ភ្នំពេញៈ ជាមួយ​ក្លិនប្រហើរ​នៃ​រុក្ខជាតិ​ជាច្រើន​មុខ និង​ក្លិន​គល់​ស្លឹកគ្រៃ​សាយភាយ​ពេញ​អគារ​គួបផ្សំ​ជាមួយ​ភ្លេងខ្មែរ​យ៉ាង​ពីរោះ​រណ្តំ​នៅ បូឌា ស្ប៉ា ស្ថិត​នៅ​ផ្លូវ​លេខ ៣៥២ សង្កាត់​បឹងកេងកង​ ១ អ្នក​ម្ដាយ​កំពុង​តែ​ពពោះ អាច​មក​បន្ធូរ​ភាពតានតឹង សម្រួល​សាច់ដុំ និង​ចរន្តឈាម​តាមរយៈ​ការ​ស្ប៉ា​សម្រាប់​ស្ត្រី​មានគភ៌​។

អ្នកស្រី វ៉ាន់ បុប្ផាភួង (Vann Bopha Phourng) វ័យ ៣៧ ​ឆ្នាំ​ជា​អ្នកគ្រប់គ្រង បូឌា ស្ប៉ា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​បូឌា ស្ប៉ា មិន​ត្រឹម​តែ​មាន​ស្ប៉ា​សម្រាប់​មនុស្ស​ធម្មតា​នោះ​ទេ ប៉ុន្តែ​ក៏​មាន​សេវាកម្ម​ពិសេស​មួយ​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ដូចគ្នា ជា​ក្បាច់​ពិសេស​ដែល​ខាង​យើង​បង្កើត​ឡើង​ដោយ​ខ្លួនឯង​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​តែ​ម្តង​»​។

បូឌា ស្ប៉ា បើក​ដំណើរការ​រយៈពេល ១៣ ​ឆ្នាំ​មក​ហើយ​ដែល​ក្នុង​ ១ ​ថ្ងៃ បូឌា ស្ប៉ា ទទួល​បាន​ភ្ញៀវ​ចម្រុះ​ជាតិសាសន៍​ចំនួន ៥០ នាក់​ទៅ ៨០ នាក់ និង​មាន​ការបែងចែក​ជា ២ សេវាកម្ម​មាន​ផ្នែក​សុខភាព និង​សម្រស់​ក្នុង​តម្លៃ​ស្ប៉ា​ ១ ម៉ោង​ចាប់ពី ៣០ ​ដុល្លារ​ដល់ ៦៥ ដុល្លារ​។

អ្នកស្រី ស៊ឹម សៅវន្តី វ័យ ៣១​ ​ឆ្នាំ​ជា​គ្រូបង្រៀន​ផ្នែក​ស្ប៉ា​ដែល​មាន​បទពិសោធ​ ១១ ឆ្នាំ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​ចំពោះ​អ្នក​ដែល​គាត់​មាន​ផ្ទៃពោះ​គាត់​តែងតែ​មាន​អារម្មណ៍​តានតឹង​ខុសពី​មនុស្ស​ធម្មតា​។ អ៊ីចឹង​គាត់​គួរតែ​មក​ទទួល​សេវាកម្ម​ស្ប៉ា​ក្នុង ១ អាទិត្យ ២ ដង​សម្រាប់​អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​។ ប៉ុន្តែ​បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្វើការ​ហើយ​នៅ​ផ្ទះ​គាត់​អាច​ធ្វើ​ស្ប៉ា ១ អាទិត្យ​ម្តង​បាន​ហើយ ដោយសារ​គាត់​មិន​សូវ​មាន​ភាព​ស្មុគស្មាញ​ដូច​អ្នក​ធ្វើការ​នោះ​ទេ​»​។

ចង្វាក់​នៃ​ការស្ប៉ា​សម្រាប់​អ្នក​មាន​ផ្ទៃពោះ បូឌា ស្ប៉ា ប្រើ​ក្បាច់​ប្រភេទ Pregnancy Post ជា​ក្បាច់​ដែល​បង្កើត​ឡើង​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី ៤ ខែ​ឡើង​ទៅ​។

បន្ទប់​ស្ប៉ា​ប្រកប​ដោយ​ផាសុកភាព​នៅ បូឌា ស្ប៉ា ដែល​មាន​សេវា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ហេង ជីវ័ន

