The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អូកាម៉ូតុ​ប្រារព្ធ​ខួប​៨០​ឆ្នាំ​បំបែក​ឯតទគ្គកម្ម​ស្ដើង​បំផុត

អូកាម៉ូតុ​ប្រារព្ធ​ខួប​៨០​ឆ្នាំ​បំបែក​ឯតទគ្គកម្ម​ស្ដើង​បំផុត

អូកាម៉ូតុ​ប្រារព្ធ​ខួប​៨០​ឆ្នាំ​បំបែក​ឯតទគ្គកម្ម​ស្ដើង​បំផុត

130410_22b
តារាម៉ូដែលបង្ហាញស្រោមអនាម័យអូកាម៉ូតុ ០០៣ ហេង ជីវ័ន

ភ្នំពេញ : ស្រោម​អនាម័យ​អូកាម៉ូតុ (Okamoto) ដែល​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ខាង​ស្ដើង​ជាង​គេ​បំផុត​នោះ បាន​រៀបចំ​ពិធី​រំឭក​ខួប​ទី​៨០​របស់​ខ្លួន នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា កាលពី​ថ្ងៃ​ទី៥ ខែ​មេសា សប្ដាហ៍​កន្លង​ទៅ​នេះ។

ថ្លែង​ក្នុង​ពិធី​នេះ លោក​វេជ្ជបណ្ឌិត លឹម ហួរពៅ នាយក​ប្រតបត្តិ​នៃ​ក្រុមហ៊ុន Full Well Trading (Cambodia) Ltd បាន​ឲ្យ​ដឹង​ថា អូកាម៉ូតុ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​អេដស៍ និង​កាម​រោគ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សុខាភិបាល ក្នុង​ការ​ចែក​ចាយ​លើ​ទី​ផ្សារ​ជា​ផ្លូវ​ការ​ក្នុង​ដើម​ឆ្នាំ​២០០៤។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «វត្តមាន​របស់​អូកាម៉ូតុ​នៅ​កម្ពុជា អាច​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍ ដែល​រីករាល​ដាល​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។ ទន្ទឹម​នឹង​នោះ ស្រោម​អនាម័យ​អូកាម៉ូតុ ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យារ​កំណើត​ផង​ដែរ»។

រយៈ​កាល​១​ទសវត្សរ៍​ក្រោយ​ប្រតិបត្តិ​ការ​លក់​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​លោក​ឲ្យ​ដឹង​ថា៖ «រហូត​មក​ដល់​ពេល​នេះ អូកាម៉ូតុ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​ទីផ្សារ​ទូទាំង​២៤​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​វា​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នៅ​រាជធានី​ភ្នំពេញ»។

ផលិត​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​១៩៣៤ និង​ចែក​ចាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ខាង​លើ អូកាម៉ូតុ​បាន​បំបែក​ឯតទគ្គកម្ម​របស់​កំណត់​ត្រា​ហ្គីណេស​ជា​ស្រោម​អនាម័យ​ដ៏​ស្តើង​បំផុត​ក្នុង​លោក កាល​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១២។

ក្នុង​នោះ​មាន​ស្រោម​ចំនួន​៤​ប្រភេទ​របស់​ក្រុមហ៊ុន​ដែល​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​កំណត់​ត្រា​គឺ​ប្រភេទ អូកាម៉ូតុ 003 Platinum, 003 Real Fit, 003 Aloe និង 003 HA (ហាយ៉ារ៉ូនីកអាស៊ីត)។

អូកាម៉ូតុ គឺជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ខាង​ផលិត​ស្រោម​អនាម័យ​ពី​ជាតិ Sheerlone ដែល​ស្ដើង​ទន់ មិន​ក្ដៅ រលាក និង​គ្មាន​សារធាតុ​គីមី​ប៉ះ​ពាល់​ដល់​សុខភាព។ កត្តា​ទាំង​នេះ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​អតិថិជន​ឲ្យ​ប្រើ​ប្រាស់​វា​ដើម្បី​ពន្យារ​កំណើត ក៏​ដូច​ជា​ការ​ទទួល​ការ​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិភាព និង​បង្ការ​ជំងឺ​កាមរោគ​ផ្សេងៗ៕

អត្ថបទគួរចាប់អារម្មណ៍