ក្រុងញូវយ៉ក: ក្រដាស​សើម មាន​ប្រសិទ្ធភាព​សម្អាត​ស្នាម​ក្រែម និង​ស្នាម​ខ្មៅ​ដៃគូរ​ចិញ្ចើម តែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា អ្នក​គួរ​គិត​ឡើង​វិញ​មុន​ពេល​ប្រើ​ក្រដាស​នេះ​ជំនួស​ឲ្យ​ការ​លាង​សម្អាត​មុខ​ដោយ​ទឹក។

ថ្វីដ្បិតតែ​ក្រដាស​សើម​នេះ​ងាយ ស្រួល​ប្រើ និង​រហ័ស​ទាន់ចិត្ដ​យ៉ាងណា​ក៏ដោយ ក៏​វា​នៅ​បន្សល់​ស្រទាប់​ស្នាម​គ្រឿង​តុប​តែង​មុខ និង​បាក់តេរី ដែល​មក​ផ្ដុំគ្នា​ពេញ​មួយ​ថ្ងៃ។

ក្រដាស​សើម អាច​បង្ក​ជា​បញ្ហា​រោល​រមាស់ ប្រេះ និង​ឆាប់​ចាស់​ជាង​វ័យ។ ចូ​នណា វ៉ាហ្គាស សោភ័ណ​វិទូ បាន​និយាយ​ថា ការ​ប្រើ​ក្រដាស​សើម​សម្អាត​គ្រឿង​សម្អាង​លើ​ផ្ទៃមុខ​អាច​ជា​ដំណោះ​ស្រាយ​ទាន់​ចិត្ដ។

វ៉ា​ហ្គាស ដែលមាន​ហាង​ស្ប៉ា​នៅ​ក្រុង​ញូវយ៉ក និង​ឡូ​ស​អេ​ន​ជឺលេស បាន​បន្ដថា៖ «ខ្ញុំ​មិន​គាំទ្រ​ក្រដាស​សើម​នេះ​ប៉ុន្មាន​ទេ ពីព្រោះ​វា​មិន​សុទ្ធ​តែ​អាច​សម្អាត​ផ្ទៃមុខ​ស្អាត​ល្អ​នោះ​ទេ ហើយ​សំខាន់ វា​សម្បូរ​សំណល់​ថែម​ទៀត។

មិន​ខុសពី​ផលិតផល​សម្អាត​ផ្ទៃមុខ​ដទៃ ក្រដាស​សើម កម្ចាត់​ខ្លាញ់ និង​ស្បែក​ងាប់។ តែ​យ៉ាងណា សោ​ភណ​វិទូ ដានូតា មែឡុច ស្ថាបនិក Rescue Spa បាន​និយាយ​ថា បើ​មិន​បន្ថែម​សំណើម​ទឹក ក្រដាស​ជូត​បីដូច​វាសដី​ជុំវិញ​បរិវេណ​ផ្ទៃមុខ​យ៉ាង​ដូច្នោះ។

មែ​ឡុ​ច ដែល​ប្រើ​ក្រដាស​សើម​ជា​ជម្រើស​ចុង​ក្រោយពេល​អ្នកស្រី​ធ្វើដំណើរ បាន​បន្ថែមថា៖ «វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូចជា អ្នក​ជ្រើសរើស​វិធី​ដ៏​ត្រឹម​ត្រូវ​ហើយ តែ​តាម​ពិត វា​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ទៅ​វិញ»។

អ្នកស្រី​ថា ការសម្អាត​ដ៏​ត្រឹមត្រូវ​គឺ​លើសពី​ក្រដាស​សើម ដោយ​មាន​ការ​លុប​មុខ​បន្ថែម​ទៀត៕HR