សិច​គួរតែជា​សកម្មភាព​ដ៏​រីករាយ​ មិន​មែន​ជា​អ្វីដែល​បង្ក​ភាព​ស្មុគស្មាញ​ជាជាង​សេចក្ដី​ស្រណុក​ស្រួល​នោះទេ​។ ខាង​ក្រោម​នេះ​ជា​គន្លឺះ ៦ ​យ៉ាង​សម្រាប់​អ្នក ក៏ដូចជា​ដៃគូ​អាច​បង្កើន​គុណភាព​ជីវិត​សិច​ឱ្យ​ប្រសើរ​ឡើង​។

១. កាត់​បន្ថយ​បញ្ហា​ស្ដ្រេស

ស្ដ្រេស​អាច​ញាំញី​ដល់​ជីវិត​សិច​ដ៏​រីក​រាយ​របស់​អ្នក​ និង​ដៃគូ​។ ភាគី​ណា​ម្នាក់​ដែល​ជួប​បញ្ហា​ស្ដ្រេស​អាច​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​។

ជាក់ស្ដែង ការ​សិក្សា​ឆ្នាំ ​២០១៣ មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ of Sexual Medicine បាន​រក​ឃើញ​ថា ស្ដ្រី​កើត​រោគ​ស្ដ្រេស​បាន​កាត់​បន្ថយ​កម្រិត​ភាព​ស្រើប​ស្រាល​លើ​ប្រដាប់​ភេទ​។

បើ​អ្នក​សម្គាល់​ឃើញថា ខ្លួនឯង ឬ​ដៃគូ​កើត​រោគ​ស្ដ្រេស ចូរ​ជជែក​គ្នា​អំពី​បញ្ហា​ និង​រិះ​រក​វិធី​ដោះ​ស្រាយ​វា​។

វិធីដោះ​ស្រាយ​អាច​ជា​ការ​ធ្វើ​ដំណើរ សមាធិ ព្យាបាល​ ចលនារាងកាយ​ ដូចជា ការ​រាំ ឬ​សកម្មភាព​លំហាត់​ប្រាណ​ផ្សេង​ៗ រួមទាំង ការ​បត់​ខោ​អាវ​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត អ្នក​ខ្លះ​អាច​ប្រើ​ការ​រួម​ភេទ​ជា​វិធី​កម្ចាត់​ស្ដ្រេស​ថែមទៀត​។

២. រិះ​រក​ចំណុច​ស្រើ​ប​ស្រាល​នៃ​ចំណង់​ផ្លូវភេទ​

គ្រីស្ដេន ឡូហ្សាណូ ជា​អ្នក​ឯកទេស​ព្យាបាល​អាការ​ញៀន​សិច និង​អាពាហ៍ពិពាហ៍​គ្រួសារ បាន​ណែនាំ​ឱ្យ​អនុវត្ដ​ការ​ស្វែង​យល់​នូវ​អារម្មណ៍​ ការ​ចង់​សាក​ចង់​ដឹង និង​ការ​រិះ​រក​ពី​សមត្ថភាព និង​ចំណង់​ផ្លូវភេទ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ភាព​ស្និទ្ធិ​ស្នាល​ជាមួយ​ដៃគូ​។

ការ​រុក​រក​សមត្ថភាព​ផ្លូវភេទ​អាច​មាន​ន័យ​ថា​ជា​ការ​ដោះស្រាយ​​ពី​បញ្ហាអារម្មណ៍​មិន​ចូលចិត្ដ​​រាងកាយ​ ឬ​ស្វែង​រក​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ពេញ​ចិត្ដ។

បើ​មាន​អារម្មណ៍​ថា ​ស្រួល​ចិត្ដ​ហើយ ចូរ​ស្វែង​យល់​ពី​បញ្ហា​រាង​កាយ​ខ្លួន​ឯង និង​អារម្មណ៍​បែប​មេច​ដែល​អ្នក​ពេញចិត្ដ​តាម​រយៈ​ការ​ធ្វើ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​។

ពេល​អ្នក​មាន​អារម្មណ៍​កាន់តែ​ចូល​ចិត្ដ​ចំពោះ​ខ្លួន​ឯង​ និង​អ្វី​ដែល​អ្នក​ពេញ​ចិត្ដ​នឹង​ខ្លួន​ឯង វា​អាចងាយ​ស្រួល​ក្នុង​ការ​បង្ហាញ​ចំណង់​ផ្លូវភេទ​ទៅកាន់​ដៃគូ​។

៣. ព្យាយាម​ស្វែង​រក​អ្វី​ថ្មីៗ​

បើ​អ្នក​បាន​និង​កំពុង​តែរួមរស់​ជាមួយដៃគូ​រយៈ​ពេល​យូរ​ វា​កាន់តែ​ងាយ​សន្និដ្ឋាន​ថា អ្នក​បាន​ដឹង​អ្វី​ៗ​គ្រប់​យ៉ាង​ពី​ចំណូល​ចិត្ដ​សិច​របស់​ដៃគូ​។ ផ្ទុយ​ទៅវិញ ចូរ​សាក​សួរ​ដៃគូ​នូវ​សំណួរ​មួយ​ចំនួន ដូចជា តើ​បទពិសោធ​សិច​ដ៏​រំជើប​រំជួល​របស់ដៃគូ​ជាអ្វី? តើ​ពេល​ណា​ដៃគូ​អត់មាន​អារម្មណ៍​ស្រណុកស្រួល? ឬ​តើ​សកម្មភាព​អ្វី​ដែល​ដៃគូ​ចង់​ឱ្យ​ធ្វើ​?

