ភ្នំពេញៈ ក្លិនគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរុក្ខជាតិជាច្រើនមុខសាយភាយពេញអគារស្ប៉ាធ្វើឲ្យមានអារម្មណ៍ថា ស្រឡះខួរក្បាលបន្ថែមដោយស្នាមញញឹមដ៏រួសរាយពីបុគ្គលិក ស ម ថ ស្ប៉ា។ ស្ថិតលើវិថី ២៧៨ សង្កាត់បឹងកេងកង ១ ម្ដុំវត្តលង្កា ហាងស្ប៉ា ដែលទើបបើកដំណើរការប្រមាណ ១ សប្ដាហ៍នេះមានការរចនាយ៉ាងស្អាត ត្រជាក់ភ្នែក ដើម្បីផ្ដល់នូវផាសុកភាពដល់ភ្ញៀវមកបន្ធូរភាពតានតឹងតាមចង្វាក់នៃចលនាស្ប៉ារហូតដល់មានភ្ញៀវខ្លះលង់លក់ដំណេកក្នុងពេលកំពុងទទួលសេវាកម្មទៀតផង។
លោកស្រី ហ៊ុល ស្រីស្រស់ ជានាយិកាហាងស្ប៉ា បានបរិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «កន្លែងបងប្រើសុទ្ធតែរបស់ធម្មជាតិទាំងអស់ព្យាយាមមិនប្រើជាតិគីមីទេ សូម្បីតែឈ្មោះហាងបង (ស ម ថ ស្ប៉ា) ក៏បងដាក់តាមរបៀបបាលីសំស្ក្រឹតដែលប្រែថា សន្តិភាពផ្លូវចិត្តខាងក្នុងដែលមានភាពស្រស់ថ្លាចេញពីខាងក្នុង»។
ទោះជានៅរាជធានីភ្នំពេញមានកន្លែងស្ប៉ា និងម៉ាស្សាច្រើនគួរសមក៏ដោយ ក៏នាយិកាវ័យ ៣៨ ឆ្នាំរូបនេះនៅតែជឿជាក់លើសេវាកម្មរបស់ខ្លួនក្រោមហេតុផលថា៖ «ដោយសារតែបងជាអ្នកចូលចិត្តទៅស្ប៉ា ហើយតាមដែលបងដឹងមិនទាន់មានកន្លែងណា ដែលមានលក្ខណៈតាមស្តង់ដាមួយទេ អ៊ីចឹងបងក៏សម្រេចចិត្តបើកកន្លែងមួយដែលគេហៅថា លំដាប់ផ្កាយ៥ ដើម្បីឲ្យភ្ញៀវទទួលបានអារម្មណ៍បែបថ្មីខុសប្លែកពីកន្លែងដែលធ្លាប់បានទៅស្ប៉ាកន្លងមក»។
ហេតុផលដែលលោកស្រីបានអះអាងថាហាងស្ប៉ារបស់ខ្លួនជាលំដាប់ផ្កាយ ៥ នោះគឺការទទួលភ្ញៀវលក្ខណៈស្តង់ដា បុគ្គលិកមានការអប់រំខ្ពស់លើជំនាញផ្នែកស្ប៉ាច្បាស់លាស់ ភ្ញៀវមានអារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្តមិនខ្លាចបាត់បង់ទ្រព្យសម្បត្តិ។ ចំពោះរបស់ប្រើប្រាស់ទាំងអស់ប្រើនៅក្នុងពេលស្ប៉ាឲ្យភ្ញៀវ នាយិកាហាងស្ប៉ាបានរៀបរាប់ថាដូចជាកន្សែងត្រូវបានកុម្ម៉ង់ពិសេស។ កន្សែងមួយប្រើបានសម្រាប់តែភ្ញៀវម្នាក់ ហើយពេលដណ្តប់ទៅលើដងខ្លួនទៅ ទោះបីជាម៉ាស៊ីនត្រជាក់យ៉ាងណាក៏មានអារម្មណ៍ថាកក់ក្តៅភ្លាមៗ។ រីឯផលិតផលប្រើប្រាស់សម្រាប់ស្ប៉ាមានគុណភាពខ្ពស់ និងត្រូវបានផ្សំឡើងខ្លួនឯង។
លោកស្រី ហ៊ុល ស្រីស្រស់ បានរៀបរាប់ពីដំណាក់កាលនៃការផ្ដល់ស្ប៉ាទៀតថា៖ «ដំបូងខាងបងទទួលភ្ញៀវដោយកន្សែងត្រជាក់ជាមួយនឹងទឹកត្រជាក់ និងឲ្យគាត់ជ្រើសរើសប្រភេទសេវាកម្មស្ប៉ា។ បន្ទាប់មកក៏អញ្ជើញគាត់ទៅអង្គុយនៅកន្លែងលាងជើង ដើម្បីសម្អាតជើងគាត់ជាមួយទឹកក្តៅឧណ្ហៗជាមួយអំបិល ក្រូចឆ្មារ ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃវាជួយកម្ចាត់បាក់តេរី ព្យាបាលស្បែកក្រិន និងមានក្លិនធ្វើឲ្យស្រឡះខួរក្បាល»។
លោកស្រីបានបន្តទៀតថា៖ «នៅពេលដែលធ្វើការសម្អាតជើងគាត់រួច ខាងបុគ្គលិកក៏បានអញ្ជើញភ្ញៀវឡើងទៅក្នុងបន្ទប់ស្ប៉ា ហើយក៏ចាប់ផ្តើមធ្វើចលនាស្ប៉ាទៅតាមប្រភេទដែលគាត់បានជ្រើសរើស»។
ទម្រង់នៃការស្ប៉ាមិនមានតែក្បាច់ខ្មែរបុរាណសុទ្ធទេ រួមបញ្ចូលជាមួយ បាលី មូរ៉ូកូ និងឥណ្ឌាជាចង្វាក់នៃការស្ប៉ាដែលនៅកន្លែងផ្សេងៗមិនទាន់មានអនុវត្តឡើយ។ ពេលដែលទទួលសេវាកម្មស្ប៉ារួចរាល់ហើយភ្ញៀវត្រូវបានអញ្ជើញឲ្យចុះមកខាងក្រោមទទួលទានផ្លែឈើ ឬនំខ្មែរ ជាមួយទឹកក្តៅឧណ្ហៗមុនពេលចាកចេញ។
ការស្ប៉ាមានតម្លៃលើទីផ្សារទូទៅបន្តិចគឺក្នុង ១ ម៉ោងពី ៣០ ទៅ ៥៥ ដុល្លារ តែលោកស្រី ហ៊ុល ស្រីស្រស់ បានបញ្ជាក់ថាតម្លៃនេះសមរម្យនឹងសេវាកម្មលំដាប់ខ្ពស់ហើយដោយសំអាងថា៖ «ភ្ញៀវដែលបានទទួលសេវាកម្មស្ប៉ា នៅ ស ម ថ ស្ប៉ា រួចហើយនឹងបានផលតបស្នងទៅវិញសុខភាពរាងកាយល្អ មិនឈឺសន្លាក់ដៃជើង ចុករួយ ថែមទាំងបានថែរក្សាស្បែកមិនឲ្យមានស្នាមក្រិន ឲ្យរលោងស្អាតទទួលបានអារម្មណ៍ស្រស់ស្រាយបំបាត់ការនឿយហត់មានផាសុកភាព និងសុវត្ថិភាពទៀតផង»៕