ក្រុង​ញូវយ៉ក: ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា បាត់​វេលា​ដំណេក ២ ម៉ោង​ក្នុង ១ រាត្រី​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ក្រេវ​ក្រោធ។ វា​ជា​លើក​ដំបូង​នៃ​ទំនាក់​ទំនង​ផ្ទាល់​ត្រូវ​បាន​បញ្ជាក់​រវាង​អារម្មណ៍​ឆាប់​ខឹង និង​កង្វះ​ដំណេក។ នេះ​បើ​យោង​តាម​ក្រុម​ចិត្ដវិទូ។

មាន​ភ័ស្ដុតាង​បាន​បញ្ជាក់ថា កង្វះ​ដំណេក​អាច​បង្កើន​ភាព​ក្រេវក្រោធ និង​ទុក្ខព្រួយ ព្រម​ទាំង​ប្រាស​ចាក​សុភមង្គល និង​ភាព​សប្បាយ​រីករាយ។

យ៉ាងណាមិញ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យរ​ដ្ឋ​អ៊ីអូវ៉ា ចង់​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​បញ្ហា​កង្វះ​ដំណេក និង​អារម្មណ៍​ក្រោធ។

ការសិក្សា ដែល​ចុះផ្សាយ​ក្នុង​ព្រឹ​ត្ដិបត្រ​ចិ​ត្ដ​វិទ្យា​ពិសោធន៍​បាន​បែងចែក​អ្នក​ចូលរួម​ចំនួន ៤២ នាក់​ជា ២ ក្រុម។ ១ ក្រុម​រក្សា​ដំណេក​ដូច​ប្រក្រតី ខណៈ ១ ក្រុម​ទៀត​កាត់​វេលា​ដំណេក​ពី ២ ទៅ ៤ ម៉ោង​រៀង​រាល់​រាត្រី​រយៈពេល ២ រាត្រី។ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ប៉ាន់​ប្រមាណ​ថា ក្រុម​ទី ១ មាន​វេលា​ដំណេក​ជិត ៧ ម៉ោង​ក្នុង ១ យប់ ខណៈ​ក្រុម​ទី ២ មាន​វេលា​ដំណេក​ត្រឹម​តែ ៤ ម៉ោង​កន្លះ។

អារម្មណ៍​នឿយហត់​ជះឥទ្ធិពល​ដល់​ភាព​ក្រេវក្រោធ​រហូតដល់ ៥០ ភាគរយ ដែល​កើត​ឡើង​ពី​ការ​រឹត​ត្បិត​ដំណេក។

សាស្ដ្រាចារ្យ​ដឹកនាំ​ការសិក្សា Zlatan Krizan បាន​និយាយថា៖ «ជាទូទៅ កំហឹង​មាន​កម្រិត​កើន​ឡើង​ខ្ពស់​ជាង​សម្រាប់​អ្នក​ដែល​មាន​ដំណេក​តិច​តួច បើ​ធៀប​នឹង​អ្នក​គេង​គ្រប់​គ្រាន់»។

ខណៈ​កង្វះ​ដំណេក​អាច​បង្ក​អត្ដ​ចរិត​ក្រេវក្រោធ​លើ​អ្នកដទៃ ដំណេក​ទៀង​ទាត់​តិច​ជាង ៦ ឬ ៧ ម៉ោង​ក្នុង ១ យប់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស៊ាំ​ជំងឺ និង​ហានិភ័យ​ជំងឺ​មហារីក​ខ្ពស់៕HR