ចូរ​ព្យាយាម​សាក​ល្បង​ក្បាច់​ថ្មីៗ ការ​នឹក​គិត​រវើ​រវាយ​ ឬ​ឧបករណ៍​សិច​ ដែល​អាច​រំញោច និង​ធ្វើ​ឱ្យ​ជីវិត​សិច​ប្រសើរ​ឡើង​។

អ្នកស្រី ស្ដេហ្វានី ហ្គឺរលិច អ្នក​សិច​វិទូ បាន​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​វិបសាយ​ ដែល​ផ្ដោត​លើ​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ​ជា​ពិសេស ដូចជា Mojo Upgrade និង​ធ្វើ​ការ​ប្រៀប​ធៀប​លទ្ធផល​ជាមួយ​ដៃគូ។

៤. ចាប់​ផ្ដើម​កម្ដៅសាច់ដុំ​មុន​ពេល​បើក​ឆាក​ប្រយុទ្ធ​

ការ​បបោស​អង្អែល​ អាច​មាន​ឥទ្ធិពល​លើស​ពី​ការ​ស្ទាប​លើ​រាង​កាយ​ ឬ​សកម្មភាព​សិច​ថែម​ទៀតផង​។ វិថី​ទៅកាន់​សិច​ដ៏​អស្ចារ្យ​ចាប់​ផ្ដើម​មុន​ពេល​លោក​អ្នក​ឡើង​លើ​គ្រែ​ទៅទៀត​។

ការ​បង្កើត​បរិយាកាស​សុវត្ថិភាព​សម្រាប់​ដៃគូ និង​ការ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ទឹកចិត្ដ​ប្រោស​ប្រណី នែបនិត្យ និង​គោរព​គ្នា បានក្លាយ​ជា​ចំណុច​ចាប់​ផ្ដើម​សម្រាប់​ទំនាក់ទំនង​ស៊ី​ជម្រៅ​ដ៏​មាន​អត្ថន័យ​អំឡុង​ពេល​រួមភេទ​។

៥. ចេះ​ប្រាស្រ័យ​ទាក់​ទង​គ្នា​

បើ​លោក​អ្នក​ចង់​សាក​ល្បង​អ្វីថ្មីៗ ឬ​​ផ្លាស់​ប្ដូរ​ជីវិត​សិច​របស់​ខ្លួន វា​តម្រូវ​ឱ្យ​បើក​ការ​ជជែក​ និង​សម្ដែង​ភាព​ស្មោះ​ត្រង់​ដាក់​គ្នា​។

ពេល​ជជែក​អំពី​សិច​ជាមួយ​ដៃគូ អ្នក​ជំនាញ ឡូហ្សាណូ បាន​និយាយ​ថា​ ចូរ​បង្កើត​គំនិត​ចង់​ចេះ​ចង់​ដឹង ការ​ប្រៀប​ធៀប​ និង​ភាព​ងាយ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ដ​ជា​និច្ច​។

ចូរ​ឱ្យ​ប្រាកដ​ថា ដៃគូ​របស់​អ្នក​បា​នដឹង​ថា គ្មាន​ការ​វាយ​តម្លៃ​លើ​រូបរាង ក៏​ដូចជា​ការ​ចែករំលែក​បទពិសោធ​ស្រណុក​ស្រួល​ជាមួយ​គ្នា​ទាំង​តម្រូវការ​សិច​ និង​ការ​កំណត់​ព្រំដែន​។

៦. ធ្វើ​ការ​បង្កើន​ចំណង់​ផ្លូវភេទ​

ចំណង់​ផ្លូវភេទ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ទៅតាម​បុគ្គល​នីមួយៗ​ ដែល​នេះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ចំពោះ​គូស្នេហ៍​ក្នុងការ​ស្វែង​រក​តុល្យភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​។

នោះ​ជាមូលហេតុ​ដែល កាមីល ឡេវីស ជា​អ្នក​ឯកទេស​ខាង​ផ្លូវ​ភេទ និង​ទំនាក់​ទំនង​ស្នេហា បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​រៀប​ផែនការ​សិច និង​ផ្ដល់​អាទិភាព​ដល់​ទម្លាប់​សិច​។

នេះ​អាច​មាន​ន័យ​ថា ដៃគូ​ម្នាក់​អាច​មាន​ចំណង់​ផ្លូវភេទ​ច្រើន​ជាង ឬ​តិច​ជាង​ភាគី​ម្ខាង​ទៀត​ តែ​ត្រូវ​ចេះ​សម្រប​សម្រួល​នូវ​តម្រូវ​ការ​ឱ្យ​គ្នា។

វា​ពិត​ជា​សំខាន់​ដែល​ត្រូវ​គិត​ក្នុង​ចិត្ដ​ថា ការ​សម្រប​សម្រួលគ្នា​តែងតែ​ជា​កត្ដា​ចាំ​បាច់​ដើម្បី​ផ្សារ​ភ្ជាប់​ជីវិត​ផ្លូវភេទ​។ បើ​លោក​អ្នក​មិន​ចង់​រួម​ភេទ​ កុំ​ប្រព្រឹត្ដិ​ ហើយ​កុំ​បង្ខំ​ដៃ​គូ​ឱ្យរួមភេទ​ លុះត្រាតែ​ដៃគូ​នោះ​មាន​ឆន្ទះ​ចង់​ឡើង​គ្រែ​ផង​ដែរ៕