ភ្នំពេញ៖ ជំនួស​ឲ្យ​ការ​រៀប​តុ​អង្គុយ​ជា​ជួរ​ជាប់ៗ​គ្នា ឬ​ជា​រង្វង់​​សម្រាប់​ឲ្យ​សិស្ស​អង្គុយ​ជុំ​គ្នា​ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​សិក្សា​រួម​នៅ​ពេល​តែ​មួយ កុមារ​​ដែល​អង្គុយ​ចំណាំ​ទីតាំង​​រៀងៗ​ខ្លួន​ក្នុង​បន្ទប់​នៃ​សាលា​អប់រំ​ពិសេស KCPS ត្រូវ​បាន​ខណ្ឌ​ចែក​ដាច់​ដោយ​ឡែក​​ពី​គ្នា​។ ចំពោះ​​សៀវភៅ​បែប​រូបភាព​ ​និង​​​ឧបករណ៍​លេង​បង្កើន​ប្រាជ្ញា​​​ជា​ច្រើន​ វា​មិន​ខុស​ពី​សម្ភារ​​សិក្សា​របស់​កុមារ​ទូទៅ​ទេ។ ប៉ុន្ដែ​អ្វី ដែល​ខុស​ប្លែក​ ពួក​គេ​ត្រូវ​មាន​ជំនួយ​ការ​ចាំ​ជួយ​សម្រួល​ដល់​កិច្ចការ​អាន និង​សរសេរ​ដោយ​យក​ចិត្ដ​​ទុក​ដាក់​បំផុត​។

ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​ក្ដី​កង្វល់​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ដែល​ពិការ​ភាព​អូទីសឹម អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ចិត្ដ​វិទ្យា ​បង្កើត​សាលា​អប់រំ​ពិសេស​ សេវា​ប្រឹក្សា​យោបល់ និង​អប់រំ​ផ្លូវ​ចិត្ដ​តាម​បែប​ចិត្ដ​សាស្ដ្រ​ (KCPS) ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កុមារ​ សម្រាប់​អាណាព្យាបាល​មាន​ជីវភាព​ធូរធារ​។

លោក​ ហឿ សេថុល​ ​​ជា​ស្ថាបនិក​​សាលា​ KCPS បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​ខ្ញុំ​គឺ​ជា​អ្នក​ឯកទេស​ខាង​ជំងឺ​ផ្លូវ​ចិត្ត​ស្រាប់​ ​ហើយ​ខ្ញុំ​មាន​បទពិសោធ​​​ក្នុង​ការងារ​នេះ​រយៈពេល​ជាង ​២០ ​ឆ្នាំ​មក​ហើយ​ដែរ និង​​បើក​គ្លីនិក​​ព្យាបាល​ និង​ពិភាក្សា​​ផ្នែក​​ជំងឺ​​ផ្លូវ​ចិត្ត​​នៅ​ឆ្នាំ ​២០១៣​។​​ ក្រោយ​មក​ដោយសារ​​កំណើន​​​នៃ​កុមារ​ អូទីសឹម និង​​តម្រូវ​ការ​របស់​ឪពុក​ម្តាយ​​ត្រូវ​ការ​សេវាកម្ម​នេះ ​(សាលា​បង្រៀន​កុមារ​​អូទីសឹម​) អ៊ីចឹង​ខ្ញុំ​សម្រេច​បើក​សាលា​នេះ​»​។

កុមារអូទីសឹមត្រូវបានបែងចែកទីកន្លែងអង្គុយ និងខណ្ឌដាច់ដោយឡែក។ហុង មិនា

លោក​បាន​ឲ្យ​ដឹង​ថា អូទីសឹម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​​ជំងឺ​​​​ទេ​ ដោយ​អ្នក​ឯកទេស​ចាត់​ទុក​ជា​ប្រភេទ​ពិការភាព​ពី​កំណើត​ ទាក់ទង​​​នឹង​អាកប្បកិរិយា ទំនាក់​ទំនង​ក្នុង​សង្គម​​ និង​​​ការ​ប្រើប្រាស់​ភាសា​។ លោក​បន្ដ​ថា អូទីសឹម​ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​ស្រាវជ្រាវ​មក​ថា​ វា​ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍ​ខុស​ប្រក្រតី​របស់​ខួរ​ក្បាល​តូច​ ​​ក្នុង​​វេជ្ជសាស្រ្ត​នៃ​ភាសា​ខ្មែរ​​​ហៅ​ថា​ «បាត​ខួរ​ក្បាល»​​។

