
រូបតំណាង : ជំងឺរលាកទងសួតមានដំណាក់កាលដំបូងគឺអាការក្ដៅខ្លួន។ រូបថត AFP
ភ្នំពេញ: ចាប់ពីខែវិច្ឆិកាដល់ខែមីនាជាវេលាដែលទាំងមនុស្សចាស់ និងក្មេងអាចប្រឈមបញ្ហាផ្លូវដង្ហើមបណ្តាលមកពីជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំ។ ប៉ុន្តែក្មេងអាយុក្រោម ២ ឆ្នាំមិនត្រឹមតែងាយកើតជំងឺផ្តាសាយទេគឺអាចប្រឈមជំងឺរលាកទងសួតកុមារថែមទៀត។
ជំងឺផ្លូវដង្ហើមត្រូវបានបង្កឡើងដោយមេរោគមានឈ្មោះថា virus respiratoire syncytial (VRS)។ ជំងឺនេះអាចឆ្លងតាមរយៈការថើប ផ្លូវដង្ហើម ការប៉ះទឹកមាត់ និងសំបោរអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតជំនាញផ្នែករោគកុមារ និងទារកលោក ប៉ែន កក្កដា បានពន្យល់ពីជំងឺរលាកទងសួតថា៖ «ជំងឺនេះវាមាន ២ ដំណាក់កាល ហើយទី ១ វាមានរោគសញ្ញាដូចនឹងជំងឺផ្តាសាយដែរ ចំពោះការពិនិត្យវិញក៏មិនទាន់ឃើញមាន VRS ដែលអាចបង្កឲ្យកើតជំងឺរលាកទងសួតដែរ»។

លោក ប៉ែន កក្កដា វេជ្ជបណ្ឌិតជំនាញរោគកុមារ និងទារក។ រូបថត ហ្វេសប៊ុក
វេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យកុមារជាតិលោក ប៉ែន កក្កដា បានបង្ហាញពីរោគសញ្ញារបស់ជំងឺថា៖ «ដំណាក់កាលដំបូងកុមារគ្រាន់តែមានអាការដូចជាក្តៅខ្លួន ហៀរសំបោរ ហៀរទឹកមាត់ ក្អក តឹងច្រមុះ និងឈឺសន្លាក់សាច់ដុំ ជាស្ថានភាពទូទៅមិនមានអ្វីធ្ងន់ធ្ងរទេ ដែលឪពុកម្តាយ ឬសូម្បីតែពេទ្យក៏គិតថាជាជំងឺរលាកបំពង់កធម្មតា ប៉ុន្តែត្រូវរង់ចាំមើលអាការសិនមិនអាចសន្មតបានទេ»។
ចំពោះដំណាក់កាលទី ២ វិញលោកវេជ្ជបណ្ឌិតក៏បានបង្ហាញថា៖ «អាការបន្ទាប់កុមារចាប់ផ្តើមដង្ហក់ ក្អកខ្លាំង និងញឹកញាប់ជាងមុនជាពិសេសនៅពេលយប់ អស់កម្លាំង មិនសូវបរិភោគ ឬបៅទឹកដោះ និងសម្គាល់ថាកុមារមានសំឡេងស្រមុកនៅក្នុងសួត ហើយមួយទៀតមានស្នាមផឺតផតក្នុងទ្រូង»។
លោកគ្រូពេទ្យរូបនេះក៏បានបញ្ជាក់ដែរ បើសិនជាជំងឺរលាកទងសួតកុមារមានសភាពធ្ងន់ធ្ងរ កុមារអាចឡើងស្វាយបបូរមាត់ ឈប់ដកដង្ហើម ហើយប្តូរសម្បុរស្បែក និងស្លាក់ឈាមទៀតផង។ ប៉ុន្តែកុំបារម្ភអីក្នុងករណីនេះមិនមានច្រើនទេអាចថាក្មេង ១០០០ នាក់កើតឡើងលើក្មេងតែម្នាក់ទេ ប៉ុន្តែបើសិនជាឃើញថាកុមារហត់ខុសពីធម្មតា សូមប្រញាប់យកកុមារមកពិគ្រោះជាមួយពេទ្យជំនាញជាបន្ទាន់។
ចំណែកឯការព្យាបាលវេជ្ជបណ្ឌិត ប៉ែន កក្កដា បានបរិយាយថាព្យាបាលទៅតាមរោគសញ្ញា គ្រូពេទ្យអាចនឹងប្រើថ្នាំឆ្ពុង ដើម្បីកាត់បន្ថយការហត់ បន្ថែមជាតិទឹកដោយការដាក់សេរ៉ូមនៅពេលកុមារមិនអាចបរិភោគបាន។ លើសពីនេះគ្រូពេទ្យអាចធ្វើចលនាសួត ដើម្បីយកស្លេស្មចេញ ចំពោះកុមារមួយចំនួនមានសភាពធ្ងន់ធ្ងរត្រូវប្រឈមនឹងការសម្រាកនៅមន្ទីរពេទ្យក្នុងករណីគ្រូពេទ្យប្រើថ្នាំផ្សះ លុះត្រាតែគាត់សង្ស័យ ឬបូមឈាមបញ្ជាក់ថាមានឆ្លងបាក់តេរីបន្ថែមទៀត។
លោកវេជ្ជបណ្ឌិតបានណែនាំពីវិធីបង្ការជំងឺដែរថា៖ «វាដូចតែជំងឺទូទៅដែរ គ្រាន់តែរស់នៅស្អាតឲ្យកុមារញ៉ាំចំណីមានអនាម័យ ផឹកទឹកស្អាត និងកុំបណ្តោយឲ្យកុមារទៅលេងកន្លែងដែលកខ្វក់ទៅបានហើយ»៕