ភ្នំពេញៈ ល្បីល្បាញពីរូបភាពក្រុមបុរសសាច់ដុំសម្ញែងសាច់ទាំងផ្ទាំងតាមបណ្ដាញសង្គមនោះ ហាង Paradise massage ជាកន្លែងម៉ាស្សាសម្រាប់បុរស ផ្ដល់សេវាដោយបុគ្គលិកប្រុសៗរូបរាងសង្ហាមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។
អ្នកគ្រប់គ្រង Paradise massage លោក ឆេង វាសនា បានប្រាប់ឲ្យភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «Logo ផ្សព្វផ្សាយដែលក្រុមការងារខ្ញុំថតស្លៀកខោទ្រនាប់ហ្នឹងគ្រាន់តែជាស្ទីល ឬប៊េនន័រសម្រាប់ទាក់ទាញភ្ញៀវទេ។ ចំណែកឯការម៉ាស្សាគឺបុគ្គលិករបស់យើងមានឯកសណ្ឋានត្រឹមត្រូវមានខោចែវ និងអាវវាលក្លៀក។ អ៊ីចឹងកុំយល់ច្រឡំបង»។
យ៉ាងណាមិញកន្លែងម៉ាស្សាមានចំនួន ៦ បន្ទប់ និងមានបុគ្គលិក ១៥ នាក់ជាប្រុសនេះក៏មិនទទួលភ្ញៀវនារីដែរដោយលោក ឆេង វាសនា លើកហេតុផលថា៖ «ដោយសារតែបុគ្គលិកសុទ្ធតែជាបុរស ដូចនេះខ្លាចមានបញ្ហាអ្វី។ អ៊ីចឹងការពារវាមុន»។
អ្នកគ្រប់គ្រងវ័យ ២៦ ឆ្នាំធ្លាប់បានបម្រើសេវាភ្ញៀវនៅសណ្ឋាគារមួយ ឯក្រុងបាត់ដំបងជាទីដែលលោកបានក្រេបជញ្ជក់ចំណេះដឹងម៉ាស្សាពីអ្នកជំនាញមកពីប្រទេសថៃមុននឹងមករាជធានីភ្នំពេញដាក់ពាក្យធ្វើការនៅ Paradise Massage។
ហាងម៉ាស្សាបុរសនេះត្រូវបានបង្កើតឡើងឲ្យខុសប្លែកពីកន្លែងម៉ាស្សាដទៃទៀតដែលមានបុគ្គលិកភាគច្រើនជានារី ដើម្បីផ្ដល់ឱកាសការងារប្រាក់ខែសមរម្យដល់បុគ្គលិកប្រុសៗមកពីខេត្ត និងជនបទ។
ស្ថិតនៅក្នុងចំណោមបុគ្គលិកសាច់ដុំស្លៀកខោចែវ លោក ចាន់ សាយ អាយុ ២៨ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កាលមុនខ្ញុំធ្វើសំណង់ និងធ្វើស្រែនៅស្រុកកំណើតត្បួងឃ្មុំ ហើយឃើញកន្លែងម៉ាស្សាហ្នឹងបង្ហោះរើសបុគ្គលិក អត់ចេះក៏គេយកដែរ អ៊ីចឹងបានខ្ញុំសម្រេចមកធ្វើការនៅហ្នឹង»។
លោករៀបរាប់ឲ្យដឹងទៀតថា៖ «ពេលមកធ្វើការនៅទីនេះជីវិតខ្ញុំផ្លាស់ប្តូរច្រើនចេះពីរបៀបម៉ាស្សាពីធ្វើការធ្ងន់មកធ្វើការស្រាល ហើយផ្លាស់ប្តូរទម្លាប់អាក្រក់មកល្អ។ ខ្ញុំអាចរៀនភាសាអង់គ្លេសបានទៀតពីភ្ញៀវបរទេស និងទទួលបានប្រាក់ចំណូលគួរសម។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះនៅទីនេះយើងមានចំណងមិត្តភាពល្អ ជួយគ្នាទៅវិញទៅមកដូចគ្រួសារតែមួយអ៊ីចឹងបង»។
ហាងម៉ាស្សាដែលទទួលអាជ្ញាប័ណ្ណឲ្យបើកដំណើរការពីក្រសួងពាណិជ្ជកម្មស្របច្បាប់នេះមានការតុបតែងមានប្រកបដោយផាសុកភាព បំពាក់ម៉ាស៊ីនត្រជាក់ គ្រឿងក្រអូបបែបបុរាណខ្មែរ និងផ្លែឈើ ដើម្បីឲ្យមានក្លិនបរិយាកាសបែបធម្មជាតិ។
ទន្ទឹមនឹងបុគ្គលិកមានជំនាញម៉ាស្សាច្រើនក្បាច់ និងច្រើនប្រភេទ ផលិតផល ដែលប្រើប្រាស់ត្រូវបាននាំចូលពីប្រទេសថៃដោយមានឈ្មោះ និងការផលិតត្រឹមត្រូវ។
ក្នុង ១ ថ្ងៃ Paradises massage ទទួលបានភ្ញៀវចន្លោះពី ១៥ ទៅ ២០ នាក់ដោយក្នុងនោះភ្ញៀវបរទេសមានប្រមាណ ៦០ ភាគរយអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ និងភ្ញៀវខ្មែរភាគច្រើនជាយុវវ័យ។
សេវាកម្មម៉ាស្សារួមមាន ម៉ាស្សាប្រេង តម្លៃ ១៨ ដុល្លារក្នុង ១ ម៉ោង ម៉ាស្សាខ្មែរ ឬថៃ តម្លៃ ១៥ ដុល្លារក្នុង ១ ម៉ោង ម៉ាស្សាជើងតម្លៃ ១២ ដុល្លារក្នុង ១ ម៉ោង ម៉ាស្សាស្ក្រាប់ (Scrub) តម្លៃ ២៥ ដុល្លារក្នុង ១ ម៉ោង និងម៉ាស្សាអារ៉ូម៉ា (Aroma) តម្លៃ ៣៥ ដុល្លារក្នុង ១ ម៉ោង។
ហាង Paradise massage ស្ថិតនៅផ្លូវលេខ ១៥ កែងផ្លូវ ១៤៤ ក្បែរផ្សារកណ្តាលទាក់ទងតាមទូរស័ព្ទលេខ ០១០ ៩៤៩១១៤ និង ០៨៦ ២៨០១៧២ និងទំព័រហ្វេសប៊ុក Paradise Massage៕
វីដេអូ៖