The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រស់​ស្រាយ​នឹង​​​ស្ប៉ា​នៅ​ឡារ៉ូស

ស្រស់​ស្រាយ​នឹង​​​ស្ប៉ា​នៅ​ឡារ៉ូស

ស្រស់​ស្រាយ​នឹង​​​ស្ប៉ា​នៅ​ឡារ៉ូស

121224_20
ពីឆ្វេងទៅស្ដាំ : ការម៉ាស្សាប្រេង ការត្រាំសម្អាតខ្លួនក្នុងអាងស្រទាប់ផ្កាកុលាប ការខាត់ស្បែក Body Mask និងការលាងសម្អាតជើងភ្ញៀវនៅ ឡារ៉ូស ស្ប៉ា ផា លីណា

ភ្នំពេញ : ខណៈ​ដែល​សេវា​ស្ប៉ា​បាន​បើក​ព្រោង​ព្រាត​ក្នុង​រាជធានី​ភ្នំពេញ ការ​ជ្រើសរើស​កន្លែង​ផ្ដល់​សេវា​គុណភាព​ខ្ពស់ គឺ​សំខាន់​ណាស់​ដើម្បី​ថែ​សុខភាព​ស្បែក​ក៏​ដូច​ជា​ជួយ​រំសាយ​អារម្មណ៍​តាន​តឹង​ពី​ការងារ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ខណៈ​ដែល​ក្លិន​ស្លឹក​គ្រៃ​ភាយ​ចេញ​ពី​បន្ទប់​ស្ប៉ា​នៃ​សណ្ឋាគារ​ប៊ូទិក និង​ស្ប៉ា​ឡារ៉ូស (La Rose) ​នារី​ពីរ​នាក់​បាន​រំលេច​ស្នាម​ញញឹម​រាក់​ទាក់​ដោយ​មាន​ទឹក​តែ​ត្រជាក់​ម្ជូរ​ព្រឹក​រសជាតិ​ស្រដៀង​ទឹក​ទំពាំង​បាយ​ជូរ បម្រើ​ភ្ញៀវ​ផង​ដែរ។

បន្ទាប់​ពី​ខ្ញុំ​និង​មិត្ត​ភក្តិ​ក្រេប​ទឹក​តែ​នោះ​ហើយ​នារី​ស្រស់​ស្អាត​ទាំង​ពីរ​បាន​សាកសួរ​ពី​ប្រភេទ​នៃ​សេវា​ស្ប៉ា​ដែល​ពួកយើង​ជ្រើស​រើស​។ បន្ទាប់​មក​ទើប​ពួកគាត់​ផ្ដើម​ស្វែង​យល់​ពី​ស្ថានភាព​របស់​ភ្ញៀវ​ថា​តើ​ធ្លាប់​ឈឺ​ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ ឬ​ក៏​ធ្លាប់​ឆ្លង​ការ​វះ​កាត់​ដែរ​ឬ​ទេ​មុន​ចាប់​ផ្ដើម​ផ្ដល់​សេវា​ស្ប៉ា​នោះ។

នៅ​ឡារ៉ូស ស្ប៉ា​មាន​ការ​ម៉ាស្សា​ពិសេស​ដោយ​ប្រើ​ប្រេង​ធម្មជាតិ​ដ៏​ល្បី​ឈ្មោះ​ម៉ាក Ytsara​។ ប្រេង​នេះ​មាន​៤​ប្រភេទ គឺ​ទី១​ប្រេង​Energizing​សម្រាប់​ផ្ដល់​នូវ​ថាមពល​ដល់​រាង​កាយ​ដ៏​នឿយ​ហត់​របស់​ភ្ញៀវ ទី២​ប្រេង Relexing ​ផ្សំ​ពី​ស្លឹក​គ្រៃ​ដើម្បី​ជួយ​រំសាយ​អារម្មណ៍​តានតឹង និង​ជួយ​ឲ្យ​សម្រាក​បាន​ស្កប់​ស្កល់​ទី៣​គឺ​ប្រេង​Body Eassel សម្រាប់​បន្ធូរ​ការ​ឈឺ​តាម​សន្លាក់ និង​ទី៤​ប្រេង Detox​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​របស់​យើង។ បន្ថែម​ពី​លើ​ការ​ម៉ាស្សា​ទាំង​៤​ប្រភេទ ក៏​មាន​សេវា​ស្ប៉ា​ឲ្យ​ស្បែក​ស្អាត​ស​ភ្លឺ​រលោង​ផង​ដែរ។

