ក្រុងឡុងដ៍: ស្ដ្រី​ចំណាស់​ទំនង​ជា​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង​ដោយ​គ្រាន់តែ​លោត​ហាត់ប្រាណ​តិចៗ ៦ នាទី​រៀងរាល់​សប្ដាហ៍​។

ការ​លោត​ហក់​លើដី ឬ​លើ​ប្រអប់​ជា​ប្រភេទ​កីឡា​ដែល​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ថា វា​មាន​ថាមពល​គ្រប់​ល្មម និង​ពង្រឹង​សមត្ថភាព​ជើង​ក៏​ដូចជា​សាច់ដុំ​ភ្លៅ​ដើម្បី​ការពារ​បញ្ហា​សឹក​ឆ្អឹង​ដែល​រមែង​កើតឡើង​ពេល​ចម្រើន​វ័យចាស់​។

វេជ្ជបណ្ឌិត ហ្គាល់លីន ម៉ុងហ្គូមេរី មកពី​សាកលវិទ្យាល័យ​ទីក្រុង​មេនឆេស្ទ័រ ដែល​ធ្វើ​តេស្ដ​លើ​លំហាត់​ប្រាណ​ចំពោះ​ស្ដ្រី ១៤ ​នាក់​ក្នុង​វ័យ​ខ្ទង់ ៥០ ឆ្នាំ​បាន​និយាយ​ថា​៖ «​ចលនា​ទាំង​នេះ​ពិតជា​ងាយស្រួល និង​អាច​ហាត់​នៅ​ក្នុង​ផ្ទះ​បាន​។ ធម្មតា​ការដើរ​ហាត់ប្រាណ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ចំពោះ​សុខភាព​ឆ្អឹង​នោះ​ទេ ហើយ​យើង​រំពឹង​ថា​ចលនា​នេះ​លើក​ទឹកចិត្ដ​ដល់​ស្ដ្រី​កាន់តែ​ច្រើន​ធ្វើ​លំហាត់ប្រាណ​ដ៏ត្រឹមត្រូវ​»​។

ស្ដ្រី​ក្នុង​ការសិក្សា​នេះ​ទទួល​បាន​លទ្ធផល​ដ៏ល្អ​ពី​ការធ្វើ​ចលនា​លោត​ហក់​តិចៗ ដោយ​ការ​គ្រវី​ដៃ​ឡើងលើ និង​លោត​ចុះក្រោម​។ ពួកគេ​ក៏​បាន​លោត​ចុះ​ឡើងលើ​ប្រអប់​កម្ពស់ ២ តឹក និង​លោត​លំនឹង​កែងជើង​ដែល​ធ្វើ​ចលនា​លើ​ចុងជើង​ចំទើត​ខ្ពស់​មុន​ពេល​ទម្លាក់​កែងជើង​វិញ​។

ជាមួយ​កម្លាំង​សម្ពាធ​លើ​សាច់ដុំ​ស្ដ្រី​ដែល​វាស់វែង​ដោយ​អគ្គិសនី​វិភាគ គេ​ជឿ​ថា​វា​គ្រប់គ្រាន់​ក្នុង​ការពង្រឹង​ឆ្អឹង​។

វេជ្ជបណ្ឌិត ម៉ុងហ្គូមេរី បាន​និយាយ​ថា ប្រសិទ្ធភាព​នៃ​លំហាត់​ប្រាណ​ស្មើនឹង​ការទទួល​កំហាប់​រ៉ែ​ឆ្អឹង​ប្រមាណ ២ ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ដែល​អាច​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​ពុក​ឆ្អឹង​នៅ​វ័យជ្រេ​៕ HR