ក្រុងឡុងដ៍: ផ្សារ​ទំនើប​យក្ស Tesco បានប្រកាស​ប្រមូល​ផលិតផល​ស្រោមអនាម័យ​យីហោ Durex ក្រោយពី​បរាជ័យ​ការធ្វើ​តេស្ដ​រហែក​។ ដោយ​ដាក់តាំង​ស្លាក​សញ្ញា​តាម​កញ្ចក់​ហាង​របស់​ខ្លួន ផ្សារ​ទំនើប​បាន​ទទូច​ឲ្យ​អតិថិជន​ត្រួតពិនិត្យ​ផលិតផល​ម៉ាក Durex Real Feel និង Durex Latex Free​។

អតិថិជន​ត្រូវ​បាន​លើក​ទឹកចិត្ដ​ឲ្យ​ត្រួតពិនិត្យ​កាលបរិច្ឆេទ​នៅ​ផ្នែក​ខាង​ក្រោម​កញ្ចប់ និង​ខ្សែកង​ស្រោប​ស្រោម​នីមួយៗ​។ អ្នកដើរ​ផ្សារ​ដែល​ទិញ​ចំ​ផលិតផល​ប្រមូល​ចូល​ស្ដុក​វិញ​អាច​យក​មក​ប្ដូរប្រាក់​វិញ​នៅ​ហាង កន្លែង​ដែល​ពួកគេ​បាន​ទិញ​។

ផលិតផល​ដែល​ត្រូវ​បាន​ប្រមូល​ចូល​ឃ្លាំង​វិញ​មាន​ប្រអប់​ស្រោម Durex Real Feel ១២ កញ្ចប់​ដែល​មាន​កូដ 1000444370 និង​កាលបរិចេ្ឆទ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ និង​ផលិតផល​ប្រអប់ Durex Latex Free ១៨ កញ្ចប់ កូដ 1000430479 ថ្ងៃ​បរិច្ឆេទ​ខែ​មករា ឆ្នាំ​ ២០២១​។

សេចក្ដី​ថ្លែងការណ៍​មួយ​ពី​វេបសាយ Durex បាន​ឲ្យ​ដឹងថា​៖ «​ស្រោមអនាម័យ​របស់​យើង​ត្រូវ​បាន​ផលិតឡើង​ដើម្បី​ជា​មធ្យោបាយ​ពន្យារកំណើត និង​ការពារ​ជំងឺ​ឆ្លងតាម​ការរួមភេទ​តាមរយៈ​របាំង​ការពារ​មិនមែន​ជ័រកៅស៊ូ​ស្វិត​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អតិថិជន​ជួប​អាលែកហ្ស៊ី​នឹង​ជ័រ​។

សេចក្ដី​ថ្លែងការណ៍​បន្ដ​ថា​៖ «​មាន​តែ​ស្រោម​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រមូល​ចូល​ស្តុក​វិញ ពីព្រោះ​វា​អាច​ធ្វើឲ្យ​រហែក​ពេល​ប្រតិបត្ដិការ​»​។

ក្រុមហ៊ុន​បាន​ណែនាំ​ដល់​អតិថិជន​ឲ្យ​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត ឬ​ឱសថការី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​មិន​លើសពី ៧២ ​ម៉ោង​បើ​ជួប​ឧប្បត្ដិហេតុ​ស្រោម​រហែក​៕ HR