ភ្នំពេញ : តាម​ជំនឿ​បែប​ផ្លូវ​ងងឹត អ្នកខ្លះ​ថា «​ព្រាយ​ក្រឡាភ្លើង​» មកពី​ម្តាយ ឬ​គ្រួសារ​អ្នកជំងឺ​និយាយ​ខុសមាត់ ខុស​ពាក្យ ទើប​ព្រាយ​ចូល​បណ្ដាល​ឲ្យ​ប្រកាច់​។ ដូច្នេះ​ត្រូវ​យក​អ្នកជំងឺ​ទៅ​វត្ត​សូត្រមន្ត ស្រោច​ទឹក ទើប​ព្រាយ​ចេញ​ទៅ​វិញ​។

ផ្ទុយ​ពី​ជំនឿ ព្រាយ​ក្រឡាភ្លើង ដែល​មាន​ទាំង​ការផ្សព្វផ្សាយ​ក្នុង​ភាពយន្ត​នោះ បច្ចេកទេស​វេជ្ជសាស្ត្រ​បាន​ច្រានចោល​ថា នេះ​ជា​រឿង​មួយ​មិន​ពិត​ទេ ហើយ​ជំនឿ​ស៊ប់​បែប​នេះ​ថែម​ទាំង​អាច​ធ្វើឲ្យ​បាត់បង់​ជីវិត​ស្ត្រី​ជា​ម្ដាយ និង​អ្នកជំងឺ​ថែម​ទៀត​ផង​។

យោង​តាម​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព ថៃហ្វា វីហ្គង់ (Weygand Thaihoa) បាន​ឲ្យ​ដឹង​ថា ព្រាយ​ក្រឡាភ្លើង (eclampsia) ភាគច្រើន​អាច​ប្រឈម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទី​ ៣ និង​ប៉ុន្មាន​ថ្ងៃក្រោយ​សម្រាល​រួច​។

សញ្ញា​សម្គាល់​ខ្លះៗ

ការឡើង​សម្ពាធ​ឈាម ហើម​ដៃ ហើម​មុខ ហើមជើង ជាតិ​ប្រូតេទីន​ក្នុង​ទឹកនោម (​ទឹកនោម​ប្រៃ​ឡើង​) ហើយ​ប្រកាច់ ជា​សញ្ញា​ដែល​សុទ្ធសឹង​តែ​អាច​ចូលដល់ ព្រាយ​ក្រឡាភ្លើង​។

តែ​ក៏​មិន​ប្រាកដ​ថា​ទាល់​តែ​មាន​សញ្ញា​ទាំង​ហ្នឹង​ចូល​គ្នា​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទើប​អាច​ហៅថា ព្រាយ​ក្រឡាភ្លើង នោះ​ទេ​។

អត្រា​ប្រឈម

ឆ្លងតាម​បទពិសោធ​ជាក់ស្ដែង​លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​ជួប ២ ករណី​លើ​ការសម្រាល ៤ ​ម៉ឺន​នាក់​ជាង​ដែល​បាន​សម្រាល​ដោយ​ធម្មជាតិ និង​វះ​នៅ​សម្ភព​យើង​ដែល​យើង​ជួប​ទម្រង់​កម្រ​របស់ ព្រាយ​ក្រឡាភ្លើង គឺ ម្តាយ​ប្រកាច់ និង ហើម​ខួរក្បាល​យក​តែ​ម្តង​»​។

ក្នុង​នោះ​ករណី​ថ្មីៗ​ដែល​ទើប​កើតឡើង​គឺ​ការ​សម្រាល​មួយ​តាម​ធម្មជាតិ​ដោយ​អ្នកជំងឺ​ប្រកាច់​នៅ​ថ្ងៃ​ទី​ ៤ នៃ​ការ​សម្រាក​ក្រោយ​ការ​សម្រាល​។ រីឯ​ម្នាក់​ទៀត​ប្រកាច់​នៅ​ថ្ងៃទី​ ៥ ក្រោយ​ការ​សម្រាល​ដោយ​វះកាត់​។

ក្នុង​ករណី​ខ្លះ​ស្ត្រី​អ្នក​ជំងឺ​មិន​បង្ហាញ​សញ្ញា​ឡើង​សម្ពាធ​ឈាម​ទេ​។ រូបថត ហ្វេសប៊ុក

បទពិសោធ​ជាក់ស្ដែង

តាមរយៈ​បទពិសោធ​ជាក់ស្ដែង​នេះ​ទោះ​ជា​អ្នកជំងឺ​មាន​សម្ពាធ​ឈាម​ធម្មតា ហើយ​ស្ថានភាព​ម្តាយ​មិន​មាន​ហើម​ប្រអប់ដៃ ប្រអប់ជើង ឬ​ហើម​មុខ ហើយ​ការ​បត់ជើងតូច ជើង​ធំ​បាន​ធម្មតា ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា​៖ «​មុន​ប្រកាច់​បន្តិច ម្តាយ​មាន​សញ្ញា ឈឺ​ក្បាល ហើយ​ត្អូញ​ថា ងងឹត​មុខ បន្ទាប់មក​និយាយ​មិន​ទាន់​ចប់​ស្រួលបួល​ផង ប្រកាច់​យក​តែ​ម្តង ប្រកាច់​ប្រហែល ៣-៤ ​នាទី ម្តាយ​នឹង​ដឹង​ខ្លួន​វិញ​ធម្មតា​។ ករណី​ទម្រង់​ធ្ងន់​ម្តាយ​នឹង​អាច​ប្រកាច់​ផ្ទួនៗ​ ១ ​ម៉ោង​ ២-៣ ​ដង​»​។

