ក្រុងហ្សាការតា៖ ស្ដ្រីឥណ្ឌូនេស៊ី មីណា វ៉ាទី ធ្លាប់បរិភោគបាយមិនលស់មួយពេល តែដោយសារបញ្ហាជំងឺទឹកនោមផ្អែមបានបង្ខំចិត្ដឲ្យស្ត្រីរូបនេះចូលរួមចលនាដ៏កំពុងពេញនិយម ដែលត្រូវបោះបង់អាហារមូលដ្ឋានចោលក្នុងប្រទេសទទួលទានបាយច្រើនបំផុតលំដាប់ទី ៣ ក្នុងពិភពលោក។
ខណៈទិវាទឹកនោមផ្អែមពិភពលោកទើបតែត្រូវបានប្រារព្ធឡើង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងពុះពារនឹងជំងឺដែលកើតលើមនុស្សប្រមាណ ២០ លាននាក់ ក្នុងចំណោមប្រជាជនសរុប ២៦០ លាននាក់ និងបានក្លាយជាមច្ចុរាជមហាប្រល័យមួយបន្ទាប់ពីដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
ប៉ុន្ដែការកាត់ទម្លាប់ញ៉ាំបាយមិនមែនជាកិច្ចការងាយស្រួលឡើយ ដោយម្ហូបចំណូលចិត្ដពលរដ្ឋឥណ្ឌូនេស៊ីគឺ ណាស៊ីហ្គូរ៉េង (បាយឆាចម្រុះ) ដែលត្រូវបានដាក់លក់គ្រប់កន្លែង។
អ្នកស្រី មីណាវ៉ាទី អាយុ ៣៤ ឆ្នាំ បាននិយាយថា៖ «នៅសប្ដាហ៍ទី ១ ដែលចាប់ផ្ដើមអត់ទទួលទានបាយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចត្រូវខ្មោចសន្ថិតអ៊ីចឹង។ ប៉ុន្ដែពេលនេះ តមបាន ៤ ខែទៅហើយ ខ្ញុំមិនអាចវិលទៅកាន់តុបាយវិញឡើយ»។
បញ្ហាស្មុគស្មាញចំពោះជំងឺទឹកនោមផ្អែម ដែលប៉ះពាល់ដល់មនុស្សប្រមាណ ៤២៥ លាននាក់ ទូទាំងសកលលោក អាចឈានដល់បញ្ហាជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្វាក់ភ្នែក និងបាត់បង់អវយវៈថែមទៀត។
អ្នកជំងឺភាគច្រើនទូទាំងពិភពលោក គឺជាបុគ្គលស្ថិតមានជីវភាពទាប និងមធ្យម ដូចជា ប្រទេស ឥណ្ឌូនេស៊ី ជាដើម។
បាយផ្ទុកសារធាតុសរសៃ (ហ្វៃប៊័រ) និងវីតាមីនចម្បងនានា។ ប៉ុន្ដែរបបអាហារអតុល្យភាព ដែលពឹងអាស្រ័យទាំងស្រុងលើគ្រាប់អង្ករ បានផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម និងប្រព័ន្ធប្រឆាំងជំងឺកំពុងកើនឡើង ដោយសារវាបានបង្កើនជាតិស្ករខ្ពស់។ នេះបើយោងតាមក្រុមអ្នកជំនាញ។
គោលនយោបាយឥណ្ឌូនេស៊ីបានយកអង្ករជាអាហារចម្បងដែលពលរដ្ឋក្នុងប្រជុំកោះលែងសូវទទួលទានទូលំទូលាយ។ ប្រជាជនឥណ្ឌូនេស៊ីបច្ចុប្បន្នទទួលទានបាយក្នុងអត្រាស្ទើរតែ ៣ ដង នៃអត្រាទូទាំងសកលលោក ដែលក្នុង ១ ឆ្នាំ ៥៣ គីឡូក្រាម។
ពេលនេះ ឥណ្ឌូនេស៊ីកំពុងព្យាយាមបញ្ច្រាសគោលនយោបាយអាយុកាលជាច្រើនទសវត្សរ៍ ដោយណែនាំពលរដ្ឋកាត់បន្ថយការទទួលទានបាយ តែក្រុមមន្ដ្រីទទួលស្គាល់ថា វិធានការនេះត្រូវការពេលជាច្រើនទសវត្សរ៍ទៀត។
Agung Hendriadi ប្រធានទីភ្នាក់ងារទ្រទ្រង់ស្បៀងអាហាររបស់ក្រសួងកសិកម្មបាននិយាយថា៖ «យើងកំពុងលើកទឹកចិត្ដដល់ពលរដ្ឋឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ដែលគិតថាបាយជាធនធានតែមួយគត់នៃសារធាតុអាបោនអ៊ីដ្រាត ព្រោះយើងនៅមានស្បៀងអាហារគោលជាច្រើនទៀត»។
ការលក់របបអាហារមិនមែនជាបាយដល់ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់ ប្រាកដជាកិច្ចការដ៏សែនលំបាក ទោះបីជាវាផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពក្រាស់ក្រែលយ៉ាងណាក៏ដោយ។
មេនត្រារី រ៉ាមេន ជាពលរដ្ឋលើកោះបាលី បាននិយាយថា៖ «ខ្ញុំព្យាយាមញ៉ាំម្ហូបម្ហាផ្សេងៗ មិនមែនជាបាយ ច្រើនលើកច្រើនសា តែខ្ញុំបរាជ័យ។ ជាតិជាឥណ្ឌូនេស៊ី អណ្ដាតរបស់ខ្ញុំមិនអាចអត់បាយបានឡើយ»៕ AFP/HR