ចំណែក​ប្រេង​ដែល​ត្រូវ​ប្រើ​ក្នុង​ការស្ប៉ា​មិន​ប្រើប្រាស់​ប្រេង​ដែល​មាន​ក្លិន​នោះ​ទេ​ចៀសវាង​ការប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារក​។

អ្នកគ្រូ​បង្ហាត់​ពី​របៀប​ស្ប៉ា ស៊ឹម សៅវន្តី ក៏​បាន​បង្ហាញ​ពី​ការស្ប៉ា​ចំពោះ​អ្នក​មាន​ផ្ទៃពោះ​បន្ថែម​ដូច្នេះ​ទៀត​ថា​៖ «​ដំបូង​យើង​ឲ្យ​គាត់​គេង​ផ្អៀង​ខ្លួន ព្រោះ​អ្នកមាន​ផ្ទៃពោះ​មិន​អាច​ស្ប៉ា​ដោយ​គេង​ផ្កាប់មុខ​ទៅ​ក្រោម​ដូច​មនុស្ស​ធម្មតា​បានទេ​។ បន្ទាប់​យើង​យក​ខ្នើយ​មក​ទ្រ​ក្បាលពោះ និង​ទ្រ​នៅ​ត្រង់​កន្លាក់​ជើង​ដូចជា​មនុស្ស​ឱប​ខ្នើយឱប​ព្រម​ទាំង​រៀបចំ​គ្រប​កន្សែង​នៅ​លើ​ខ្លួន​គាត់ ឲ្យ​គាត់​មាន​អារម្មណ៍​ថា ស្រួល​ខ្លួន​សិន ហើយ​ក៏​ចាប់ផ្តើម​ធ្វើ​ចលនា​ស្ប៉ា​ចាប់​ពីមួយ​ចំហៀង​ខ្នង​ទៅ​រហូត​ដល់​ពេញ​មួយ​ចំហៀង​ខ្លួន និង​ឲ្យ​គាត់​ប្រែ​មួយ​ចំហៀង​ទៀត ដើម្បី​ស្ប៉ា​»​។

ស្ត្រី​មាន​គភ៌​គាត់​ត្រូវ​គេង​ផ្ងារ​ដោយ​មាន​ខ្នើយ​កល់​ឲ្យ​ជើង​ខ្ពស់​ជាង​ក្បាលពោះ​នៅ​ត្រង់​កន្លាក់​ជង្គង់ និង​កែងជើង ដើម្បី​កុំ​ឲ្យ​ទារក​ធ្វើ​ចលនា​។

បន្ទាប់មក​អ្នក​ជំនាញ​នឹង​ចាប់​ផ្តើម​ធ្វើ​ចលនា​នៅ​លើ​ក្បាលពោះ​របស់​គាត់ ដោយ​ប្រើ​ដៃ​អង្អែល​បង្វិល​ថ្នមៗ​យឺតៗ​ដែល​អ្នកជំនាញ​អះអាង​ថា​ជា​ចលនា​បីដូចជា​ការដាស់​ទារក​ក្នុង​ផ្ទៃ​មក​ទទួល​ការស្ប៉ា​ជាមួយ​ម្តាយ​ដែរ​។

អ្នកជំនាញ​ស្ប៉ា​រូប​នេះ​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​ការស្ប៉ា​ទៀតថា​៖ «​នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មក​ទទួល​សេវាកម្ម​ស្ប៉ា និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ដល់​ម្តាយ​ជួយ​សម្រួល​សាច់ដុំ និង​ចរន្តឈាម​ឲ្យ​ដើរ​ស្រួល​»​។

អ្នកស្រី ស៊ឹម សៅវន្តី​អ្នក​ជំនាញ​ស្ប៉ា​បាន​បន្ថែម​ថា​៖ «​មិន​ត្រឹមតែ​ទទួល​បាន​លទ្ធផល​នេះ​ដល់​មាតា​នោះ​ទេ ថែម​ទាំង​អាច​ជួយ​សម្រួល​ដល់​ទារក​នៅក្នុង​ផ្ទៃ​ទៀតផង​ដូចជា​ការធ្វើ​លំហាត់​ប្រាណ​រួមគ្នា និង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​»៕