ប្រធាន​ធនាគារ​កណ្តាល​ថៃ បាន​និយាយ​នៅ​ថ្ងៃសុក្រ​ ទី ១៦ ​ធ្នូនេះថា​ សេដ្ឋកិច្ច​របស់​ថៃ​បន្ត​ងើបឡើង​មកវិញ​ ប៉ុន្តែ​នៅ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ទៀត​។ ក្នុង​កាលៈទេសៈ​នេះ​ ថៃ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាព​ជាច្រើន​ដើម្បី​ធានា​បាន​នូវ​ការស្ទុះ​ងើប​ឡើងវិញ​ជា​បន្ត​ទៀត​។

ការដំឡើង​អត្រា​ការប្រាក់​បន្ថែម​ទៀត​ នឹង​ត្រូវ​ពិចារណា​ជា​បណ្តើរៗ​ ក៏ប៉ុន្តែ​ធនាគារ​កណ្តាល​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប​ប្រសិនបើ​ចាំបាច់​។ នេះ​បើតាម​ទេសា​ភិបាល​​ធនាគារ​ថៃ លោក ​សត្ថាពុទ្ធ​ ស៊ូធី​វ៉ាតនរុពុទ្ធ​ (Sethaput Suthiwartnaruput) និយាយ​ នៅ​ក្នុង​សិក្ខាសាលា​អាជីវកម្ម​តាម​អនឡាញ​មួយ។

លោក​ សត្ថាពុទ្ធ​ បាន​លើក​ឡើង​ទៀត​ថា​ ការដំឡើង​អត្រា​ការប្រាក់​ខ្លាំង​ពេក​គឺ​មិន​សមស្រប​ទេ ព្រោះតែ​សេដ្ឋកិច្ច​នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការងើប​ឡើង​វិញ ហើយ​អតិផរណា​ដែល​រុញ​ច្រាន​ដោយ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ កំពុង​មាន​ភាព​ធូរ​ស្រាល​។

ធនាគារ​កណ្តាល​ បាន​ព្យាករ​ថា​សេដ្ឋកិច្ច​ថៃ​នឹង​កើន​ឡើង​ ៣,២ %​ នៅ​ឆ្នាំ២០២២​នេះ​ និង​ ៣,៧ % នៅ​ឆ្នាំ​ក្រោយ ​ហើយ​ទេសចរណ៍​ និង​ការចំណាយ​របស់​ប្រជាជន គឺ​ជាកត្តា​ជំរុញ​ដ៏សំខាន់​នៃ​សេដ្ឋកិច្ច​របស់​​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

លោក​ សត្ថាពុទ្ធ​ បាន​ឱ្យ​ដឹង​ដែរ​ថា បំណុល​ទិញ​អចលន​ទ្រព្យ​ច្រើន​ អាច​រំខាន​ដល់​សេដ្ឋកិច្ច​ ហើយ​ចាំបាច់​ត្រូវ​ទម្លាក់​ទៅ​កាន់​កម្រិត​ដែល​ប្រកប​ដោយ​និរន្តរ​ភាព​។

គួរ​ជ្រាប​ថា​ ធនាគារ​ថៃបាន​ដំឡើង​អត្រា​ការប្រាក់​ ០,៧៥%​ ចាប់​តាំងពី​ខែ​សីហា​។ ​វិធានការ​នេះ មិន​ធ្ងន់ធ្ងរ​ខ្លាំង​ឡើយ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ដោយសារ​ការស្ទុះ​ងើប​ឡើង​វិញ​នៃ​​សេដ្ឋកិច្ច​របស់​ថៃ មាន​ភាព​យឺតយ៉ាវ​ជាង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ដោយសារ​ទេសចរណ៍​ដែល​ជាវិស័យ​គន្លឹះ​របស់​សេដ្ឋកិច្ច​ថៃ ទើបតែ​ចាប់ផ្តើម​កើន​ឡើង​វិញ​នៅ​ឆ្នាំ ២០២២ ​នេះ៕​