ក្រុង​ញូវយ៉ក: ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា បុរស​ប្រមាណ ១០ ភាគរយ និង​ស្ដ្រី ៧ ភាគរយ តែង​តែ​ពិបាក​គ្រប់គ្រង​អារម្មណ៍ និង​ការ​អន្ទះ​សា​រឿង​ផ្លូវ​ភេទ។ ប៉ុន្ដែ វា​នៅតែ​ជា​ក្ដីកង្វល់​ចំពោះ ក្រុម​ចិ​ត្ដ​វិទូ​វេជ្ជបណ្ឌិត ចេ​ន​ណា ឌី​ក​ឃេនសុន មក​ពី​សាកល​វិទ្យាល័យ មីនណេ​សូតា ជា​ពិសេស ដោយសារ​ការ​កើន​ឡើង​នៃ​តារា​ល្បីៗ និង​អភិជន ដែល​បាន​សារភាព​នូវ​ចំណង់​ញៀន​សិច​របស់​ខ្លួន​ជា​សាធារណៈ។

ចំណង់​ផ្លូវភេទ​ដ៏​ពិបាក​គ្រប់គ្រង ត្រូវបាន​ហៅថា ជំងឺ​ញៀន​សិច ឬ hypersexuality។ វា​ជា​ចំណង់​ដ៏​វិល​វល់​ក្នុង​ខួរក្បាល ឬ​អាកប្ប​កិរិយា​ពិបាក​គ្រប់គ្រង ធ្វើ​ឲ្យ​កើត​ជា​ស្ដ្រេស ឬ​ផល​ប៉ះពាល់​ដល់​សុខភាព ការងារ ទំនាក់​ទំនង និង​ជីវិត​ប្រចាំ​ថ្ងៃ។

ចំណង់​ផ្លូវ​ចិ​ត្ដ​ដ៏​លើសលប់ អាចទាក់ទង​នឹង​បទពិសោធ​សិច​រីករាយ​ច្រើន​ទម្រង់ ដូចជា ការ​សម្រេច​កាម​ដោយ​ដៃ សិច​តាម​អ៊ីនធឺណិត សិច​ជាមួយ​ដៃគូ​ច្រើន ការ​ប្រើ​រូប វីដេអូ ឬ​ចំណាយ​ប្រាក់​លើ​សេវាកម្ម​ផ្លូវភេទ​ក្នុង​កម្រិត​ច្រើន​លើស​លប់​ជាដើម។

រោគសញ្ញា​បញ្ហា​ញៀន​សិច

តម្រុយខ្លះៗ ដែល​អ្នក​អាច​សម្គាល់​ឃើញ​ពី​អត្ដចរិត​ចំណង់​សិច​លើស​លប់​ដូចជា អ្នក​មាន​ចំណង់​សិច​ខ្លាំង​ឥត​ស្រាក​ស្រាន្ដ ដែល​រមែង​ប្រើ​ពេល​វេលា​ច្រើន និង​មាន​អារម្មណ៍​ថា អ្នក​នៅ​តែ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​នេះ​បាន។ អ្នក​ប្រើ​ចំណង់​ផ្លូវ​ភេទ​ដ៏​ត្រេក​ត្រអាល​នេះ ជា​លេស​គេច​ពី​បញ្ហា​ផ្សេងៗ ដូចជា​ភាព​ឯកា ជំងឺ​ធ្លាក់​ទឹកចិត្ដ ក្រេវ​ក្រោធ ឬ​ស្ដ្រេស​ជាដើម។

អ្នក​នៅតែ​ប្រ​ព្រឹ​ត្ដ​សកម្មភាព​សិច ដែលមាន​ផលវិបាក​ធ្ងន់ធ្ងរ​នានា រួមមាន បញ្ហា​ប្រឈម​នៃ​ការ​ចម្លង ឬ​ទទួល​យក​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ បាត់បង់​ទំនាក់​ទំនង​ល្អៗ ជួប​បញ្ហា​នៅ​កន្លែង​ការងារ វិបត្ដិ​ហិរញ្ញវត្ថុ ឬ​បញ្ហា​ផ្លូវ​ច្បាប់​ជាដើម។

អ្នក​ជួប​ពិសោធ​មិនអាច​គ្រប់គ្រង​ចំណង់​សិច ក៏​ពិបាក​បង្កើត និង​រក្សា​ទំនាក់​ទំនង​ស្នេហា​ផង​ដែរ។

ដើមចម​បង្កបញ្ហា​ញៀន​សិច

ទោះ​ធាតុ​បង្ក​នៃ​ចំណង់​ផ្លូវភេទ​ពុះកញ្ជ្រោល​ខ្លាំង​នៅ​មិនត្រូវ​បានដឹង​ច្បាស់​យ៉ាង​ណា​ក៏ដោយ ក៏​វា​ទំនង​ជាមាន​សមាស​ធាតុ​ដូច​ខាង​ក្រោម។

អតុល្យភាព​នៃ​សារ​ធាតុគីមី​ធម្ម-ជាតិ​ក្នុង​ខួរក្បាល ដូចជា កម្រិត​អ័រម៉ូន​សេ​រ៉ូ​តូ​អ៊ីន ដូផាមីន និង​ណូរ៉េ​ភីនរីន​ខ្ពស់ អាច​ទាក់​ទង​នឹង​ចំណង់​ផ្លូវភេទ​ដ៏​សែន​ពិបាក​គ្រប់គ្រង។

មិន​ខុសពី​ជំងឺ​ញៀន​ដទៃ ចំណង់​ផ្លូវភេទ ដែល​ប្រព្រឹត្ត​ជា​ទម្លាប់ អាច​ឡើងដល់​កម្រិត និង​ត្រូវ​ការ​ពេលវេលា​យូរ ដើម្បី​បន្សាប ព្រម​ទាំង​ព្យាបាល។

ចៀសវាង​បញ្ហា​ញៀន​សិច

ដោយសារ​ធាតុ​បង្ក​ចំណង់​សិច​ខ្លាំង​មិនត្រូវ​បានដឹង​ច្បាស់ វា​ក៏​មិន​ប្រាកដ​ថា វា​ត្រូវ​ការពារ​តាម​វិធី​ណា​នោះ​ដែរ តែ​សាមី​ខ្លួន​គួរ​តែ​ចេះ​សម្គាល់​អាការ​និង​រួស​រាន់​រក​ជំនួយ​ពី​ពេទ្យ​ផ្លូវ​ចិត្ត។

កុំ​ធ្វើ​ឲ្យ​អន្ដរាយ​ដល់​សុខភាព ឬ​បណ្ដែតបណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់ចូល​ស្ថានភាព ដែល​ងប់​ងុល​នឹង​សកម្មភាព​សិច​ដ៏​គ្រោះ​ថ្នាក់៕HR