ក្រុងហ្សឺណែវ: គេងយោលមិនត្រឹមតែមានប្រសិទ្ធភាពចំពោះទារកនោះទេ។ មនុស្សធំដែលព្យាយាមដេកស្កប់អាចសាកល្បងចំណាយប្រាក់ទិញអង្រឹងមួយដើម្បីជាប្រយោជន៍ចំពោះដំណេកដូចកូនក្មេង។
ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថាអ្នកដែលគេងយោលចុះឡើងៗឆាប់លង់លក់ និងទទួលបាននូវដំណេកស្កប់ស្កល់ជាង។ លើសពីនេះដំណេករបស់ពួកគេក៏ជួយបង្កើនការចងចាំបានល្អនៅថ្ងៃបន្ទាប់ផងដែរ។
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាកលវិទ្យាល័យក្រុងហ្សឺណែវបានស្នើសុំមនុស្សពេញវ័យ ១៨ នាក់ចំណាយពេល ១ រាត្រីឲ្យសាកដំណេកលើគ្រែធម្មតា និង ១ ក្រុមទៀតគេងយោលអង្រឹងចុះឡើងៗ។
ពេលស្ថិតក្នុងដំណេកយោលចុះឡើងៗពួកគេបានដេកលង់លក់លឿនជាង ៦ នាទី និងមិនសូវជាភ្ញាក់កណ្ដាលអធ្រាត្រផងដែរ។ ការសិក្សាទ្រង់ទ្រាយតូចនេះបានរកឃើញថា អ្នកគេងយោលតិចៗមានអារម្មណ៍ជ្រះថ្លាពេលបំពេញការងារប្រចាំថ្ងៃ និងការសិក្សានៅព្រឹកថ្ងៃបន្ទាប់ ខណៈដំណេកមានតួនាទីសំខាន់ក្នុងការរក្សាព័ត៌មានក្នុងខួរក្បាល៕ HR