ក្រុងញូវយ៉ក: ឱសថ​បំប៉ន​រមែង​ត្រូវ​បាន​ទទួលទាន​ដោយ​អ្នក​ប្រាថ្នា​សុខភាព​ល្អ​ជាមួយ​ក្ដីសង្ឃឹម​បន្ថែម​អាយុ​កាន់តែ​យឺនយូរ​។ ប៉ុន្ដែ​ការសិក្សា​មួយ​រកឃើញ​ថា ការទទួលទាន​ឱសថ​បំប៉ន​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត ហើយ​មាន​តែ​ជីវជាតិ​បំប៉ន​ក្នុង​អាហារ​ទេ​ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ជីវិត​។

ជាក់ស្ដែង​ឱសថ​បំប៉ន​មួយ​ចំនួន​ដូចជា សារធាតុ​កាល់ស្យូម និង​វីតាមីន D មាន​ទំនាក់ទំនង​ជាមួយ​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​។ ក្រុម​អ្នកជំនាញ​លើកឡើង​ថា លទ្ធផល​នៃ​ការរកឃើញ​នេះ​បាន​បន្ថែម​ភ័ស្ដុតាង​កាន់តែ​ច្រើន ដែល​ឱសថ​បំប៉ន​មិន​អាច​ត្រូវបាន​ប្រើ​ជា «​ខែល​ការពារ​» ឡើយ ហើយ​របប​អាហារ និង​របៀបរបប​រស់នៅ​គឺជា​កត្ដា​ចម្បង​គ្រប់គ្រង​សុខុមាលភាព​។

ការសិក្សា​ដែល​ផ្ដោត​លើ​ទិន្នន័យ​ពី​ពលរដ្ឋ​អាមេរិក​ជាង ២៧០០០ ​នាក់ រកឃើញ​ថា​ជីវជាតិ​បំប៉ន​មួយ​ចំនួន​ក្នុង​របប​អាហារ តែ​មិនមែន​ឱសថ​បំប៉ន អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​មរណភាព​បង្ក​ពី​គ្រប់​បញ្ហា និង​មហារីក​។

ក្រុម​អ្នកស្រាវជ្រាវ​មកពី Tufts University ធ្វើការ​ប្រៀបធៀប​ការទទួលទាន​ជីវជាតិ​អាហារ​ចម្រុះ​ជាមួយ​អត្រា​មរណៈ​កើតឡើង​ពី​កត្ដា​ផ្សេងៗ ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក​។

ពួកគេ​បាន​បង្ហាញ​ថា​ការទទួលទាន​វីតាមីន A និង K គ្រប់គ្រាន់​ព្រម​ទាំង ម៉ាញ៉េស្យូម និង​ស័ង្កសី បន្ថយ​គ្រោះថ្នាក់​មរណភាព​។ ប៉ុន្ដែ​វា​មាន​ប្រសិទ្ធភាព​ចំពោះ​ជីវជាតិ​ក្នុង​របប​អាហារ​ត្រឹមត្រូវ មិនមែន​ឱសថ​បំប៉ន​ឡើយ​។

មនុស្ស​អាច​ជួប​គ្រោះថ្នាក់​ដោយ​ការទទួលទាន​ឱសថ​បំប៉ន​កាល់ស្យូម​ហួស​កម្រិត​ដល់​ជាង ១ ពាន់​មីល្លីក្រាម​ក្នុង​​ ១ ​ថ្ងៃ​៕ HR