លោក សេថុល បាន​និយាយ​ថា​៖ «​ឧបសគ្គ​នៃ​ការ​រីក​លូត​លាស់​របស់​​កុមារ​អូទីសឹម​ ​​មាន ​៣ ​ចំណុច​សំខាន់​ៗ​។ វា​​ទាក់ទង​​នឹង​សមត្ថភាព​​ទំនាក់​ទំនង​ក្នុង​សង្គម​ដោយ​កុមារ​បាន​បាត់​បង់​នូវ​លទ្ធភាព​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​​ជាមួយ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​ មិន​យល់​ពី​សកម្មភាព​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ថា ​កំពុង​ធ្វើ​អ្វី​ ចូល​ចិត្ត​ធ្វើ​អ្វី​តែ​ម្នាក់​ឯង​ និង​មិន​អាច​លេង​ជាមួយ​ក្មេង​ធម្មតា​បាន​»។

លោក​បន្ដ​ថា៖ «ចំណុច​ទី​២​ ខ្សោយ​ខាង​ភាសា​និយាយ​ ឬ​អាច​បាត់បង់​ភាសា​តែ​ម្តង​ ​ហើយ​​មួយ​ទៀត​​អាច​និយាយ​បាន​ច្រើន​ ប៉ុន្តែ​មិន​អាច​រៀប​ឃ្លា​ក្នុង​ការ​សន្ទនា​ជាមួយ​អ្នក​ដទៃ​បាន ​ព្រម​ទាំង​កុមារ​ខ្លះ​អាច​​​​ត្រឹម​តែ​បញ្ចេញ​សំឡេង ​(អឹ អឺ អូ) តែ​មិន​អាច​មាន​ភាសា​​។ ចំណុច​ទី​៣ កុមារ​មាន​​បញ្ហា​​​លើ​អាកប្បកិរិយា​។ បាន​​ន័យ​ថា​ ​​ក្មេង​អាច​ឆាប់​​មួម៉ៅ​ ច្រងេង​ច្រងាង ដើរ​ចំទើត​​​ ឬ​មិន​អាច​ផ្ចង់​អារម្មណ៍​ធ្វើ​អ្វី​មួយ​បាន ខណៈ​កុមារ​ខ្លះ​ទៀត​សកម្ម​ខ្លាំង​​រហូត​ដល់​សម្រាក​​តែ​​ពេល​​គេង​​​លក់»។

កន្លែងលេងកុមារអូទីសឹមនៅសាលា KCPS។ហុង មិនា

មាន​កត្តា​រួម​បង្ហាញ​ពី​អាការ​ផ្សេង​ទៀត ​ដូច​ជា​ ​ញាណ (ស្បែក អណ្តាត​ ច្រមុះ ភ្នែក​ ត្រចៀក​) ​របស់​កុមារ​ខ្សោយ។ វា​មាន​​​ន័យ​ថា វា​អាច​​ទាក់ទង​នឹង​ភ្នែក​ កុមារ​ពិបាក​ក្នុង​ការ​​សម្លឹង​មើល​​អ្នក​នៅ​ជុំវិញ​ខ្លួន​ ឬ​វត្ថុ​​អ្វី​មួយ​។​ ​ចំពោះ​​អណ្តាត ​មាន​បញ្ហា​ខាង​រសជាតិ​ ដោយ​កុមារ​អាច​ពិបាក​ទទួល​ដឹង​​នូវ​រសជាតិ​នៃ​អាហារ​ ឬ​អាច​​បាត់បង់​នូវ​រសជាតិ​ទាំង​ស្រុង​​តែ​ម្តង​។ ស្បែក​ កុមារ​អាច​មាន​ប្រតិកម្ម​​ខ្លាំង​ទៅ​លើ​រាង​កាយ​ សូម្បី​តែ​ការ​ប៉ះ​ពាល់​បន្តិច​​បន្តួច​ ដូចជា ការ​អង្អែល​ក៏​អាច​ធ្វើ​ឲ្យ​កុមារ​មាន​អារម្មណ៍​ថា​ឈឺ ឬសង្កៀរ​ ​ហើយ​​កុមារ​ខ្លះ​ទៀត​អាច​នឹង​មិន​ដឹង​ឈឺ​ទាល់​តែ​សោះ​ បើ​ទោះ​បី​ជា​ប៉ះ​ជាមួយ​របស់​រឹង​ដូច​ជា​តុ​​ ឬ​ទូ​រហូត​ដល់​ចេញ​ឈាម​ក៏​ដោយ​​។

