ក្រុងឡុងដ៍ : អ្នកសរសេរប្លុកស្ដីពីសម្រស់ស្ដ្រី បានលាតត្រដាងពីជំហរឈរកាច់រាង និងការប្រើពន្លឺអាចជួយលើករូបសម្រស់កាន់តែទាក់ទាញ ដើម្បីជាការឆ្លើយតបនឹងផ្នត់គំនិតអ្នកខ្លះដែលយល់ថា «ស្ដ្រីជាតុក្កាបាប៊ី ដែលមានរូបរាងស្រស់ស្អាតគ្រប់ពេលវេលាទាំងអស់»។
កញ្ញា ឆេសស៊ី ឃីង អាយុ ២៥ ឆ្នាំ មកពីក្រុងឡុងដ៍ ដែលមានអ្នកគាំទ្រ 350k លើអុីនស្ដាក្រាម បានចែករំលែកថតរូបពិតរបស់នារីជាហូរហែរ។ ក្នុងរូបភាពស្មោះត្រង់ ដែលត្រូវបាន Bored Panda ដកស្រង់ អ្នកនិយមកាយសម្ព័ន្ធរូបនេះ បានសម្ញែងរាងតាមកាយវិការផ្សេងៗ ដើម្បីបញ្ជាក់ថា ផ្ទៃពោះរាបស្មើ ឬកំប៉េះគូទឈរចំទើត កើតឡើងពីវិធីការប្រើប្រាស់មុំកាមេរ៉ាថត ហើយវាមិនមែនជារូបភាពពិតនៃជីវិតជាក់ស្ដែងឡើយ។
ការចែករំលែករូបភាពជាច្រើនលើអុីនស្ដាក្រាម ស្ដីពីរូបរាងដ៏ពិតប្រាកដរបស់ស្ដ្រី កញ្ញា ឆេសស៊ី បានគូសបង្ហាញពីសារសំខាន់ដោយកុំទាន់អាជឿអ្វីៗគ្រប់យ៉ាងដែលបានឃើញលើបណ្ដាញសង្គម ព្រមទាំងបានលាតត្រដាងពីទិកនិកថតរូបស្អាត។
ជាមួយការចែករំលែកគំនិតទស្សនៈផ្ទាល់ខ្លួនអមដោយរូបភាពជាហូរហែរ នាងបានសរសេរថា៖ «កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមិនដែលបង្ហោះរូបភាពទេ អ្វីដែលខ្ញុំផ្ដោតសំខាន់អំពីរូបរាងគឺខ្លាញ់លើរាងកាយ និងបានទៅហ្វឹកហាត់កាយសម្ព័ន្ធឲ្យបានច្រើនដងតាមលទ្ធភាព និងរាប់គ្រប់កាឡូរីដែលខ្ញុំទទួលទាន»។
កញ្ញាបន្ដថា៖ «សូម្បីតែនៅកន្លែងតូចបំផុត ពេលខ្ញុំកំពុងហ្វឹកហាត់ ខ្ញុំនៅតែមិនពេញចិត្ដ។ ពេលនេះ អាទិភាពរបស់ខ្ញុំគឺភាពរីករាយ និងផាសុកភាពចំពោះស្បែកខ្លួនឯង ហើយបច្ចុប្បន្ន ខ្ញុំចូលចិត្ដរាងកាយខ្លួនឯង»។
អ្នកសរសេរប្លុករូបនេះ បានបន្ថែមថា៖ «យើងមិនអាចជាតុក្កតាបាប៊ីគ្រប់ពេលវេលាឡើយ។ យើងគ្រាន់តែជាមនុស្សធម្មតា ហើយយើងមិនគួរគិតចង់ស្អាតគ្រប់កាលៈទេសៈនោះឡើយ»៕ HR
ប្រភព : dailymail.co.uk