បន្ទាប់​ពី​នារី​ម៉ាស្សា​លាង​សម្អាត និង​ខាត់​ជើង​ខ្ញុំ​រួច ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​កាន់​បន្ទប់​ម៉ាស្សា​ដែល​មាន​គ្រែ​ពីរ​លម្អ​ដោយ​ស្រទាប់​កុលាប និង​ផ្កា​ចំប៉ី ក្រោម​ពន្លឺ​ភ្លើង​ភ្លឺ​ស្រទន់​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​តែ​ម្តង មុន​នឹង​ផ្ដល់​សេវា Treatment Body Mask ដែល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​និង​ជួយ​បង្កើត​កោសិកា​ថ្មី។

មុន​នឹង​ចាប់​ផ្តើម​ធ្វើ Body​Mask ខ្ញុំ​ត្រូវ​លាង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​សិន​មុន​នឹង​អ្នក​ជំនាញ​ម៉ាស្សា​ផ្ដើម​ខាត់​ស្បែក​របស់​ខ្ញុំ្ញ។​គ្រាន់​តែ​ផលិត​ផល​នោះ​ប៉ះ​លើ​រាងកាយ​ភ្លាម ខ្ញុំ​ទទួល​នូវ​ភាព​ត្រជាក់​ហើយ​អ្នក​ជំនាញ​ក៏​ផ្ដើម​ប្រើ​ដៃ​ទាំង​ពីរ​ខាត់​ស្បែក​ខ្នង​របស់​ខ្ញុំ​ចុះ​ឡើងៗ​ប្រមាណ​ជា​កន្លះ​ម៉ោង ដើម្បី​ឲ្យ​គ្រាប់​តូច​ល្អិត​ជួយ​កម្ចាត់​ក្អែល​និង​ស្លាក​ស្នាម​ដែល​មាន​នៅ​ពី​លើ​ខ្នង​ខ្ញុំ។

បន្ទាប់​មក​គាត់​យក​កន្សែង​មក​ជូត​ស្បែក​ខ្ញុំ​ថ្មមៗ​រួច​ប្ដូរ​យក​ផលិត​ផល​ម៉ាក​ដដែល​ជា​ប្រភេទ​តែ​បៃតង​Green Tea យក​មក​អប់​ស្បែក​ខ្នង​ឲ្យ​ទន់​បន្ថែម​ទៀត។​អ្នក​ជំនាញ​បាន​ប្រើ​ក្រដាស​ម្យ៉ាង​សម្រាប់​រុំ​នៅ​ពេល​អប់​ស្បែក​លើ​ខ្លួន​របស់​ខ្ញុំ។ អារម្មណ៍​ត្រជាក់​និង​ក្លិន​ឈ្ងុយ​ប្រហើរ​នៃ​តែ​បៃតង​ពិត​ជា​បាន​ផ្ដល់​នូវ​ភាព​ស្រស់​ស្រាយ​ធូរ​ស្បើយ​ពី​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។

ក្រោយ​២០​នាទី អ្នក​ជំនាញ​បាន​បក​ក្រដាស​បែប​ធម្មជាតិ​នោះ​ចេញ​ពី​ខ្នង​ខ្ញុំ​រួច​លាង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​ទើប​លាប​ឡេ​បន្ទន់​ស្បែក​អប់​ទុក​ប្រមាណ​១០​នាទី​ដើម្បី​ផ្ដល់​សំណើម​បង្កើន​ភាព​ភ្លឺ​រលោង​ថែម​មួយ​កម្រិត​ទៀត​។​បន្ទាប់​ពី​នោះ​ខ្ញុំ​បាន​លាង​ជម្រះ​កាយ​ក្នុង​អាង​ទឹក​ក្តៅ​ឧណ្ហៗ ដែល​ក្លិន​ផ្កា​កុលាប​និង​ចំប៉ី​រាយ​ប៉ាយ​ត្របក​ពេញ​ផ្ទៃ​ទឹក។

បញ្ចប់​ការ​ធ្វើ​Body Mask មួយ​ម៉ោង​ក្រោយ​មក​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល ហើយ​ស្បែក​របស់​ខ្ញុំ​ហាក់​ភ្លឺ​រលោង​ទន់​ជាង​មុន។

សេវា​Body Mask មាន​តម្លៃ​៣៥​ដុល្លារ​ក្នុង​១ម៉ោង​ចំណែក​ឯ​ការ​ម៉ាស្សា​ប្រេង​វិញ​គឺ​មាន​២៩​ដុល្លា​រក្នុង​១​ម៉ោង​។

ឡារ៉ូស ស្ប៉ា​ស្ថិត​នៅ​អគារ​១៦៤B មហា​វិថី​ព្រះ​នរោត្តម​និង​មាន​ទូរស័ព្ទ​លេខ​០៦៨ ៧៧ ៧៧ ៧៧៕

អត្ថបទគួរចាប់អារម្មណ៍