អ្នក​ឯកទេស​ចិត្ដ​វិទ្យា​រូប​នេះ បាន​លើក​ឡើង​ថា កុមារ​​​កើត​បញ្ហា​អូទីសឹម​ អាច​បណ្តាល​មក​ពី​មូលហេតុ​ធំៗ ​២ ​គឺ កត្តា​តំណពូជ និង​កត្ដា​បម្រែ​បម្រួល​សរីរាង្គ​។

លោក​ ​សេថុល​ ​​ជា​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​ខាង​ពិគ្រោះ​​យោបល់​ផ្លូវ​ចិត្ត​ បញ្ចប់​ការ​សិក្សា​​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​ប្រទេស ​ហ្វីលីពីន ​បាន​បង្ហាញ​ពី​ការ​បង្រៀន​កុមារ​អូទីសឹម​ថា​៖ ​«​យើង​ពិបាក​និយាយ​ណាស់​ថា ​ការ​សិក្សា​ស្រប​តាម​កម្មវិធី​សិក្សា​មួយ​ណា​ឲ្យ​ជាក់​លាក់។​​ នៅ​ទី​នេះ ​យើង​មាន​​ការ​ញែក​រវាង​ក្មេង​​មាន​អាការ​កម្រិត​ស្រាល​​ដែល​​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​​​ យើង​ឲ្យ​គាត់​នៅ​មួយ​ក្រុម​​កុមារ​ដែល​មិន​មាន​ភាសា ​តែ​​អាច​ដើរ​មក​រក​យើង​​​ពេល​​យើង​ហៅ។ ​មួយ​ក្រុម​ទៀត ​កុមារ​​​មិន​មាន​ទំនាក់​​ទំនង​អ្វី​ទាំង​អស់​ ពេល​មក​​ដល់​សាលា​គាត់​ដើរ​ចុះ​ដើរ​ឡើង ​និង​​មិន​លេង​ជាមួយ​ក្មេង​ដទៃ​»។

លោកថា​៖ ​«​ខ្ញុំ​ខ្លួន​​ឯង​ពិត​ជា​សប្បាយ​ចិត្ត​នូវ​ពេល​ឪពុក​ម្តាយ​​និយាយ​មក​កាន់​ខ្ញុំ​ថា ​កូន​​គាត់​ប្លែក​ជាង​មុន​ ចេះ​សន្ទនា​ជាមួយ​គាត់​​បាន​ច្រើន​ជាង​មុន​ ចេះ​ដឹង​ក្រោក​ពី​ព្រឹក​រៀបចំ​ខ្លួន​មក​សាលា​​រៀន​​ ​ចេះ​និយាយ​​ថា​ Good bye ពេល​មក​សាលា​រៀន​ និង​ជម្រាប​សួរ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​​»​។

KCPS បង្រៀន​មួយ​វេន​មាន​តម្លៃ​ ២៥០ ​ដុល្លារ ​​ក្នុង​មួយ​ខែ និង​​ពេញ​ ​៤៥០ ​ដុល្លារ​​៕ ​