ភ្នំពេញៈ ដោយសង្កេតឃើញថាប្រជាជនខ្មែរជួបការលំបាកក្នុងការមានកូន ហើយគ្មានលទ្ធភាពទៅក្រៅប្រទេសស្វែងរកការព្យាបាលនោះ ទើបគ្លីនិក សុខ ទៀង សម្រេចចិត្តសរសេរជាសំណើទៅលោកស្រី Antonia V. Gilligan ជានាយក Alpha Environmental Inc រៀបរាប់អំពីស្ថានភាពរបស់ខ្មែរ ទើបលោកស្រីយល់ឃើញថា ប្រទេសខ្មែរទំាងមូលដែលមានប្រជាជនរហូតដល់១៥លាននាក់ គួរតែមានបន្ទប់ពិសោធប្រភេទនេះមួយ។
លោកស្រី Antonia V. Gilligan មានប្រសាសន៍ថា៖«សម្រាប់វិជ្ជាជីវៈបង្កកំណើតកូននៅខាងក្រៅ ស្បូននេះ គឺមិនមែនតែសម្រាប់ប្រទេសដែលជឿនលឿននោះទេ គឺត្រូវតែមានគ្រប់ទីកន្លែងលើពិភពលោក ដូច្នេះហើយបានជាខ្ញុំចាប់អារម្មណ៍មកចូលរួមបើក lab នេះឡើងនៅស្រុកខ្មែរនេះ ហើយ lab នេះគឺជា lab ទី២១ ដែលក្រុមហ៊ុនយើងបានបង្កើតឡើង»។

លក្ខណពិសេសរបស់បន្ទប់ពិសោធន៍នេះ គឺសាងសង់ឡើងក្នុងបន្ទប់ដែលមានសម្ពាធខ្យល់ខ្លាំងជាងខ្យល់ខាង ក្រៅ ដោយមានទ្វារពិសេសពីរទប់មិនឲ្យខ្យល់ខាងក្រៅចូលបាន។ សម្រាប់ជញ្ជាំងវិញគឺសង់ពីគ្រឿងសំណង់ពិសេសដែលមិនធ្វើឲ្យ ជញ្ជាំងលិចទឹកបានហើយវាមិនត្រឹមតែមិនលិចទេ គឺមិនបញ្ចេញសារធាតុពុលណាមួយដែលធ្វើឲ្យប៉ះពាល់ខូចកោសិកា កូនដែលកើតមកទៀត។ សម្រាប់សម្ភារប្រើប្រាស់នៅក្នុង lab នេះវិញគឺត្រូវតែរើសយ៉ាងពិសេស ហើយនៅពីលើដំបូលនៃ lab គឺមានប្រព័ន្ធខ្យល់សម្រាប់បន្សុទ្ធការពារមេរោគពីខ្យល់ពីខាង ក្រៅដូចជាផ្សែងពុលពីផ្សែងឡានពីលូអីជាដើម ហើយប្រព័ន្ធនេះវាមានតួនាទីចម្រោះដើម្បីឲ្យខ្យល់ហ្នឹងសុទ្ធ អត់មានជាតិពុលសោះ។
លោក ហោ សំណាង នាយកប្រតិបត្តិនៃគ្លីនិកសុខ ទៀង មានប្រសាសន៍ថា៖«lab នេះ តួនាទីសំខាន់របស់វាមិនត្រឹមតែជាឡាបូធ្វើការបង្កកំណើតក្រៅ ស្បូនសម្រាប់អ្នកដែលលំបាកមានកូននោះទេ គឺយើងមានម៉ាស៊ីនធ្វើការវះកាត់រោគស្រ្តីមួយចំនួនធំដែលបង្ក ឲ្យជួបការលំបាកក្នុងការមានកូនឧទាហរណ៍ដូចជាការស្ទះដៃស្បូន ជាដើម ហើយអ្វីដែលសំខាន់នោះយើងនឹងបណ្តុះបណ្តាលធនធានអ្នកឯកទេសដែល ចាប់អារម្មណ៍នៅលើវិស័យនេះនៅក្នុងស្រុកខ្មែរតែម្តង»។
លោកស្រី Antonia V. Gilligan បន្តទៀតថា៖ «ឡាបូបង្កកំណើតនេះ មិនត្រឹមតែជួយអ្នកលំបាកមានកូនដោយធម្មជាតិយកមកបង្កកំណើត ខាងក្រៅទេ តែឡាបូនេះថែមទាំងមានលទ្ធភាពមួយអាចឲ្យអ្នកឯកទេសរើសកោសិកា កូនណាដែលល្អ អត់មានជំងឺឆ្លង ដាក់ឲ្យម្តាយបង្កកំណើតទៀតផង»។
តាមគម្រោង បន្ទប់ពិសោធន៍នេះនឹងបញ្ចប់ការសាងសង់នៅ ពាក់កណ្តាល ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។
លោក ហោ សំណាង បានឲ្យដឹងថា៖ «សម្រាប់បន្ទប់ពិសោធន៍នេះ យើងមានសេវាដូចជាទី១ធ្វើការវិភាគមូលហេតុដែលបង្កឲ្យលំបាកក្នុង ការមានកូន។ ទី២ការបង្កកំណើតនៅក្រៅស្បូនរួចហើយ ទើបចាក់ចូលក្នុងស្បូនម្តាយវិញមានធុងសម្រាប់រក្សាពងមេជីវិតញី របស់ស្រ្តី។ ទី៣មានការប្រឹក្សាយោបល់ជាមួយឪពុកម្តាយដែលមានជំងឺឆ្លងពីគាត់ ទៅដល់កូន និងសេវាកម្មជាច្រើនទៀត»៕