ភ្នំពេញ: រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបញ្ហាជំងឺផ្លូវចិត្តបានក្លាយជាប្រធានបទ ដែលត្រូវបានយកមកជជែកពិភាក្សាពេញបណ្ដាញសង្គម ក្រោយពីមានករណីយុវជនមួយចំនួនតូចបានកើតជំងឺផ្លូវចិត្តរហូតឈានដល់ការធ្វើអត្តឃាត។
បើយោងតាមរបាយការណ៍របស់អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO) បានបង្ហាញថា ក្នុងមួយឆ្នាំៗអង្គការបានព្យាបាលអ្នកជំងឺផ្លូវចិត្តបានប្រហែល ១០ ០០០ នាក់ទាំងអ្នកជំងឺទទួលសេវាផ្ទាល់ និងអ្នកទទួលសេវាដោយប្រយោល។
អ្នកដែលទទួលសេវាផ្ទាល់គឺអ្នកមកទទួលការប្រឹក្សានៅកន្លែងផ្ទាល់ និងទទួលព្យាបាល។ ការព្យាបាលដោយប្រយោលគឺរួមមានតាមរយៈគ្រួសារមិត្តភក្តិដែលអង្គការនេះបានបង្រៀនបណ្តុះបណ្តាល ហើយពួកគាត់បានអប់រំ និងផ្សព្វផ្សាយទៅកាន់អ្នកដទៃបន្តទៀត។
ក្នុងដំណើរការជាង ២ ទសវត្សរ៍មកនេះអង្គការ TPO ព្យាបាលប្រជាជនកម្ពុជាបានប្រហែល ២៤ ម៉ឺននាក់។
បើយោងតាមសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺផ្លូវចិត្តមានច្រើនប្រភេទដូចជាជំងឺបាក់ទឹកចិត្ត ជំងឺខ្លាចទីប្រជុំ ជំងឺវិកលចរិត ជំងឺបាក់ស្បាត និងជំងឺជាច្រើនទៀត។
លោកវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ឈឹម សុធារ៉ា និងជានាយកប្រតិបត្តិអង្គការ TPO បានប្រាប់ឲ្យ ភ្នំពេញប៉ុស្តិ៍ ដឹងថា៖ «ពីដើមឡើយដោយសារតែយើងមានសេវាតិច យើងមិនដឹងថាជំងឺផ្លូវចិត្តហ្នឹងមាន ឬក៏អត់ទេ? ហើយដល់ពេលដែលយើងបង្កើតសេវាហ្នឹងច្រើន ទើបយើងដឹងជំងឺហ្នឹងកើតមានឡើងច្រើនក្នុងសង្គមកម្ពុជាគឺដោយសារតែប្រជាពលរដ្ឋមកជួបយើង និងទទួលការព្យាបាល»។
ទន្ទឹមនឹងនេះលោកវេជ្ជបណ្ឌិតបានរំឭកថាកាលពីមុនប្រជាជនខ្មែរនិយមហៅជំងឺផ្លូវចិត្តថាជាជំងឺឆ្កួត ហើយហៅអ្នកជំងឺថា មនុស្សឆ្កួត និងហៅក្រុមគ្រូពេទ្យថា ជាពេទ្យឆ្កួត។ កត្តាទាំងនេះហើយដែលជាស្លាកស្នាមធ្វើឲ្យអ្នកជំងឺកាលពីមុនមិនហ៊ានមកជួបគ្រូពេទ្យដើម្បីទទួលការព្យាបាល។
ប៉ុន្តែបច្ចុប្បន្ននេះដោយសារតែមានការយល់ដឹងច្រើនពីបញ្ហាជំងឺផ្លូវចិត្ត ដូចនេះការនិយាយពីបញ្ហាជំងឺផ្លូវចិត្តមិនសូវមានការពិបាកដូចមុននោះឡើយ។ លោកយល់ថាអ្នកមានជំងឺផ្លូវចិត្តហ៊ានបើកចិត្តទូលាយ និងព្យាយាមស្វែងរកការព្យាបាល។
មនុស្សម្នាក់ៗអាចកើតមានជំងឺផ្លូវចិត្តដោយសារកត្តា ៣ ធំៗរួមមាន៖
ទី១ កត្តាជីវសាស្ត្រ (ខួរក្បាល) គឺអតុល្យភាពនៃជាតិគីមីនៅក្នុងខួរក្បាល។ ឧទាហរណ៍ដូចជំងឺធ្លាក់ទឹកចិត្តមានសារធាតុគីមីអរម៉ូនមួយឈ្មោះសេរ៉ូតូនីម។ កាលណាថយចុះ វានឹងធ្វើឲ្យអារម្មណ៍ប្រែប្រួលមនុស្សផ្លាស់មកក្រៀមក្រំគិតអ្វីពិបាក។
ទី២ កត្តាចិត្តសាស្ត្រគឺសំដៅទៅលើខ្លួនឯងយល់ដឹងអំពីហេតុការណ៍កើតឡើងមកលើខ្លួនឯង។ ឧទាហរណ៍ បើយើងជាមនុស្សទុទ្ទិដ្ឋិនិយមគឺចូលចិត្តគិតអាក្រក់លើគេ លើខ្លួនឯង និងធ្វើឲ្យមនុស្សនោះងាយនឹងមានជំងឺផ្លូវចិត្ត ដែលខុសប្លែកពីអ្នកដែលគិតល្អៗ ឬសាទរចំពោះអ្នកដទៃ បុគ្គលនោះនឹងមិនសូវមានកើតជំងឺផ្លូវចិត្តនោះឡើយ។
ទី៣ គឺកត្តាសង្គមរួមមានការស្រឡាញ់កូនមិនស្មើគ្នា អំពើហិង្សាក្នុងគ្រួសារ បែកបាក់ស្នេហា បាត់បង់ការងារ និងជម្លោះសង្គ្រាមជំនួញ។ កត្តាទាំងអស់នឹងធ្វើឲ្យមនុស្សមានបញ្ហាជំងឺផ្លូវចិត្ត។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា៖ «សង្គមកាន់តែរីកចម្រើន កាន់តែប្រកួតប្រជែងមនុស្សកាន់តែរត់ទៅតាមសង្គម។ អ៊ីចឹងការរត់ទៅតាមសង្គមហួសពីសមត្ថភាពហ្នឹងហើយអាចធ្វើឲ្យមនុស្សមានបញ្ហាផ្លូវចិត្ត ឬជំងឺផ្លូវចិត្តច្រើនឡើងនាពេលអនាគត»។
បើតាមការស្រាវជ្រាវកាលពីឆ្នាំ ២០១០ របស់អង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងសាកលវិទ្យាល័យហាវើតបានបង្ហាញថានៅឆ្នាំ ២០២០ ខាងមុខនេះអត្រាស្លាប់ដោយសារជំងឺផ្លូវចិត្តគឺស្ថិតនៅក្នុងកម្រិតទី ២ បន្ទាប់ពីជំងឺសម្ពាធឈាម និងបេះដូង ខណៈដែលអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឈរនៅលេខរៀងទី ៣៕