ក្រុងស្ដុកខូលម៍ : ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការងារ​ស្មុគស្មាញ​ធ្វើឲ្យ​ស្ដ្រី​ឡើង​គីឡូ​ក្រឺតៗ​នាពេល​ខាង​មុខ តែ​មិន​សំដៅ​លើ​បុរសៗ​នោះ​ទេ​។

ការសិក្សា​លើ​មនុស្ស​ជាង ៣ ៨០០ នាក់​បាន​រកឃើញ​ថា​ស្ដ្រី​ដែល​ព្យាយាម​ជម្នះ​នឹង​កិច្ចការ​គរ​ដូច​ភ្នំ ឬ​មាន​អារម្មណ៍​ថា ពួកគេ​ពិបាក​គ្រប់គ្រង​អាជីព​ការងារ​ទំនង​ជា​ឆាប់​ឡើង​ទម្ងន់​នៅ ១០ ទៅ ២០ ​ឆ្នាំ​ក្រោយ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា​អារម្មណ៍​ស្ដ្រេស​ចំពោះ​ការងារ​ហាក់​ដូចជា​រំខាន​ដល់​ស្ដ្រី​ដោយ​ធ្វើឲ្យ​ពួកគេ​ឆាប់​ខ្ជិល ឬ​ចាប់ផ្ដើម​មាន​ចំណង់​ទទួលទាន​អាហារ​ខ្លាញ់​។

ពួកគេ​បាន​បន្ដ​ថា​ស្ដ្រេស​ក៏​បង្ក​ឲ្យ​ស្ដ្រី​បញ្ចេញ​អ័រម៉ូន​ខូទីសូល​ដែល​ជួយ​បង្កើន​ខ្លាញ់​នៅ​ជុំវិញ​ពោះ​ដោយ​នាំ​ឲ្យ​ខ្លាញ់​ក្បាលពោះ​កើនឡើង​។

ស្ដ្រី​អាច​ទទួល​រងគ្រោះ​ច្រើន​ជាង​បុរស ខណៈ​ពួកគេ​តែងតែ​ទទួល​ខុសត្រូវ​ការងារ​នៅ​កន្លែង​ធ្វើការ​ផង និង​កិច្ចការ​ផ្ទះ​ផង​ដែរ​។

ការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ហ្គូធេនប៊ឺក បាន​ឲ្យ​ដឹង​ថា​៖ «​អាច​មកពី​ស្ត្រី​ពិបាក​លៃ​រក​ពេល​ហាត់ប្រាណ និង​រស់នៅ​ក្នុង​របៀប​របប​ប្រកប​ដោយ​សុខុមាលភាព​»៕ HR