
CDC អនុម័តគម្រោងវិនិយោគ ១១ ដែលអាចបង្កើតការងារបាន ១២ ៧១០កន្លែង។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន៩ និង ២ នៅក្នុងផលិតកម្មសម្ភារការិយាល័យ និងគ្រឿងសង្ហារិម ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ និងបង្កើតការងារ ១២ ៧១០កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យវិនិយោគ។ នេះបើយោងតាម CDC។
សេចក្តីប្រកាសព័ត៌មាននៅលើបណ្តាញសង្គមផ្លូវការរបស់ CDC កាលពីថ្ងៃទី៧ ខែកុម្ភៈ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគឱ្យក្រុមហ៊ុនសរុបចំនួន ១១ ដែលរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ របស់ក្រុមហ៊ុន Tiens Textile (Cambodia) Co., Ltd ស្ថិតនៅផ្លូវជាតិលេខ៤១ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៦,៤លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន All Win Shoes (Cambodia) Co., Ltdនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៦,៤លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស់ និងអៀម របស់ក្រុមហ៊ុន Precision Garment & Bag Industries Co., Ltdនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,៨លានដុល្លារ, និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Jungkwang Evergreen Garment Co., Ltdនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,៥លានដុល្លារ។
បន្ថែមលើនេះ CDC ក៏បានអនុម័តឱ្យគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Funday Garment Co., Ltdស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៥,៥លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ Hanwangda Bags (Cambodia) Co., Ltd នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,៤លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន Everich Outdoor Products (Cambodia) Co., Ltd” នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,២លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន Bright Lucky Enterprise (Cambodia) Co., Ltd នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ៥,១លានដុល្លារ។
ដោយឡែកគម្រោងវិនិយោគចំនួន ៣ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក៏ត្រូវបាន CDC អនុម័តឱ្យវិនិយោគផងដែរ រួមមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងផ្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហធាតុ របស់ក្រុមហ៊ុន Ontime Industrial Co., Ltdដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគ ៩លានដុល្លារ,គម្រោងបង្កើតរោងចក្រផលិតសម្ភារការិយាល័យ (ក្រូណូដាក់ឯកសារ) របស់ក្រុមហ៊ុន Three-Color Stone Stationery (Cambodia) Co., Ltdនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទុនវិនិយោគ ៣លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផលិតសម្ភារកីឡាធ្វើពីស្បែក និងក្រណាត់ របស់ក្រុមហ៊ុន Hestra (Cambodia) Co., Ltd.ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦០០ពាន់ដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី៨ ខែកុម្ភៈថា ទោះបីស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកកំពុងបន្តរងផលប៉ះពាល់ពីវិបត្តិជាច្រើនដូចជា ការអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយ និងទីផ្សាររបស់ប្រទេសធំៗ ក៏ចំនួនក្រុមហ៊ុនដែលចូលមកវិនិយោគនៅកម្ពុជានៅតែកើនឡើងជាបន្តបន្ទាប់។ មូលហេតុដែលធ្វើឱ្យកម្ពុជានៅតែអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន គឺច្បាប់វិនិយោគថ្មីមានលក្ខណៈអំណោយផល, សម្បូរកម្លាំងពលកម្មជំនាញ និងមានតម្លៃសមរម្យ, មានប្រព័ន្ធដឹកជញ្ជូនល្អប្រសើរ, និងជាពិសេសកម្ពុជាមានទីផ្សារទទួលទិញទំនិញច្រើន និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅទីផ្សារប្រទេសធំៗទៀតផង។
លោកបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខា និងចូលជាធរមានរួចមកហើយដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសមួយចំនួនដូចជា អេមីរ៉ាតអារ៉ាប់រួម នឹងជួយឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀតឱ្យចូលមកបណ្តាក់ទុន។
លោកថ្លែងថា៖«កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ល្អក្នុងការទាក់ទាញឱ្យអ្នកវិនិយោគមកបណ្តាក់ទុន ខណៈទីផ្សារនាំចេញមានកាន់តែច្រើន ហើយគុណភាពទំនិញកម្ពុជាក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើនផងដែរ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកតែ តាំងប៉ បាននិយាយថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនបន្ថែមទៀត ប្រសិនបើតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។ គ្រប់ចង្វាក់ផលិតកម្ម គឺសុទ្ធតែត្រូវការប្រើប្រាស់ថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនេះនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។
លោកថ្លែងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប វិនិយោគគិននឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
ការព្យាករចុងក្រោយបំផុតរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦ ភាគរយ ធ្លាក់ចុះពី ៦,៦ ភាគរយនៃការព្យាករកាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយសារតែភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកលដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយពេលការឆ្លងរាលដាលជំងឺកូវីដ ១៩៕