ក្រុង​ញូវយ៉ក: ការវះកាត់​ពង្រីក​លិង្គ​កំពុងតែ​ពេញនិយម​ខ្លាំង​នាពេល​បច្ចុប្បន្ន តែ​ពេល​មាន​ឧប្បត្ដិ​ហេតុ​អកុសល​កើត​ឡើង ហានិភ័យ​ប្រាកដ​ជា​មិន​អាច​ទស្សន៍​ទាយ​បាន។

ក្រុម​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា ក្នុង​ក្រុង​អ៊ីរ​វីន បាន​តាមដាន​ករណី​បុរស ១១ នាក់ ដែល​ជួប​បញ្ហា​ក្រោយ​ពី​វះកាត់​ពង្រីក​លិង្គ ឬ​ហៅថា ភេណូប្លាស្ទី។

នីតិវិធី​ត្រូវបាន​ធ្វើឡើង​ដោយ​ការចាក់​បញ្ចូល​សារធាតុ​ទៅក្នុង​កោសិកា​លិង្គ ដើម្បី​ធ្វើ​ឲ្យ តួ​លិង្គ​រីក​ធំ បំណង​ប្រាថ្នា​ភាព​សម្បើម និង​បង្កើន​ភាព​ពុះ​កញ្ជ្រោល​ផ្លូវ​ភេទ។

បុរស​ក្នុងការ​សិក្សា​នេះ មាន​អាយុ​មធ្យម ៤៧ ឆ្នាំ ដោយ​អ្នក​ក្មេង​បំផុត​អាយុ ២៧ ឆ្នាំ និង​ចាស់​បំផុត​អាយុ ៧៧ ឆ្នាំ។

ក្នុងចំណោម​បុរសរងគ្រោះ​ពី​ការប្រើ​សារធាតុ​ចាក់​បំប៉ោង ឬ​ការ​បូម​ខ្លាញ់​ក្នុង​ខ្លួន​យកមក​បំពេញ​លិង្គ​នោះ បុរស​លិង្គ​តូច​ជាច្រើន​ទាមទារ​ការ​វះកាត់ ដោយ​ករណី​ខ្លះ​សាច់​លិង្គ​ត្រូវ​បាន​កាត់​ចេញ​ទាំង​ស្រុង ឬ​វះ​ចំហ​តែ​ម្ដង។

ក្រុម​អ្នកនិពន្ធ​សរសេរ​ការសិក្សា​នេះ ឲ្យ​ដឹងថា៖ «ការ​វះកាត់​ពង្រីក​លិង្គ​រមែង​ត្រូវបាន​ផ្សព្វផ្សាយ និង​ចាត់​ទុក​ជា​ការ​វះកាត់​ប្រកប​ដោយ​សុវត្ថិភាព​ដែល​មាន​ហានិភ័យ​ទាប។ ប៉ុន្ដែ​តាម​ពិត យើង​ឃើញ​ថា វា​មាន​ហានិភ័យ​ខ្ពស់»។

ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើង​ថា កង្វល់​អ្នកមាន​លិង្គ​តូច​គឺជា​ទម្រង់​នៃ​អាការ​រិះគន់​រាងកាយ​ខ្លួន​ឯង​ឥត​ឈប់​ឈរ។ វា​ទំនង​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​បុរស​មិន​ស្កប់​នឹង​អ្វី​ដែល​ខ្លួន​មាន។

អ្នកជំនាញ​បាន​សរសេរ​ក្នុង​ព្រឹ​ត្ដិ​ប​ត្រ​វេជ្ជសាស្ដ្រ​ផ្លូវភេទ​ថា៖ «អ្នកជំងឺ​ភាគច្រើន ដែល​ស្វែងរក​សេវាកម្ម​ចាក់​ពង្រីក​លិង្គ តាម​ពិត​ពួកគេ​មាន​ប្រវែង​លិង្គ និង​រូប​រាង​ធម្មតា​ទេ»៕HR