ក្រុងប្រេស៊ីលីយ៉ា: ក្រុម​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​សាលា​សម្ភព Assis Chateaubriand Maternity ប្រទេស​ប្រេស៊ីល​បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកទេស​វះកាត់​ច្នៃ​បង្កើត​រន្ធ​ទ្វារមាស​ដោយ​ការប្រើ​ស្បែក​ត្រី​លើ​ស្ដ្រី​ដែល​ប្រសូត​មក​ដោយ​គ្មាន​ក​ស្បូន ស្បូន ឬ​អូវ៉ារី​។

មុន​ពេល​ប្រើ​ស្បែក​ត្រី​ត្រូវ​បាន​សម្អាត​យ៉ាង​យក​ចិត្ដ​ទុកដាក់ និង​សម្លាប់​មេរោគ​តាមរយៈ​កាំរស្មី​ដើម្បី​កម្ចាត់​មេរោគ​នានា​។ នីតិវិធី​នេះ​បាន​យក​ស្រកា និង​ក្លិន​ឆ្អាប​ពី​ត្រី​ដោយ​បន្សល់​ទុក​នូវ​ស្បែក​សម្បុរ​ស្លេក និង​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បាន ២ ​ឆ្នាំ​។

ស្បែក​ត្រី​ទីឡាព្យា​សម្បូរ​តាម​ដង​ទន្លេ ហើយ​វា​ផ្ទុក​សំណើម​ច្រើន​។

ហេតុអ្វី​វិធីសាស្ដ្រ​ស្បែក​ត្រី​ត្រូវ​បាន​យក​មក​ប្រើ​?

វិធីសាស្ដ្រ​ស្បែក​ត្រី​ត្រូវ​បាន​ចាត់ទុក​ជា​វិធី​ប៉ះពាល់​តិចតួច​ជាង​មធ្យោបាយ​បុរាណ​ដែល​បង្កើត​រន្ធ​ទ្វារមាស​ដោយ​ការប្រើ​ស្បែក​ចៀរ​ចេញ​ពី​ក្រលៀន​របស់​អ្នក​ជំងឺ​ផ្ទាល់​។

ការវះកាត់​ប្រើ​ស្បែក​ត្រី​ឆាប់​ជា​ដោយ​អត់​មាន​ស្លាកស្នាម ឬ​ហានិភ័យ​មិន​សះស្បើយ ឬ​ឆ្លង​មេរោគ​អ្វី​ឡើយ​។

អ្នកជំងឺ​អាច​ដើរ​បាន​រយៈពេល ១២ ថ្ងៃ ខណៈ​ការវះកាត់​បែប​បុរាណ​ដែល​យក​ស្បែក​ក្រលៀន ឬ​លឹង្គ​ពន្លាត់​ចូល​ក្នុង​ធ្វើ​ជា​រន្ធ​យោនី​តម្រូវ​ឲ្យ​អ្នកជំងឺ​ចំណាយពេល​រាប់​សប្ដាហ៍​លើ​គ្រែពេទ្យ និង​ត្រូវការ​ពេល​រៀន​ដើរ​ជាថ្មី​ផង​ដែរ​។

តើ​ការប្រើប្រាស់​ស្បែក​ត្រី​ច្នៃ​ធ្វើ​ជា​ទ្វារមាស​សិប្បនិម្មិត វា​ពាក់ព័ន្ធ​នឹង​នីតិវិធី​អ្វីខ្លះ​?

ដើម្បី​បង្កើត «​ទ្វារមាស​ថ្មី​» វេជ្ជបណ្ឌិត​ដាក់​បញ្ចូល​ពុម្ព​ទម្រង់​ជា​ប្រដាប់ភេទ អម​ដោយ​ស្បែក​ត្រី​ទីឡាព្យា នៅ​ចន្លោះ​ប្លោកនោម និង​ចុង​ពោះវៀន​ធំ​។ វត្ថុ​ជំនួយ​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​ក្នុង​រន្ធ​រយៈពេល ១០ ​ថ្ងៃ​ដើម្បី​ទប់​ជញ្ជាំង​ទ្វារមាស​រួម​ខ្ជិប​។

អំឡុងពេល​មាន​រដូវ ស្បែកត្រី​ទីឡាព្យា​ត្រូវ​បាន​ស្រូប​ចូល​ហើយ​កោសិកា និង​សាច់​ដុះ​លូតលាស់​ភ្ជាប់​នឹង​សាច់​ធម្មជាតិ​ដើម្បី​ប្រែ​ក្លាយ​ជា​ល្បាយ​តែមួយ​។ ស្បែក​ត្រី​ជួយ​បណ្ដុះ​កោសិកា​ស្បែក​មនុស្ស និង​ទម្រង់​សរសៃ​ឈាម​ព្រម​ទាំង​បង្កើត​ជា​ប្រឡាយ​ទ្វារមាស​ថ្មី​ដែល​មាន​សណ្ឋាន​ដូច​នឹង​ប្រដាប់ភេទ​នារី​ពិតៗ​។

តើ​ហេតុអ្វី​ត្រូវ​ប្រើ​ស្បែក​ត្រី​ទីឡាព្យា​?

ត្រី​ទីឡាព្យា សម្បូរ​នៅ​តាម​ដង​ទន្លេ និង​កសិដ្ឋាន​ទូទាំង​ប្រទេស​ប្រេស៊ីល​។

វា​ផ្ទុក​ជាតិ​សំណើម​ច្រើន និង​សម្បូរ​ខូឡាជេន​ដែល​ជួយ​ឲ្យ​ឆាប់​ជាសះស្បើយ​។

ស្បែក​ត្រី​នេះ​ក៏​មាន​សារធាតុ​ប្រឆាំង​ជំងឺ និង​ស្វិត​មិន​ចាញ់​ស្បែក​មនុស្ស​នោះ​ទេ​។

ស្បែក​ត្រី​ទីឡាព្យា ធ្លាប់​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជនរងគ្រោះ​ដោយ​ការ​រលាក​ជាង ២០០ ​នាក់​ដោយ​អត់​ប្រើ​ស្បៃ​ដែល​ត្រូវ​តែ​ផ្លាស់ប្ដូរ​ជា​ប្រចាំ​នោះ​ឡើយ​៕ HR