ការព្យាបាល

ចាំបាច់​ម្តាយ​ត្រូវ​ការប្រើ​ថ្នាំ​ច្រើន​មុខ ថ្នាំ​ទប់​ប្រកាច់ និង​ថ្នាំ​ទប់​ការ​ហើម​ខួរក្បាល​។ ការប្រើ​សេរ៉ូម​អាច​ជួយ​បញ្ចូល​ជាតិ​ទឹក ដើម្បី​បាន​ទឹកនោម​គ្រប់គ្រាន់​វិញ​។ ការដាក់​ថ្នាំ​ឲ្យ​ម្តាយ​គេង​សម្រាក និង​ដាក់​អុកស៊ីហ្ស៊ែន ដើម្បី​បង្គ្រប់​ជាដើម​។

ទម្រង់​ខាង​លើ​នោះ​អត់​មាន​សញ្ញា​ឲ្យ​យើង​ដឹង​មុន​ទេ អត់​មាន​ហើម​ដៃ​ទេ អត់​មាន​ហើម​មុខ​ទេ អត់​មាន​លើស​សម្ពាធ​ឈាម​ទេ តែ​វា​វិវឌ្ឍ​ស្ងាត់ៗ​ទៅ​ជា​ប្រកាច់ ហើម​ខួរក្បាល និង​ទឹកនោម​ប្រៃ​ឡើង កប់ 4++++ ហើយ​ទឹកនោម​តិច​។ ទឹកនោម​អាច​មាន​ឈាម​មក​ជាមួយ​ដោយសារ​ម្តាយ​ប្រឈម​បែក​គ្រាប់​ឈាម ប្រឈម​ឈាមរាវ ក្រោយ​ប្រកាច់ ចង្វាក់​បេះដូង​ម្តាយ​នឹង​ដើរ​ញាប់​ខ្លាំង​។

ការសង្គ្រោះ​បឋម​ដ៏ចាំបាច់

ពេល​ប្រកាច់​ត្រូវ​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ភ្លាមៗ​។ អំឡុង​ពេល​វត្តមាន​គ្រូពេទ្យ​មិន​ទាន់​មក​ដល់​បងប្អូន​សមាជិក​អ្នក​ជំងឺ​ត្រូវ​ធ្វើការ​សង្គ្រោះ​បឋម​ជា​មុន​សិន ដោយ​ផ្អៀង​អ្នក​ជំងឺ​មក​ឆ្វេង​ក៏​បាន​ស្តាំ​ក៏​បាន ហើយ​ហាម​ដាក់​ឲ្យ​គាត់​គេង​ត្រង់ ដើម្បី​ការពារ​ការ​ឈ្លក់​។ អ្នក​សង្គ្រោះ​បឋម​ត្រូវ​តែ​យក​ភួយ កន្សែង​ក្រាស់ ឬ ស្លាបព្រា​ដែក​ជាដើម​ដាក់​នៅ​មាត់​គាត់ តែ​កុំ​ស៊ក​ចូល​ជ្រៅ​ត្រឹម​ចន្លោះ​ធ្មេញ​គាត់​បាន​ហើយ​ការពារ​កុំ​ឲ្យ​គាត់​ខាំ​អណ្តាត ឬ ដាច់​បបូរមាត់​ជាដើម ។ ពេល​ក្រុមគ្រូពេទ្យ​ទៅ​ដល់​ពួកគាត់​នឹង​សង្គ្រោះ​បន្ត​។

ការសង្គ្រោះ​មិន​ទាន់​ពេលវេលា ម្តាយ​អាច​ប្រកាច់​ផ្ទួនៗ ខួរក្បាល​ហើម​កាន់តែ​ខ្លាំង ហើយ​ម្តាយ​ក៏​ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់​។

ការណែនាំ​ពី​គ្រូពេទ្យ

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ព្យាយាម​ពិសា​ទឹក​ឲ្យ​បាន​ច្រើន (​ទឹក​សុទ្ធ​ធម្មតា​មិនមែន​ទឹក​ផ្អែម ឬ​គ្រឿង​កំប៉ុង​ទេ​) ហើយ​គួរ​តម​ការ​ពិសា​ផ្អែម និង តម​ប្រៃ (​សម្ល ឆា ស្ងោរស្ល​ដាក់​អំបិល​បាន​ធម្មតា​) តែ​ចៀសវាង​ការ​ពិសា​ប្រៃ​ពេក ដូចជា​ស្រូប​ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ ឬ ទឹកសៀង បន្ថែម​ក្រៅ​ច្រើន​។ ការ​សម្រាន្ត​គួរតែ​ព្យាយាម​គេង​បែរ​ទៅ​ខាង​ឆ្វេង​ឲ្យ​បាន​ច្រើន​។

ប្រិយមិត្ត​អាច​វាយ​ពាក្យ eclampsia នៅ​ក្នុង google ដើម្បី​ស្វែងយល់​បន្ថែម​ឲ្យ​កាន់តែ​ច្បាស់​៕