ក្រុង​ប៉េកាំង: ឱសថ​ទឹក​សម្រាប់​ចាក់​តាម​សរសៃ​នៅ​ប្រទេស​ចិន​ ដើម្បី​ពន្យារ​ការ​រីក​រាល​ដាល​នៃ​មេរោគ​ហ៊ីវ ត្រូវបាន​អនុម័ត​ឲ្យ​ប្រើ​ជា​សាធារណៈ​ដោយ​រដ្ឋបាល​ឱសថ​រដ្ឋ​។

ឱសថ​ឈ្មោះ Albuvirtide ជា​ថ្នាំ​ប្រឆាំង​មេរោគ​ហ៊ីវ​ដំបូង​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ទូរទស្សន៍​មជ្ឈឹម​ចិន​។

​ឱសថ​ថ្មី​នេះ​តំណាង​ឲ្យ​លទ្ធភាព​ព្យាបាល​ថ្មី​សម្រាប់​អ្នក​ជំងឺ​ផ្ទុក​មេរោគ​អេដស៍​ជា​ច្រើន​នៅ​ប្រទេស​ចិន ដែល​ពឹង​អាស្រ័យ​លើ​ថ្នាំ​នាំ​ចូល​។

ហ្សាវ ជៀនហ៊្សុង ជា​មន្ដ្រី​មក​ពី​មជ្ឈមណ្ឌល​ឱសថ​របស់​រដ្ឋបាល​ឱសថ​ចិន បាន​និយាយ​ថា​៖ «​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ ឬ​ជំងឺ​អេដស៍ ធ្លាប់​ប្រើ​ឱសថជា​ច្រើន​​គ្រាប់​​រៀង​រាល់​ថ្ងៃ តែ​ឱសថ​ទឹក​ថ្មី​នេះ​កាន់តែ​ទំនើប​ ពីព្រោះ​វា​អាច​ត្រូវ​បាន​ប្រើ​ប្រចាំ​សប្ដាហ៍​»។

លោក វ៉ាង តាវ ប្រធាន​មជ្ឈមណ្ឌល​ឱសថ​របស់​រដ្ឋបាល​ឱសថ​ចិន បាន​បន្ដ​ថា​៖ «​យើង​លើក​ទឹកចិត្ដ​ឲ្យ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ឱសថ​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ​ក្នុង​ស្រុក​ទាំង​អស់​ ហើយ​យើង​ក៏​កំពុង​ពន្លឿន​ការ​ណែនាំ​ឱសថ​នាំ​ចូលថ្មី​ៗ​​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ជំងឺ​អេដស៍​ផង​ដែរ​»៕ HR

ប្រភព http://en.people.cn/