មាន​លក្ខណៈ​អចិន្រៃ្តយ៍​ឬ​ទេ?

ការ​ពិបាក​មាន​កូន​អាច​ជា​បញ្ហា​បណ្តោះ​អាសន្ន ហើយ​វា​អាច​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើន​ខុសៗ​គ្នា។ ជួន​កាល​គូ​ស្វាមី​ភរិយា​មួយ​គូ​អាច​ប្រឈម​ច្រើន​ជាង​មួយ​បញ្ហា​។ មូល​ហេតុ​ជាច្រើន​នៃ​បញ្ហា​ទាំង​នេះ​អាច​កែប្រែ​បាន។ ទាំង​បុរស​ទំាង​ស្ត្រី​គួរ​តែ​ធ្វើ​តេស្ត។ ក្នុង​ចំណោម​គូស្វាមី​ភរិយា​ដែល​ពិបាក​មាន​កូន​ពី​១៥​ទៅ​២០​ភាគរយ បណ្តាល​មក​ពី​បុរស និង​ស្ត្រី។ ពី​៣៥​ទៅ​៤០​ភាគរយ បណ្តាល​មក​ពី​បុរស ហើយ​៣៥​ទៅ​៤០​ភាគរយ​បណ្តាល​មក​ពី​​ស្ត្រី។ ចំណែក​ឯ​២០​ភាគរយ​ផ្សេង​ទៀត មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។

តើ​គេ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ការ​ពិបាក​មាន​កូន​បាន​យ៉ាង​ដូចម្តេច?

គូស្វាមី​ភរិយា​ជា​ទូទៅ​ត្រូវ​បាន​ណែនាំ​ឲ្យ​ទៅ​ស្វែងរក​ជំនួយ​ផ្នែក​ វេជ្ជសាស្ត្រ បើ​ពួក​គេ​មិន​អាច​មាន​គភ៌​បន្ទាប់​ពី​ការ​រួម​ភេទ​ដោយ​ឥត​មាន​ការ​ការពារ​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​។ វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​ដៃ​គូ​ទាំង​ពីរ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​ទូទៅ​របស់​ពួក​គេ និង​ដើម្បី​វាយ​តម្លៃ​អំពី​ភាព​មិន​ប្រក្រតី​នៃ​សព៌ាង្គកាយ​ដែល​អាច​បណ្ដាល​ ឲ្យ​មាន​ការ​ពិបាក​មាន​កូន។ ជាទូទៅ ដៃ​គូ​ទាំង​ពីរ​ត្រូវ​បាន​សាក​សួរ​ទាក់ទង​នឹង​ទម្លាប់​រួម​ភេទ​ដើម្បី បញ្ជាក់​ថា តើ​ការ​រួម​ភេទ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​សម្រាប់​ការ​បង្ក​កំណើត​ដែរ​ឬ​ទេ?

ប្រសិន​បើ​រក​មិន​ឃើញ​មូលហេតុ​ក្នុង​ដំណាក់កាល​នេះ​ទេ នឹង​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​ជាក់​លាក់​បន្ថែម​ទៀត។ សម្រាប់​ស្ត្រី តេស្ត​ទាំង​នេះ​អាច​រួម​មាន​ការ​វិភាគ​លើ​សីតុណ្ហភាព​សព៌ាង្គ​និង​ដំណើរ​អូវុល ការ​ឆ្លុះ​កាំ​រស្មី​អ៊ិច​ដៃ​ស្បូន​ និង​ស្បូន និង​ការ​ឆ្លុះ​ពោះ (laparoscopy)។ ចំពោះ​បុរស ការ​ធ្វើ​តេស្ត​ដំបូង​គឺ​ផ្តោត​លើ​ការ​វិភាគ​ទឹក​កាម។

តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឲ្យ​គូស្វាមី​ភរិយា​ពិបាក​មាន​កូន?

បុរស​អាច​មាន​បញ្ហា​ពិបាក​មាន​កូន​ ដោយ​សារ​គាត់​មិន​មាន​ស្ពែម​គ្រប់គ្រាន់ ស្ពែម​មិន​ធ្វើ​​ចលនា​ ឬ​បំពេញ​មុខងារ​ត្រឹមត្រូវ ឬ​ស្ទះ​បំពង់​បង្ហូរ​ទឹក​កាម។ ជំងឺ គ្រុន​ក្តៅ ឬ​ជំងឺ​ឆ្លង និង​ភាព​មិន​ប្រក្រតី​ពី​កំណើត​អាច​ជា​កត្តា​បង្ក​ឲ្យ​មាន​បញ្ហា​ទាំង​នេះ មក​លើ​បុរស។ សូម​រង់ចាំ​អាន​បន្ត​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ។

អត្ថបទគួរចាប់អារម្មណ៍