ក្រុងប៉ារីស: ឱសថ​ប្រឆាំង​មេរោគ​ហ៊ីវ អាច​រារាំង​ការចម្លង​ជំងឺអេដស៍​សូម្បីតែ​ស្ថិត​ក្នុង​ចំណោម​គូស្នេហ៍​រួមភេទ​អត់​ពាក់​ស្រោម​ការពារ​ក៏ដោយ​។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​កន្លង​មក​។

ការសិក្សា​នៅ​អឺរ៉ុប​មួយ​នេះ​បាន​តាមដាន​លើ​គូស្នេហ៍​បុរស​ដូច​គ្នា​ជិត ១០០០ គូ​លើ​រយៈពេល ៨ ​ឆ្នាំ​ដែល​ដៃគូ​ម្ខាង​ផ្ទុក​មេរោគ​ហ៊ីវ និង​ទទួល​ការព្យាបាល​តាមរយៈ​ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ហ៊ីវ (ART) ខណៈ​ដៃគូ​ម្ខាង​ទៀត​អត់​មាន​ជំងឺ​នេះ​។

ក្រុម​វេជ្ជបណ្ឌិត អត់​ឃើញ​មាន​នរណា​ម្នាក់​ឆ្លង​មេរោគ​ហ៊ីវ​អំឡុងពេល​សិក្សា ដែល​ជា​ក្ដីសង្ឃឹម​ថ្មី​ថា​កម្មវិធី ART អាច​ជួយ​ទប់ស្កាត់​ការចម្លង​មេរោគ​ថ្មីៗ​។

អាលីសុន រ៉ូដជ័រ មកពី​សាកល​វិទ្យាល័យ College London ដែល​ដឹកនាំ​ការសិក្សា​ចុះផ្សាយ​ក្នុង The Lancet បាន​និយាយ​ថា​៖ «​លទ្ធផល​នេះ​ផ្ដល់​នូវ​ភ័ស្ដុតាង​ជាក់ច្បាស់​សម្រាប់​បុរស​ខ្ទើយ​ថា ហានិភ័យ​នៃ​ការចម្លង​មេរោគ​គឺ​គ្មាន​នោះ​ទេ​»​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ART ទប់ស្កាត់​ការចម្លង​ប្រមាណ ៤៧០ ករណី​អំឡុង​ពេល​សិក្សា​។ មេរោគ​ហ៊ីវ និង​ជំងឺ​ឆក់​ឱកាស​នៅ​តែ​ជា​វិបត្ដិ​ចំពោះ​សុខភាព​ដ៏ធ្ងន់ធ្ងរ​មួយ​ក្នុង​ពិភពលោក​។

មនុស្ស​ជាង ២១ លាន​នាក់​ទទួល​ការព្យាបាល​ពី​វេជ្ជសាស្ដ្រ ART ដែល​មាន​ឥទ្ធិពល​បង្ក្រាប​មេរោគ​ហ៊ីវ តែ​ប្រមាណ ៥៩ ​ភាគរយ​ចំណោម​អ្នក​ផ្ទុកមេរោគ​ហ៊ីវ​ទូទាំង​សកលលោក​។

ក្រុម​អ្នកនិពន្ធ​ការសិក្សា បាន​កត់ត្រា​ពី​ចំណុច​កំណត់​នៃ​លទ្ធផល​ជាច្រើន រួមទាំង​អាយុ​មធ្យម​របស់​បុរស​ផ្ទុក​មេរោគ​គឺ ៣៨ ​ឆ្នាំ​។ ការ​ចម្លងរោគ​ភាគច្រើន​គឺ​មនុស្ស​ក្រោម​អាយុ ២៥ ឆ្នាំ​៕ HR