ក្រុងហ្សឺណែវ: អង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ «ឥរិយាបថសិចដែលមិនអាចគ្រប់គ្រងបាន» ជាជំងឺផ្លូវចិត្ដ តែអង្គការនេះមិនច្បាស់ថា ដំណើរការញៀនសិច ដូចគ្នាទៅនឹងការញៀនល្បែងស៊ីសង ឬគ្រឿងញៀននោះទេ។
ភាពស្រពេចស្រពិលចំពោះការប្រើប្រាស់ពាក្យពេចន៍ «ញៀនសិច» នៅតែបន្ដរាប់ទសវត្សរ៍ តែក្រុមអ្នកជំនាញមិនទាន់ឯកភាពថា តើវាគឺជាបញ្ហាផ្លូវចិត្ត ឬជាបញ្ហាយ៉ាងណានោះទេ។
ទោះបីជា WHO មិនទទួលស្គាល់ ការញៀន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ក្ដី ក៏អង្គការនេះបានទទួលស្គាល់នូវបញ្ហាញៀនហ្គេម ញៀនល្បែង និងញៀនថ្នាំកូកាអ៊ីន។
ក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតពីប្រភេទជំងឺ និងរបួសនៅជុំវិញពិភពលោក WHO ឈានទៅរកការចុះបញ្ជីផ្លូវច្បាប់ទទួលស្គាល់ ឥរិយាបថសិចដែលមិនអាចគ្រប់គ្រងបាន ឬ CSBD ថា ជាជំងឺផ្លូវចិត្ត។
អ្នកជំនាញលោក ចច ហ្រ្វី រីដ ប្រាប់ទីភ្នាក់ងារ AFP ថា៖ «បើនិយាយឲ្យស្រួលស្ដាប់ទៅ យើងមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់ដែលថា ដំណើរការញៀនសិចនេះ ដូចនឹងការញៀនគ្រឿងស្រវឹង និងញៀនថ្នាំនោះទេ»។
ការធ្វើបច្ចុប្បន្នភាពនៃចំណាត់ថ្នាក់ជំងឺជាអន្តរជាតិ (ICD) ដែលបានចុះផ្សាយកាលពីខែមុន អង្គការ WHO បានលើកឡើងថា ឥរិយាបថសិចមិនអាចគ្រប់គ្រងបាន អាចត្រូវបានសម្គាល់ដោយការមិនអាចគ្រប់គ្រងផ្ទួនៗនូវចំណង់ សម្រើបតណ្ហា ហើយបង្កជាទុក្ខព្រួយ និងអារម្មណ៍ខូចចិត្ត។
ពុំទាន់មានតួលេខច្បាស់ពីចំនួនមនុស្សរងទុក្ខដោយសារឥរិយាបថសិច ដែលមិនអាចគ្រប់គ្រងបាននោះទេ ប៉ុន្តែអ្នកជំនាញ WHO ជឿថា ការដាក់ចំណាត់ថ្នាក់ថ្មីនឹងជំរុញឲ្យមានការស្រាវជ្រាវអំពីស្ថានភាព និងអត្រាប្រឈមនៃអ្នកញៀនសិច ក៏ដូចជាកំណត់នូវការព្យាបាលដ៏មានប្រសិទ្ធភាព។
មនុស្សទាំងឡាយអាចនឹងដឹងថា ពួកគេពិតជាមានបញ្ហានេះដើម្បីជំរុញឲ្យពួកគេស្វែងរកជំនួយ និង ការព្យាបាល៕